ព័ត៌មានជាតិ

ជនសង្ស័យ៨នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅកាន់តុលាការ

សៀមរាប: ជនសង្ស័យ៨នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ច ជំនាញឃាត់ខ្លួន បានបន្ដបន្ទាប់ បញ្ជូនខ្លួន ទៅកាន់តុលាការ និងមណ្ឌលកែប្រែ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ។

សមត្ថកិច្ចបានលើកឡើងថា ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀន នៅម៉ោង១២យប់ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ជ្រាវ បានចុះធ្វើសកម្មភាព បង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។

លោកវរ:សេនីយ៍ទោ អ៊ុ សាអាត នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ១ឈ្មោះ ហ៊ុន ហេង អាយុ២១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទី២ ឈ្មោះ ណៃ ណេ អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង និងទី៣ ឈ្មោះ តាន់តុង ១៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទ បាគង។ ក្រោយពីការសាកសួររួច ជនសង្ស័យទាំង៣នាក់ ត្រូវកសាងសំណុំរឿង រួមនឹងឧបករណ៍ វេចខ្ចប់នៅសាធាតុញៀនបញ្ជូន ទៅកាន់ តុលាការ នាព្រឹកថ្ងៃទី២៩ ខែសីហា នេះ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចក៏ បានបង្ក្រាបករណីប្រើប្រាស់ គ្រឿងញៀន នៅចំណុច ភូមិវត្តដំណាក់សង្កាត់ សាលាកម្រើក ក្រុងសៀមរាប និងឃាត់បានជនសង្ស័យ៥នាក់ និងវត្ថុតាងសម្រាប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួន ហើយបញ្ជូនទៅកាន់ មណ្ឌលកែប្រែផងដែរ ៕

បញ្ជូន​ជនសង្ស័យ​៨​នាក់​ ពាក់ព័ន្ធ​ជួញដូរ (2)

បញ្ជូន​ជនសង្ស័យ​៨​នាក់​ ពាក់ព័ន្ធ​ជួញដូរ (1)

មតិយោបល់