ព័ត៌មានជាតិ

រាជ​ធា​នី​ភ្នំ​ពេញ​ ​ធ្វើ​ការ​ដុត​បំ​ផ្លាញ​គ្រឿង​ញៀន​ ​ទ្រង់​ទ្រាយ​ធំ​សំ​រាប់​ឆ្នាំ​២០​១២​

គ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងឧបករណ៍ផ្សេងៗទាក់ទិន ដល់ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ប្រមាណជាងមួយតោន ត្រូវបានធ្វើការដុតបំផ្លា្ញញចោលទាំងស្រុង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម កៅ ខុនដារ៉ា អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

តាមរបាយការណ៍របស់ លោកសុខ រឿន ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការដុតបំផ្លាញ គ្រឿងញៀន បានឲ្យដឹងថា នេះជាលើកទី៧ហើយ ដែលគណៈកម្មការ បានធ្វើការដុត បំផ្លាញគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីចូលរួមចំណែក ផ្សព្វផ្សាយ អំពីផលវិបាកធ្ងន់ធ្ងរនៃការនាំចូលនាំចេញជាអន្តរជាតិ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់បំពានគ្រឿងញៀន។ លោកបាន បន្តទៀតថា គ្រឿងញៀនដែលត្រូវបំផ្លាញចោល មានពីរប្រភេទគឺ គ្រឿងញៀនដែលដុតបំផ្លាញដោយភ្លើង និងគ្រឿងញៀនដែលបំផ្លាញដោយប្រើសារធាតុគីមីបន្សាប។ ចំពោះ គ្រឿងញៀនដែលត្រូវដុតបំផ្លាញដោយភ្លើង នៅពេលនេះរួមមាន ៖ ColCol-Co ១៤០មីល្លីក្រាម ៧លានគ្រាប់ មេតំហ្វេតាមីន ៩៦៥៩៣គ្រាប់ ហេរ៉ូអ៊ីន ៣៥០,៨៣ ក្រាម កូកាអ៊ីន ២៩៧៣ក្រាម EPHETRINE ១៥២៣ក្រាម មេតាណុល ៣០០មីល្លីលីត្រ ហ្វ័រមាលីន ៤៥០មីល្លីលីត្រ កញ្ឆា ៨៣៩៩,៦៤ក្រាម ជ័រកញ្ឆា ៧៨០០,១ក្រាម កញ្ឆាក្រៀម ៥៩៩,៥៤ក្រាម សារធាតុផ្សំប្រភេទម្សៅ ៤៩៩២,៥៨ក្រាម គ្រឿងញៀនគ្រាប់គ្រប់ប្រភេទ ៤៤២៧គ្រាប់ និងសារធាតុ ផ្សំគ្រឿងញៀនប្រភេទរាវមួយចំនួនទៀត ព្រមទាំងឧបករណ៍ទាក់ទិនដល់ការផលិត ការជួញដូរ ការចែកចាយ និងការប្រឿប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៍ថា ស្ថានភាពគ្រឿងញៀនបានបង្ករឲ្យមានការរំខានដល់ កិច្ចដំណើរការក្នុងកាអភិវឌ្ឍន៏ប្រទេសជាតិ ព្រោះថា គ្រឿងញៀនបានធ្វើឲ្យ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងស្ថេរភាពសង្គម ដូចជា ការចម្លងមេរោគអេដស៍ អំពើភេវរកម្ម ការជួញដូរអាវុធ ការជួញដូរមនុស្ស និងការប្រើអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ ដូចនេះ បើមានគ្រឿងញៀន ធនធានមនុស្សនឹងត្រូវរិចរឹល។ ឯកឧត្តមអភិបាល បានបន្តទៀតថា ការបង្រ្កាបគ្រឿងញៀន មិនត្រឹមតែជាភារៈកិច្ចរបស់អាជ្ញាធរប៉ុណ្ណោះទេ គឺយើង ទាំងអស់គ្នាត្រូវចូលរួមឲ្យបានខ្លាំងក្លា ធ្វើជាអ្នកសកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឲ្យគ្រួសារ ភូមិ សង្កាត់ និង ទីក្រុងរបស់ យើងក្លាយជាទីក្រុងគ្មានគ្រឿងញៀន។ ជាមួយគ្នានេះដែរ ឯកឧត្តម កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការកោតសរសើរចំពោះអាជ្ញាធរ និង កងកម្លាំងអនុវត្តច្បាប់គ្រប់ផ្នែកគ្រប់លំដាប់ថ្នាក់ដែលធ្វើ ការបង្រ្កាបបានទាន់ ពេលវេលានូវការផលិតការជួញដូរ ការចែកចាយគ្រឿងញៀននៅរាជធានី ភ្នំពេញ ដែលកិច្ចការនេះ បានជួយឲ្យប្រជាជនយើងអាចជៀសផុតពីការ គំរាមកំហែងពីគ្រឿងញៀនដោយខុសច្បាប់។ តែទោះជាយ៉ាងនេះក៏ដោយ ការខិតខំប្រឹងប្រែងនេះ នៅមិនទាន់អាចបញ្ឈប់បាននូវផលប៉ះពាល់នានា ដែលបណ្តាលមកពីគ្រឿងញៀននៅឡើយទេ ដែលនាំឲ្យបន្តកើតមានបញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អំពើហឹង្សាឧក្រឹដ្ឋកម្ម ការឈឺចាប់ និងភាពក្រីក្រនៅក្នុងចំណោមក្រុមគ្រួសារអ្នកក្រីក្រ និងសហគមន៍ដែលងាយ ប្រឈមនឹងបញ្ហាគ្រឿងញៀន។ ឯកឧត្តម បានបន្តទៀតថា គ្រឿងញៀនមិនមែនជាថ្នាំ ឬចំណីអាហារ ហើយក៏មិន មែនជាល្បែងកំសាន្តដែលយើងត្រូវសាកល្បងនោះដែរ ផ្ទុយទៅវិញវាជាសារធាតុមួយ ដែលបង្កឲ្យមានគ្រោះថ្នាក់ ធ្ងន់ធ្ងរ ហើយទីបញ្ចប់វានឹងបណ្តាលឲ្យយើងធ្លាក់ខ្លួនញៀនយ៉ាងខ្លាំងដែលពិបាកនឹងបញ្ឈប់បាន។ ដូចនេះ ត្រូវចងចាំថា គ្រឿងញៀនមិនអាចសាកល្បងបានទេ ប្រសិនបើសាកល្បងវានោះ រូបយើង គ្រួសារ មិត្តភក្តិ សហគមន៏ និងប្រទេសជាតិ នឹងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយឈ្មួញគ្រឿងញៀនគឺជាអ្នកទទួលជោគជ័យ ព្រោះគេបាន ចំណេញពីទុក្ខសោករបស់យើង និងសង្គមជាតិយើង ។
បន្ទាប់មក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ២០ លានរៀល ជូន ឯកឧត្តម ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការនគរបាលជាតិ ដើម្បីបន្តកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស នានាឲ្យកាន់តែបានទទួលជោគជ័យបន្ថែមទៀត ៕

Drug

ប្រភព៖Phnompenh.gov.kh

មតិយោបល់