ការប្រកួតកីឡា Hockey ប្រចាំឆ្នាំ ២០១២ ជាលក្ខណៈមិត្តភាពអន្តរជាតិបានចាប់ផ្ដើមពីថ្ងៃទី១៨ ដល់១៩ កុម្ភៈ ឆ្នាំ២០១២ នៅទីលានវៀតកាំក្នុងខណ្ឌដង្កោរាជធានីភ្នំពេញដោយមានប្រទេសចំនួន ៤ ចូលរួមប្រកួត។
ប្រទេសទាំង ៤ នោះ គឺកម្ពុជា ថៃ ជប៉ុន និង អង់គ្លេស ហើយការប្រកួតនេះមានលក្ខណៈបំផុសដើម្បីឲ្យមានការចូលរួមច្រើននៃ ជនកម្ពុជា ក្នុងខណៈដែលប្រភេទកីឡារបស់អូឡាំពិកមួយនេះមិនមានសកម្មភាពច្រើននៅកម្ពុជានោះ។
លោក វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលកាន់កាប់សហព័ន្ធ កីឡានេះ បានមានប្រសាសន៍ឲ្យដឹងថា ជាលើកទី១ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាHockey នេះ ក្រោយពីកីឡានេះបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ។ លោកបានបញ្ជាក់ថា ប្រទេសទាំង ៤ ដែលមកចូលរួមប្រកួតនោះ គឺ ថៃ ជប៉ុន អង់គ្លេស និងកម្ពុជាជាម្ចាស់ផ្ទះ ហើយការប្រកួតនេះមានលក្ខណៈជាការផ្លាស់ប្ដូរបទពិសោធន៍បំផុសដើម្បីឲ្យមានការចូលរួមច្រើននៃប្រជាជនកម្ពុជាក្នុងខណៈដែលប្រភេទកីឡា របស់អូឡាំពិកមួយនេះមិនមានសកម្មភាពច្រើននៅកម្ពុជានោះ។ លោកចំរើននិយាយថា មិនត្រឹមតែប្រកួតដើម្បីផ្លាស់ប្ដូរបទពិសោធន៍មួយមុខនោះទេ ការប្រកួតនេះមានគោលបំណងដើម្បីធ្វើការទំនាក់ទំនងល្អ ជួយគ្នាទៅវិញទៅមកក្នុងរង្វង់អ្នកលេងកីឡាHockey នេះ ។
លោកកាំង សុធា ដែលជាអនុប្រធានសហព័ន្ធនោះបានប្រាប់ឲ្យដឹងថា ការប្រកួតធ្វើតាមរូបមន្តវិលជុំ និងមានពីរជុំ ក្នុងមួយជុំមាន ៦ប្រកួត។ លោកបានបន្តទៀតថា ការប្រកួតកីឡា Hockey សំខាន់មិនគិតយកឈ្នះចាញ់ទេ គឺប្រកួតដើម្បីមិត្តភាពតែប៉ុណ្ណោះ។
ការប្រកួតនៅជុំៈ កម្ពុជាលេងស្មើជប៉ុន ៤ ទល់ ៤ ថៃ ឈ្នះអង់គ្លេស ៩ ទល់ ២ កម្ពុជា ចាញ់ អង់គ្លេស ៥ ទល់ ៦ ថៃ ឈ្នះ ជប៉ុន ៧ ទល់ ៤ ថៃ ឈ្នះកម្ពុជា ៥ ទល់ ១ និងជប៉ុន ឈ្នះអង់គ្លេស ៩ទល់ ១។
ការប្រកួតនៅជុំៈ កម្ពុជា ចាញ់ ជប៉ុន ២ ទល់ ៥ ថៃ ឈ្នះអង់គ្លេស ៩ ទល់ ៥ កម្ពុជា ឈ្នះអង់គ្លេស ៣ ទល់ ២ អង់គ្លេសស្មើជប៉ុន ៤ ទល់ ៤ ថៃឈ្នះជប៉ុន ៤ ទល់ ៣ និង ចុងក្រោយ ថៃឈ្នះកម្ពុជា ៧ ទល់ ៤។
ចំណាត់ថ្នាក់លេខ ១ បានទៅក្រុមមកពីថៃ លេខ ២ បានទៅក្រុមមកពីជប៉ុន ចំណាត់ថ្នាក់លេខ ៣ បានទៅកម្ពុជា និង ចំណាត់លេខ ៤បានទៅក្រុមអង់គ្លេស៕ដោយៈ ឈាមត្រជាក់
មតិយោបល់