ព័ត៌មានជាតិ

ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា ​សំដែង​ការ​គួរ​សម ​ជាមួយ ​អភិបាល

ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីចំណងកិច្ចសហប្រតិបត្តការ រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាប្រកបដោយផ្លែផ្កាកន្លងមកនៅក្នុងឱកាស នៃ ជំនួប សម្តែងការគួរសមជាមួយ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៍បានលើកឡើងពីគោល បំណងក្នុងការរៀបចំមជ្ឈមណ្ឌលវប្បធម៌នៅរាជធានីភ្នំពេញក្នុងគោលដៅរឹត ចំណងផ្សព្វផ្សាយផ្លាស់ប្តូរវប្បធម៌រវាងគ្នានឹងគ្នា។ ឯកឧត្តម បានលើកឡើងពីដើមពោធិព្រឹក្សមួយដើមដែល សម្តេច អគ្គមហាសេនាបតីតេជោ បាននាំយកមកពីប្រទេសឥណ្ឌាកាលពីទសវត្ស៨០មកដាំនៅមុខព្រះ សក្យមុនី្នចេតីយ ក្នុងរាជធានីភ្នំពេញ ដោយបច្ចុប្បន្នគួតែមានការថែទាំឲ្យបានល្អព្រោះជាតំណាងដែលព្រះពុទ្ធទ្រង់ត្រាស់ដឹង នៅក្រោម ដើមពោធិព្រឹក្សនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានសម្តែងនូវអំណរគុណដល់សាលារាជធានីភ្នំពេញដែលបាន កសាងរូបសំណាកលោកមហាត្មៈគន្ធីដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា និងវិថីមួយដែលមាន ឈ្មោះថានេរុ ជាសំណូមពរឯកឧត្តមក៍បានស្នើសុំឱ្យមានការដាក់តាំងរូបលោកនេរុផងដែរ។ ក្នុងគោលដៅរឹងចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមទៀត ពិសេសការងារបង្កើតសមត្ថភាពធនធានមនុស្សភាគីឥណ្ឌាត្រៀម រង់ចាំជួយបញ្ជូនមន្រ្តីទៅសិក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ជានិច្ច។
ជាកិច្ចឆ្លើយតប នាឱកាសនោះ ឯកឧត្តមអភិបាល បានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលទើបចូលកាន់តំណែងថ្មីនេះ ហើយឯកឧត្តមបានគំាទ្រយ៉ាងពេញ ទំហឹងនូវការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាដែលស្នើដាក់រូបសំណាក លោក ហាឡាល នេរុ នៅកន្លែងណាមួយ ទៀតក្នុងរាជធានីភ្នំពេញ តែគួរភាគីទាំងពីររើសយកពេលវេលាណាមួយ ដែលសមរម្យនិងមានអត្ថន័យសំរាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសសាលារាជធានីភ្នំពេញ ត្រៀមលក្ខណៈសហការជាមួយស្ថានទូតជានិច្ច ក្នុងករណីដែលស្ថានទូតត្រូវការ៕

ប្រភព៖ phnompenh.gov.kh

មតិយោបល់