ព័ត៌មានជាតិ

សា​លា​រាជ​ធា​នី​នឹង​មិន​យក​ថ្លៃ​ស្តង់​នៅ​ក្នុង​ការ​ប្រា​រព្ធ​ ​ពិ​ធី​ប​ង្ហា​ញនំ​ខ្មែរ​

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញបានបើក អង្គប្រជុំដើម្បីពិនិត្យទៅលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការត្រៀមរៀបចំ ពិធីបង្ហាញនំ និងបង្អែមខ្មែរ នៅចុងខែសីហា ក្រោមការដឹកនាំដោយ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ។ ពិធីបង្ហាញនំនិង បង្អែមខ្មែរ ធ្វើឡើងស្របពេលដែលរូបសំណាកអតីតមេទ័ពខ្មែរដ៏ខ្លាំងពូកែគឺ តេជោមាស និងតេជោយ៉ត ត្រូវរៀបចំពិធីសម្ពោធជាផ្លូវការដោយសាលារាជធានីភ្នំពេញ។
តាមរបាយការណ៍របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បច្ចុប្បន្នមានអាជីវករក្នុងរាជធានីភ្នំពេញ បានដាក់ពាក្យចូលរួមក្នុងពិធីនេះចំនួន៣៩នាក់ និងមានស្តង់ចំនួន៤៦ស្តង់ ក្នុងនោះក៏មានអ្នកចូលរួមមកពីខេត្តបាត់ដំបងផងដែរ។ ប្រភេទនំ និងបង្អែមខ្មែរដែលត្រូវ យកមកចូលរួមមានប្រភេទនំបង់ខ្លាញ់ នំវេចខ្ចប់ នំក្រៀម បង្អែមទឹក ប្រភេទដំ ណាប់ នំគ្រក់ នំបញ្ចុក កាហ្វេ ទឹកផ្លែឈើខ្មែរ និងការ៉េមផ្លែឈើខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសម្រេចមិនយកថ្លៃស្តង់ ចំពោះអាជីវករដែលមកចូលរួមក្នុងពិធី ដោយមានជូននូវថង់ក្រដាស់សំរាប់វេចខ្ចប់ទៀតផង ។ ក្នុងនោះ សាលារាជធានីភ្នំពេញ នឹងបន្ថែមក្រុមការងារមួយដើម្បីចុះត្រួតពិនិត្យ ផ្ទាល់នៅតាមស្តង់នីមួយៗនៅពេលដំណើរការលក់ ចៀសវាងមានភាពបាត់បង់សណ្តាប់ធ្នាប់ ឬបញ្ហានានា។ ដោយចង់ឲ្យអង្គពិធី មានភាពអធិកអធម ឯកឧត្តមប្រធានអង្គប្រជុំ បានឲ្យរដ្ឋបាលសាលារាជធានី ធ្វើសេចក្តីជូនដំណឹង និងសេចក្តីអំពាវនាវឲ្យអាជីវករ ក៏ដូចជាសប្បុរសជន បានចូលរួមក្នុងពិធីបង្ហាញនំ និងបង្អែមខ្មែរនេះ។ យ៉ាងណាក៏ដោយពិធីបង្ហាញនំ និងបង្អែមខ្មែរគឺ រៀបចំ ឡើងជារបៀបបុរាណខ្មែរសុទ្ធសាធ និងសំដៅបង្ហាញកូនខ្មែរឲ្យបានយល់ដឹង និងស្គាល់ពីអត្តសញ្ញាណជាតិ ស្គាល់នំ និងបង្អែមខ្មែរដែលមានយ៉ាងសំបូរបែប

ហើយ បណ្តាក្រុមហ៊ុនមួយ ចំនួនដែល សហការជាមួយ សាលារាជធានីភ្នំពេញ គួរតែចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចផ្តល់ការគាំទ្រដើម្បីញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅដោយ អធិកអធម។
សូមបញ្ជាក់ថាៈ សំរាប់អាជីវករ ដែលបានចូលរួមក្នុងពិធីនេះ សាលារាជធានី នឹងចេញវិញ្ញាបណ្ណប័ត្របញ្ជាក់ជូន នៅពេលបញ្ចប់នៃអង្គពិធី ដើម្បីជាសក្ខីភាពបញ្ជាក់ពីការចូលរួម និងស្នាដៃធ្វើនំ បង្អែមរបស់ពួកគាត់។ កម្មវិធីបញ្ចប់គឺនៅយប់ថ្ងៃទី១ ខែកញ្ញា ក៏មានការបាញ់កាំជ្រួចអបអរសាទរ ពិធីនេះដែរ៕

ប្រភព៖Phnompenh.gov.kh

មតិយោបល់