ភ្នំពេញៈ ជាការឆ្លើយយតបចំពោះសន្ទុះនៃការអភិវឌ្ឍន៍របស់ខ្លួន មន្ទីរពេទ្យកាលម៉ែតបានហការជាមួយភាគីជប៉ុន ដើម្បីរៀបចំសិក្ខាសាលាស្តីពី(ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្ត្រី) ដែលមានទាំងទ្រឹស្តី និងការអនុវត្តបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យNagoya ប្រទេសជប៉ុនជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗជាច្រើន និងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យក្រុមគ្រូពេទ្យយើងកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពសម្រាប់មន្ទីរពេទ្យកាលម៉ែតក៏ដូចជាសម្រាបមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជណាចក្រកម្ពុជា។
លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី” កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ រវាងមន្ទីរពេទ្យកាល់ម៉ែតជាមួយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុនក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋជាមួយគ្នានោះដែរ លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី” ដែលបានសហការរៀបចំឡើង ដោយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែតនៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើការបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី ការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះចាប់តាំងពីមុនកំណើត និងក្រោយពេលប្រសូត្របុត្របន្តទៀត និងតាមដានមើលថែទាំពីការលូតលាស់ទារករហូតដ៏ធំពេញវ័យ។
ចំណែកខ្លឹមសារមួយខាន់ទៀតនោះ គឺការព្យាបាលជំងឺមហារីករោគស្រី្តដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀត សម្រាប់មន្ទីរពេទ្យកាល់ម៉ែត និងក្រសួងសុខាភិបាលនៃប្រទេសទាំង២កម្ពុជា-ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺ ដែលមកទទួលយកសេវាថែទាំព្យាបាលទាក់ទងនិងជំនាញនេះ។
លោកសាស្រ្តាចារ្យបានបន្តទៀតថា ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជ្រើសរើសដែលស្របគ្នាទៅនឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាពនាពេលបច្ចុប្បន្ន ដែលប្រទេសទាំង២កំពុងប្រឈមមុខការពារ ការត្រួតពិនិត្យ និងការព្យាបាលជំងឺដោយកម្រិតបច្ចេកទេសជំនាញកាន់តែទំនើបឈានទៅមុខនៅក្នុងប្រព័ន្ធនៃការគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី។
ពិសេសជាងនេះទៅទៀត បច្ចេកទេសជំនាញនៃការបណ្ដុះបណ្ដាលអាចជួយឲ្យយើងរកឃើញនូវជំងឺមហារីករោគស្រ្តីជំងឺមហារីកស្បូនរួមទាំងការថែទាំស្រ្តីមានផ្ទៃពោះព្រោះសព្វថ្ងៃនេះជំងឺមហារីកកំពុងតែដើរតួជួរមុខគេនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលក្រសួងសុខាភិបាលកំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះនិងព្យាបាលជំងឺមហារីករោគស្រ្តីអាចកាត់បន្ថយនូវអត្រាមរណៈនិងជាការបង្ការជំងឺប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តទៀតថា ដោយសារតែវិទ្យាសាស្ត្រកាន់តែរីកចំរើន ហើយការផលិតឧបករណ៍កាន់តែទំនើបៗដែលទាមទារឲ្យវេជ្ជបណ្ឌិតទាំងឡាយត្រូវអភិវឌ្ឍបន្ថែមទាំងចំណេះដឹងនិងបច្ចេកវិទ្យាថ្មី ដើម្បីដើរទាន់ការរីកចម្រើននៃសាកលលោក។សិក្ខាសាលាដ៏មានសារសំខាន់នេះមានតួនាទីជាវេទិកាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២.ដែលនឹងនាំឲ្យមានការកែលម្អនៅក្នុងប្រព័ន្ធគ្រប់គ្រងនិងការព្យាបាលនៅផ្នែកសម្ភពនិងរោគស្រ្តីតាមបែបវិទ្យាសាស្រ្តនៃការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះនិងការព្យាបាលជំងឺមហារីករោគស្រ្តី ដើម្បីផ្លាស់ប្តូរនៅក្នុងចំណោមគ្រូពេទ្យឯកទេសកម្ពុជានិងជប៉ុន។
លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា សិក្ខាសាលានេះ នឹងបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសបទពិសោធន៍ថ្មីៗព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសជាទន់មួយដែលមានតម្លៃធំធេងជួយដល់វិស័យសុខុមាលភាពនៅកម្ពុជាពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ក្នុងការពិនិត្យព្យាបាលជំងឺប្រកបដោយគុណខ្ពស់៕
មតិយោបល់