
ភាពត្រេកត្រអាលនៃការលេង Facebook នៅក្នុងសង្គមខ្មែរកំពុងតែរីកលូតលាស់យ៉ាងសម្បើម ក្នុងនោះគេសង្កេតឃើញថា មានតាំងពីក្មេងមិនទាន់គ្រប់វ័យឡើងទៅ។ សម្រាប់អ្នកប្រើប្រាស់ភាគច្រើនប្រើ Facebook ក្នុងគោលបំណងចែករំលែកចំណេះដឹង រូបភាព វីដេអូ និងព័ត៌មានផ្សេងៗទៅមនុស្សគ្រប់គ្នាដែលមាននៅលើបណ្តាញ ប៉ុន្តែគាត់មិនបានដឹងថា សព្វថ្ងៃមានមនុស្សខិលខូចមួយចំនួនកំពុងតែកេងចំណេញពីការប្រើប្រាស់ Facebook របស់គាត់។ តើមនុស្សខិលទាំងនោះបានយកអ្វីខ្លះពីគាត់? លោកអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើការកេងចំណេញនេះទេ ព្រោះលោកអ្នកគិតថាអ្វីដែលលោកអ្នកបានធ្វើគឺដើម្បីមោទនភាពជាតិ។ Like គឺជាមុខងារមួយដែលប្រើសម្រាប់ឲ្យអ្នកប្រើ Facebook ទាំងអស់ចុចលើប៊ុតុងនេះ ប្រសិនបើគាត់ចូលចិត្ត ឬពេញចិត្តទៅលើអ្វីដែលអ្នកបានឃើញ។ តាមរយៈការ Like មានមនុស្សជាច្រើនបានទាញយកផលចំណេញពីនេះ អ្នកប្រហែលជាមិនភ្លេចថា Facebook គឺអាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្សាយពាណិជ្ជកម្មផ្សេងៗដែលទាក់ទងនឹងផលិតផល ឬអ្វីមួយអាស្រ័យទៅលើអ្នកចង់ផ្សព្វផ្សាយ។ ថ្មីៗនេះមានជនខិលខូចមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់បេតិកភណ្ឌជាតិដើម្បីមកទាញយកផលចំណេញសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ភាគច្រើនគឺគេប្រើពាក្យ “ប្រាសាទព្រះវិហារជារបស់ខ្មែរតែមួយគត់។ បើអ្នកយល់ស្រប សូមចុច Like នៅខាងក្រោម។…” ពេលឃើញពាក្យនេះ ខ្មែរគ្រប់រូបប្រាកដជាចុច Like ជាក់ជាមិនខាន ព្រោះថាគាត់គិតថាការចុច Like របស់គាត់គឺគាត់់ពេញចិត្តនឹងពាក្យមួយឃ្លាដែលបានសរសេរខាងលើ ប៉ុន្តែគាត់មិនបានដឹងថា ពេលដែលគាត់ចុច Like ទៅ បែបជា Like ទៅលើគេហទំព័ររបស់គេផ្សេងទៅវិញ។ ការដែលទទួលបានការ Like ច្រើន នោះគេហទំព័ររបស់គេនឹងទទួលបាននូវលក្ខណៈពិសេសជាច្រើនដែល Facebook នឹងផ្តល់ឲ្យ អាចរហូតដល់មានសិទ្ធិ Post នូវអត្ថបទផ្សេងនៅលើ Wall របស់អ្នកដែលបាន Like ទាំងអស់។
សង្ឃឹមថាខ្មែរគ្រប់រូបដែលប្រើប្រាស់ Facebook នឹងបានអានអត្ថបទនេះហើយ នឹងយល់ច្បាស់ពីល្បិចរបស់ជនឆ្លៀតឱកាសនិយម៕
សូមចែករំលែកនូវព័ត៌មាននេះទៅកាន់មនុស្សគ្រប់គ្នាឲ្យបានដឹង….!!!
មតិយោបល់