ព័ត៌មានជាតិ

ឆ្នាំនេះថាកស៊ីន​មក​លេង​ចូល​ឆ្នាំ​នៅស្រុក​ខ្មែរ

ក្រុម​ថៃ​អាវ​ក្រហម​ជាង​៤​ម៉ឺន​នាក់ ដែល​គាំ​ទ្រ​អតីត​នាយក​រដ្ឋមន្រ្តី ​ត្រូវ បណ្តេញ​ចេញ​ពី​អំណាច កាល​ពី​ឆ្នាំ​២០០៦ គឺ​លោក ថាក់ស៊ីន​ ស៊ី​ណា​វ៉ាត នឹង​ធ្វើ​ដំណើរ​មក​ខេត្ត​សៀម​រាប ដើម្បី​ជួប​ជា​មួយ​លោក ថាក់​ស៊ីន ដែល​គេ​រំពឹង​ថា​នឹង​មក​កម្ពុជា​នៅ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ ទី​១៥​ខែ​មេសា​នេះ​។​ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀប​ចំ​ផ្ទៃដី​ទំហំ​១៥​ហិក​តា​រួច​ជា​ស្រេច ត្រៀម​សម្រាប់​ទី​តាំង​ស្នាក់​នៅ​របស់​ក្រុម​ថៃ​អាវ​ក្រហម​ទាំង​នោះ​។

តាម​គម្រោង​លោក ថាក់​ស៊ីន ស៊ីណាវ៉ាត អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ នឹង​មក​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ដោយ​មាន​អ្នក​គាំ​ទ្រ ក្រុម​ថៃ​អាវ​ក្រហម​៤​ម៉ឺន​នាក់​មក​ស្វាគមន៍​។​ដោយ​មាន​ការ​ព្រម​ព្រៀង​រវាង ​រដ្ឋាភិបាល​ខ្មែរ​និង​រដ្ឋាភិបាល​ថៃ ក្រុម​ថៃ​អាវ ក្រហម​៤​ម៉ឺន​នាក់ នឹង​ធ្វើ​ដំណើរ​មក​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី​១៣ មុន​មួយ​ថ្ងៃ​ដំណើរ​មក ដល់​របស់​លោក​ថាក់​ស៊ីន ។​ដំណើរ​មក​ដល់​ជា​ថ្មី​របស់​លោក ថាក់​ស៊ីន នៅ​កម្ពុជា ត្រូវ​បាន​អះ​អាង ថា​ដើម្បី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​មួយ​អ្នក​គាំ​ទ្រ​។ ចំ​ពេល​ដែល​ពិធី បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​-​ថៃ ធ្វើ​ឡើង​ដំណាល​គ្នា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ ខេត្ត​សៀម​រាប​។

អភិបាល​ក្រុង​សៀម​រាប លោក ទេព ប៊ុនឆាយ បាន​ឲ្យ​ដឹង​ថា​ដី​ទំហំ​១៥​ហិកតា ស្ថិត​នៅ​បរិវេណ​អង្គរ​ឃ្យុង​យូ ក្នុង​ក្រុង​សៀម​រាប បាន​រៀប​ចំ​រួច​ជា​ស្រេច​សម្រាប់​ត្រៀម ទទួល​ក្រុម​ថៃ​អាវ​ក្រហម​៤​ម៉ឺន​នាក់​។​កម្លាំង​សន្តិ​សុខ​រាប់​រយ​នាក់ គ្រោង​នឹង​ពង្រាយ​ផង ដែរ​ដើម្បី​ជួយ​ការ​ពារ​សុវត្ថិ​ភាព ក្នុង​ពិធី​មីត​ធីង​(Meeting) ដ៏​ធំ​ដែល​រៀប​ចំ​ឡើង​ដោយ ក្រុម​ថៃ​អាវ​ក្រហម​ជា​មួយ​លោក​ថាក់​ស៊ីន​។

លោក ថាក់ស៊ីន មិត្ត​ជិត​ស្និទ្ធ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ជា​ច្រើន​លើក ចាប់​តាំង​ពី​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​តែង តាំង​គាត់​ធ្វើ​ជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​នៅ​ខែ​តុលា ឆ្នាំ​២០០៩​។ តំណែង​នេះ​ត្រូវ​បាន លុប​ចោល​វិញ ពេល​ដែល​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​ថៃ​ធ្លាក់​ចុះ ក្រោយ​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ស្រី យីងឡាក់ ស៊ី​ណា​វ៉ាត ប្អួន​ស្រី​លោក ថាក់ស៊ីន ជា​នាយក​រដ្ឋ​មន្រ្តី​ថៃ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​ថៃ​ល្អ​ឡើង​វិញ​។ រហូត​ដល់​មាន កិច្ច​ប្រជុំ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​រវាង​ក្រុម​ការ​ងារ​រួម​កម្ពុជា​ និង​ថៃ JWG ​( Joint Working Group )​។ ​ភាគី​ទាំង​២​ប្តេជ្ញា​បន្ត​អនុវត្ត​ដីកា​បង្គាប់​តុលា​ការ​យុត្តិ​ធម៌​ អន្តរជាតិ​ទី​ក្រុង​ឡា​អេ (ICJ) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១​ស្តី​ពី​ការ​ដក​កង​ទ័ព​កម្ពុជា​និង​ថៃ​ចេញ​ពី​តំបន់​គ្មាន​កងទ័ព ​បណ្តោះ​អាសន្ន​ទំហំ​ជាង​១៧​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ផ្តុំ​ព្រំ​ដែន​ប្រាសាទ​ ព្រះ​វិហារ​៕

អត្ថបទដោយ៖ khmer.fri.fr

 

មតិយោបល់