ក្រុមសិល្បករ សិល្បការិនីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បប្រមាណ២៣២នាក់ និងក្រុមតន្ត្រីរបស់ក្រសួងទេសចណ៍បានមកជួបជុំគ្នាហាត់សមនៅកោះពេជ្រ កាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ដើម្បីត្រៀមលក្ខណៈចូលរួមសម្តែងក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងបុណ្យសមុទ្រឆ្នេរខ្សាច់អូរឈើទាល ខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជាដែលបានចូល សមាជិកក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើសកលលោក និងបង្កលក្ខណៈសប្បាយរីករាយ លំហែកាយកម្សាន្តដល់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
លោកថោង ខុន បានបញ្ជាក់ឲ្យដឹងថា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថា នៅក្នុងកម្មវិធីបុណ្យនេះមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័ននូវការសម្តែងសិល្បៈ ការប្រគុំតន្ត្រីចម្រៀង ការសំដែងសិល្បរបាំរបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី, ការបង្ហាញម៉ូដសំលៀកបំពាក់, ការសំដែងប្រវត្តិអ្នកតស៊ូពីជំនាន់មុនៗ ដូចជាប្រវត្តិលោកយាយម៉ៅ, ការកូរសមុទ្រទឹកដោះ និងជីវៈចម្រុះក្នុងសមុទ្រ, ការបាញ់កាំជ្រូច, លេងកីឡាលើទឹក និងកីឡាលើឆ្នេរ, ការរៀបចំមហោស្រពម្ហូបអាហារស្រាភេសជ្ជៈ និងការបង្ហាញគម្រោងទេសចរណ៍តំបន់ឆ្នេរ និងកោះនានាដែលមានស្តង់បង្ហាញម្ហូបអាហារសរុប១១៩ ស្តង់មាន២៩ក្រុមហ៊ុនចូលរួម។ ពិធីបុណ្យមានការអញ្ជើញ ជា អធិបតីពីលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។
លោកបន្ដថា មូលហេតុនាំឲ្យយើងរៀបចំពិធីដ៏ធំនេះឡើងនៅឆ្នេរខ្សាច់អូរឈើទាល ក្រុងព្រះសីហនុ គឺចង់បង្ហាញអំពីវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់ដែលខ្មែរយើងបានរក្សាទុកតាំងពីជំនាន់ដើម រហូតមកដល់កូនចៅជំនាន់ក្រោយឲ្យចេះជួយថែរក្សា និងចូលរួមរក្សា ទាំងអស់គ្នានូវកេរដំណែលដ៏មានតម្លៃ និងមិនអាចកាត់ផ្លៃបាន ដែលបច្ចុប្បន្នភ្ញៀវជាតិ និងអន្ដរជាតិកំពុងចាប់អារម្មណ៍មកទស្សនាកំសាន្ដនៅរមណីយដ្ឋាននានា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប ជាក់ស្ដែងដូចជារមណីយដ្ឋានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតអូរឈើទាល និងឆ្នេរនៅជាប់បណ្ដោយនៃទឹកដីព្រះជាណាចក្រកម្ពុជា ៕

មតិយោបល់