លោក ធុល រិទ្ធី អ្នករត់ម៉ារ៉ាតុនតែម្នាក់ឯង ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដែលមានឈ្មោះថា Run the Dream បានមកដល់គោលដៅនៅថ្ងៃទី២៩ កុម្ភៈនេះហើយ។
រិទ្ធី បានចាប់ផ្ដើមរត់នៅថ្ងៃទី២០កុម្ភៈមក ដោយមួយថ្ងៃលោកត្រូវរត់យ៉ាងហោចណាស់ ៣០គីឡូម៉ែត្រ។ លោករត់ចាប់តាំងពីពេលព្រឹក រហូតដល់ពេលល្ងាច ហើយមានពេលខ្លះលោករត់រហូតដល់ម៉ោង១២ យប់ថែមទៀតផង។ សម្រាប់កន្លែងស្នាក់នៅវិញ យប់ខ្លះស្នាក់នៅផ្ទះសំណាក់ យប់ខ្លះស្នាក់នៅវត្ត យប់ខ្លះស្នាក់នៅផ្ទះប្រជាជន ហើយក៏មានយប់ខ្លះបោះតង់ស្នាក់នៅក្បែរផ្ទះប្រជាជនតែម្ដង។
ក្រោយពីរត់បានចម្ងាយជាង ៣០០គីឡូម៉ែត្រ ដោយប្រើរយៈពេលជិត១០ថ្ងៃ រិទ្ធី បានមកដល់ចំណុចផ្សារព្រែកភ្នៅនៅថ្ងៃទី២៩ ហើយក៏មានអ្នកស្ម័គ្រចិត្តមួយចំនួនធំចូលរួមជិះកង់ និងរត់អមដំណើរ រិទ្ធី សំដៅទៅការិយាល័យកណ្ដាលរបស់ Sabay PC ដែលជាទីតាំងលក់កុំព្យូទ័ររបស់ Sabay។ ជាមួយគ្នានោះក៏មានវត្តមាន លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ចូលរួមរត់និងជិះកង់អមដំណើរគម្រោងនេះផងដែរ ដោយចាប់ផ្ដើមចេញដំណើរពីផ្សារព្រែកភ្នៅ នៅវេលាម៉ោង៧ព្រឹក។
Run the Dream ជាគម្រោងមួយដើម្បីស្វែងរកជំនួយ ទ្រទ្រង់គម្រោងសាងសង់ការិយាល័យ សហគ្រិន ពាណិជ្ជកម្មវ័យក្មេងនៅភ្នំពេញឈ្មោះថា Small World។ ការិយាល័យរបស់គម្រោង Small World នេះ គឺសម្រាប់ជួលឲ្យក្រុមសហគ្រិនវ័យក្មេង និស្សិត និងយុវវ័យ ដែលចាប់អារម្មណ៍លើការបង្កើតអាជីវកម្ម ដែលត្រូវការទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីសម្រេចបាន។ ការិយាល័យជំរុញសហគ្រិនភាពមួយនេះ នឹងមានការចែករំលែកចំណេះដឹង ការពង្រីកទំនាក់ទំនងសង្គម ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ពីសំណាក់យុវវ័យ ឬសហគ្រិនវ័យក្មេង ដើម្បីបង្កើតឱកាសពាណិជ្ជកម្មប្រកបដោយថាមពល។
ក្រៅពីស្វែងរកជំនួយដល់គម្រោងនេះ Run the Dream ក៏ធ្វើឡើងជាគំរូដល់យុវជន ដែលធ្លាប់សុបិនចង់ធ្វើអ្វីមួយ ត្រូវតាំងចិត្តអោយមោះមុតដើម្បីសម្រេចគម្រោងនោះឲ្យបាន។
គិតមកដល់ពេលនេះ Small World មានការចូលរួមឧបត្ថម្ភពីសប្បុរសជនមួយចំនួនដូចជាក្រុមហ៊ុន Sabay ទឹកប្រាក់១៥០០ដុល្លារ និងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន៣០០ដុល្លារ និងសប្បុរសជនមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់បានប្រមាណជាង ២ពាន់ដុល្លារ៕
មតិយោបល់