ព័ត៌មានជាតិ

ក្អែលជាប់បេះដូង

សួស្តី​គេហទំព័រ ដំណឹង ជាទីមេត្រី ដែល​ជា​គេហទំព័រ ដែល​ក្មួយចូលចិត្តតាមដាន​ជារៀង​រាល់ថ្ងៃ មិនដែល​រំលងមួយថ្ងៃណាឡើយ ។

នាងខ្ញុំឈ្មោះ សាន សុធារី ជានិស្សិតសិក្សាផ្នែក ធនាគារ នៅ សាកលវិទ្យាល័យ​មួយ​​ក្នុងក្រុង​ភ្នំពេញ សូមឲ្យ​គេហំព័រ ដំណឹង ជួយចែករំលែក ក៏ដូចជា​ដោះ​ស្រាយ​នូវ​វិបត្តិ​ខ្លះៗដែលរុំព័ទ្ឋក្នុងទង​បេះ​ដូងកបស្ទើរ​ក្លាយជាស្នឹមទៅ​ហើយ ដែល​ពេល​ខ្លះ​ស្ទើរតែ​ហាស្តី មិនរួច ហើយក៏​មិនដឹងប្រាប់នរណា ដូច្នេះ​មានតែ​គេហទំព័រ ដំណឹង ដែល​ជាប្រទីប​ដោះ​ស្រាយនូវ យន្តការដ៏ខ្មួលខ្មាញនេះ ។

heartache

កាលដើមឡើយ ប្រហែល​ជា ៥ ឆ្នាំ មុន ដែលជាវ័យមួយស្ថិតក្នុង​ភាពជាយុវវ័យ អមដោយ​សម្រស់​ផូរផង់ សម្បូរណ៍ទៅដោយ កន្លង់ចង់ក្រេបយកលម្អងផ្កា មួយទងនេះ ។ ម្លោះហើយ​នាង​ខ្ញុំតែង​តែខ្លាចរអានឹង​ពួកកន្លងទាំងនោះ​មិនដែលយក​ភ្នែកមើលទេ គ្រាមួយក្នុងថ្ងៃវិស្សមកាលចូលមក​ដល់​នាងខ្ញុំ​បាន​ស្គាល់បុរសម្នាក់ សម្បូរ​ណ៍​ទៅ​ដោយ​សម្រស់​ផូរផង់ លើស​ពីនេះ​គេ​ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ចំពោះ​ការសិក្សា ដែល​ជា​រឿង​ហេតុ​ចៃដន្យ មិន​គួរនឹកស្មាន នាងខ្ញុំក៏បាក់ចិត្តលង់​ស្រលាញ់គេ តែ​គេ​មិនដឹងខ្លួនឡើយ ។ បេះ​ដូងដ៏ទន់ជ្រាយ​មួយនេះ​ចង់តែ​ប្រាប់គេ ថានាងខ្ញុំ​ពិត​ជា​ស្រលាញ់​គេ តែ​ហាស្តីមិនរួច​ ព្រោះអីខ្លួន​ជាស្រ្តី​ បើហាស្តីទៅ ខ្លាច​គេ​មាក់ងាយ ថាខ្លួន​ជាស្រីសោះ​ហាន​ហាស្តីសុំ​ស្នេហាពីបុរស នឹង​មានស្រ្តី​ជាច្រើន រិះគន់​និន្ទា ជាមិនខាន។ តែ​សម្រាប់​រឿង​ស្នេហា អ្នក​ដែល​ហាន​គឺជាអ្នកឈ្នះ ទីបំផុត អ្វីដែល​នាង​ខ្ញុំចង់​បាន​គឺដូច​បំណងមែន តែ​មិន​មែន​នាងខ្ញុំ​ហាស្តី​ស្រ​លាញ់​គេ​នោះ​ទេ គឺរូបគេ​បា​ន​សរសេរនូវចុតហ្មាយ​មួយច្បាប់ ផ្ងើរ​មកនាងខ្ញុំ​ថា គេ​ស្រលាញ់ខ្ញុំ​តាំង​ពី ថ្ងៃជួប​គ្នាដំបូង ដែល​ជាវេលាមួយផ្សើមបេះ​ដូងខ្ញុំ​ ហាក់បីដូចជា​ ហោះ​លើ​អាកាសវេហាអីចឹងដែរ ។និយាមកដល់ត្រង់ចំណុចខាងក្រោមនេះ ពិតជាខ្មាសអៀន ណាស់ សម្រាប់នាងខ្ញុំ គឺបាន​ប្រគល់​ខ្លួន​ឲ្យបុរសម្នាក់នោះ​បាត់​ទៅ​ហើយ ព្រោះ​អារម្មណ៍រំភើបដែល​នៅ​កៀក​កើយ​ជាមួយនឹង​គេ ។ ២ សប្តាហ៍ ក្រោយមក នាង​ខ្ញុំ​មានអារម្មណ៍ ចង់ក្អួតចង្អោ ចង់ញុំានេះ ចង់ញុំានោះ ដូចជារកញុំាមិនត្រូវទាល់តែ​សោះ ។ ពេលនោះ​ហើយ​ដែល​នាងខ្ញុំ​ចាប់ផ្តើម មានមន្ទិលសង្ស័យលើ​ខ្លួនឯង ហើយក៏ទៅ​ពិនិត្យ​សុខ​ភាពគ្រូពេទ្យថា នាងខ្ញុំ​មានផ្ទៃពោះ មួយខែ​ហើយ ពេលនេះ​សម្តីនេះ ខ្ញុំ​ពិតជា​ស្លេក​ស្លាំងរកអ្វីប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ ពេល​ដែល​ជួប​គេ​ “បង!​អូន​មានកូន​ហើយតើយើងធ្វើដូចម្តេចទៅ?”​ ពេលលឺដំណឹង​នេះ គេ​ចាប់ផ្តើម​រកលេះ ចាកចេញ​ពីនាងខ្ញុំ ដោយស្តីបន្ទោ​ស​ នូវពាក្យទ្រគោះ​ បោះ​បោក ដូច​ព្យុះសង្ឃរា ស្ទើរតែ​ទ្រាំទទួលយកមិនបាន​ឡើយ ។

ខណៈ​នោះ​ហើយ គេ​ក៏ចាប់ផ្តើមគេចមុខ​មិនទទួលខុសត្រូវ ចំ​ពោះបញ្ហានេះ រកលេះនេះ នោះ ធ្វើឲ្យខ្លួន​នាង​ខ្ញុំ​ដេក ទ្រហោយំ រៀងរាល់រាត្រី ដេកគិតៗទៅ ពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃពោះ​នាងខ្ញុំ​កាន់តែ​ធំ​ទៅៗ​ហើយ ក៏សម្រេចចិត្ត​យកចេញ ដែល​ជា​សាច់ឈាម​មាន​អាយុ ២ ខែ “ឲ្យ​ខ្ញុំ​សូម​ទោសផង​ទារក​កម្សត់​អើយ​ឯងចាប់ជាតិខុសមនុស្ស​ហើយ ម្យ៉ាងទៀតខ្ញុំ​គ្មានសមត្ថភាពធ្វើម្តាយឯងនោះទេ ជាតិនេះ​ឬ​ក្រោយមានពិត​ចាំជួប​គ្នា ” ។​ ខាងសាច់ញាតិ​ខ្ញុំ​គ្មាន​នរណា​ម្នាក់ដឹង​ឡើយ ថាខ្ញុំ​មានកូន​ហើយ យកកូន​ចេញ ព្រោះថា អាណាព្យាបាលនាងខ្ញុំ​គាត់​រស់នៅ ខេត្តឯណោះ ដូច្នេះគាត់​មិន​បាន​ជ្រាប់ពីដំណឹង​នេះ​ឡើយ ។

មួយជីវិតនេះ ខ្ញុំ​ពិត​ជាចុកចាប់ណាស់ ឈឺចិត្តណស់ លម្អងផ្កា​ដែលខំរក្សា ជិត ២០ ឆ្នាំ បែរ​ជារុះ​រោយ​ចាក់ទង​ ធ្រាប​នឹង​ដី​ទៅ​វិញ ពិត​ជាខ្មាស់ខ្លួនឯងណាស់ ពិតជាខ្មាស់មេឃ​ណាស់ ​មកទល់​នឹង​បច្ចុប្បន្នកាលនេះ នៅ​តែ​មានស្នាម​ដិតដាម​ជាប់​ជានិច្ច តើឲ្យខ្ញុំ​ធ្វើដូចម្តេច​ទៅ​ ទើប​អាច​បំភ្លេច​អតី​តកាល​បាន​ ទៅ ?​ សូម​លោក ពូ បុរស​ដំណឹង ជួយ ដោះ​ស្រាយ​នូវគុណវិបត្តនេះផងដែរ ៕

វាចារ ពីពូ បុរសដំណឹង

ជាការពិតណាស់ សម្រាប់រឿងស្នេហា​ជារឿងមួយ​ ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ ព្រោះអីក្តី​ស្រលាញ់​នេះ មាន​តាំ​ងពី​កំណើត​មកម្លេះ មិន​មែនមាននា​ពេល​មនុស្សធំពេញវ័យនោះ​ទេ ។

សម្រាប់បញ្ញានេះ មុននឹង​ឈាន​ដល់​ការចែករំលែកគំនិត​សម្រាប់បំភ្លឺផ្លូវ ពូ សូមអរគុណ ក្មួយ ដែលផ្ញើរ​នូវរឿងរ៉ាវនេះ មក​កាន់​ ក្រុមការងាររបស់ពូ ។ សម្រាប់ក្មួយស្រី ពិតជា រឿង ប្លែកម្យ៉ាងដែរ ហើយក៏​ជារឿង​រ៉ាវ​ដែល​តែង​តែកើត​ សម្រាប់យុវវ័យ​សម័យបច្ចេកវិទ្យា​នេះ​ដែរ ។មើលចុះឡើងៗ ពិតជា​ធ្វើ​ឲ្យ​ពូ​នេះ អាណិតក្មួយណាស់ តែ​កំហុសធ្ងន់របស់ក្មួយ​គឺមិន​​គួរ​ណា លង់ស្រលាញ់​បុរសដែល​មិនមែន​ជាអនាគត់ថ្មី រហូត​ដល់ថ្នាក់​ហាន​ប្រគល់ខ្លួន​ប្រាណ ឈាន​ដល់ចំណុចមានផ្ទែពោះ ២ ខែ ដែលជា​ទង្វើ​ខុសនូវប្រពៃណីខ្មែរ ។ ស្គាល់ខុស ទើបស្គាល់ត្រូវ ទូកទៅ​កំពុងនៅ ​មិននិយាយបែបនេះ​ មិនមែន​ដាក់​ទម្ងន់ឲ្យក្មួយនោះ ទេ ចូរក្មួយរលាស់ខ្លួនចេញពីក្អែលដែលកើត​ជាស្នឹមនោះចេញ​ទៅ ទោះបីជាក្មួយស្រី​ខំគិត បាន​ត្រឹម​តែ​គិត​តែប៉ុណ្ណោះ មិនមាន​ផល​ចំណេញ​នោះ ទេ ។ ទោះបីជា​មជ្ឈដ្ឋាន​ខាង​ក្រៅថា​យ៉ាងម៉េច ក៏ដោយ សំខាន់ក្មួយត្រូវតែចេះ តស៊ូ និងជម្នះជាមួយបញ្ហាសង្គមនោះ​ជាការប្រសើរហើយ។​ក្មួយត្រូវចាំថា គ្មានអ្នកណាស្រលាញ់ខ្លួនឯងជាងខ្លួន​នោះទេ ចូរកុំចង់ចាំ នូវស្នាមខ្មៅនោះអ្វី​ ចូរយក​ស្នាមខ្មៅ​នោះ​មកកែខៃ​ជាប្រយោជន៍​ទើប​វា​ប្រសើរណាក្មួយស្រី របស់​ពូ ៕

មតិយោបល់