ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ៤នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចក្នុងបុរីរិទ្ធ ផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ស បានជិះទៅឈប់មុខបុរីរិទ្ធ បំណងចូលទៅលួចទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយម្នាក់នៅអង្គុយចាំមើលផ្លូវ ចំណែកឯម្នាក់ទៀតបានចូលទៅធ្វើសកម្មភាពលួច ភ្លាមៗនោះ ក៏ត្រូវបានកម្លាំសមត្ថកិច្ចល្បាតខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់បានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង២នាក់បានប្រាប់ថា មុនដំបូងឈ្មោះ មាន សុផានិត បានចូលទៅក្លឹប ប្លូឡាញ លុះដល់ម៉ោងប្រហែលជា២យប់ ក៏បានចេញពីក្លឹបជិះម៉ូតូទៅយកឈ្មោះ រាជ នៅម្តុំវត្តនាគវ័ន្ត ដើម្បីចេញទៅធ្វើសកម្មភាពលួច នៅពេលដែលបានជួបឈ្មោះ រាជ រួចមក រូបគេក៏បានឌុបចេញទៅធ្វើសកម្មភាព លុះពេលជិះដល់បុរីរិទ្ធ រូបគេបានឈប់ម៉ូតូនៅមុខបុរីរិទ្ធ ដើម្បីឲ្យឈ្មោះ រាជ ចាំមើលផ្លូវ ហើយរូបគេជាអ្នកដើរចូលក្នុងបុរីធ្វើសកម្មភាពលួច ពេលនោះ ក៏បានជួបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្តង។
លោក តូច គឹមសុង បានបន្តទៀតថា ជនសង្ស័យទី១.ឈ្មោះ មាន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (បានឃាត់ខ្លួន) និងទី២.ឈ្មោះ សាន រាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតម៉ូតូ មួយគ្រឿង ម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BD-6600 និងកន្ត្រៃងមួយ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ មាន សុផានិត គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ២លើកមកហើយ ដោយលើកទី១ ជាប់ពន្ធនាគាររយៈពេល៥ខែ ពីបទលួចក្នុងឆ្នាំ២០១២ និងលើកទី២ ជាប់នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៤ ហើយដោះលែងវិញនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ពីបទឆក់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់៕
មតិយោបល់