បាត់ដំបងៈ កុមារីម្នាក់មានអាយុ៥ឆ្នាំ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមកណ្តាលទ្រូងផ្លូវ ខណៈកុមារីរូបនេះ បានរត់ឆ្លងផ្លូវ ដើម្បីវិលត្រឡប់ទៅរកផ្ទះរបស់ខ្លួនវិញ គាប់ជូនត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យប៉ើងពីរថយន្តប្រមាណ៦ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-6182 បើកបរយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានកុមារីម្នាក់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ បានរត់ឆ្លងផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តនោះបុកចំពាក់កណ្តាលទ្រូងផ្លូវតែម្តង បណ្ដាលឲ្យកុមារីប៉ើងចម្ងាយប្រមាណ៦ម៉ែត្រ ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។
បន្ទាប់ពីហេតុការណ៍រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់តែសពកុមារីដេកស្លាប់នៅក្នុងថ្លុកឈាម ព្រមទាំងឮ សម្រែកទ្រហ៊ោយំបោកខ្លួនពីសំណាក់ជីដូនរបស់កុមារីនោះផង ព្រោះឪពុកម្តាយរបស់កុមារីមិនបាននៅក្នុងមូលដ្ឋាននោះឡើយ ដោយសារតែបញ្ហាជីវភាព ទើបជំរុញឲ្យគេទាំងពីរនាក់ ចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃ។
ក្រោយមកដោយមានការសហការពីសមត្ថកិច្ចមូលដ្ឋាន ទើបឈានដល់ឃាត់រថយន្តបង្កខាងលើ។ ក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យលើរថយន្តបានឃើញឯកសារជាប់ពាក់ព័ន្ធម្ចាស់ឈ្មោះ គឹម ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
https://youtu.be/2KgWOf3qwJU
មតិយោបល់