ផ្សារដ៏ថ្មីស្រឡាងមួយខ្នង នៅសហគមន៍ភូមិអណ្តូង ៣ សង្កាត់គោករកា ខណ្ឌពោធិសែនជ័យ ទំហំ ២៥,៦០ ម៉ែត្រ គុណនឹង ១១,៦០ ម៉ែត្រ កម្ពស់ ពីរជាន់ ដែលទើបតែបានសាងសង់រួចជាស្ថាពរ ក្រោមការជួយឩបត្ថម្ភពី អង្គការ People for Care and Learning (PCL) ប្រចាំសហរដ្ឋអាមេរិក បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង លោកបណ្ឌិត Fred Garmon នាយកប្រតិបត្តិអង្គការ PCL នៅព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១២។
តាមរបាយការណ៍ របស់ លោក គិត សុផា អភិបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា សហគមន៍ ភូមិអណ្តូង ៣ មានផ្ទៃដីសរុបចំនួន ០២ ហិកតា និងមានប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ចំនួន ១.០៣៩ គ្រួសារ។ លោកអភិបាលខណ្ឌ បានបន្តទៀតថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង សហគមន៍នេះ ឯកឧត្តម អភិបាល បានស្វះស្វែងរកដៃគូរដ៏ល្អ
ដើម្បីធ្វើការអភិវឌ្ឍន៍សហគមន៍នេះ ឲ្យ មានការរីកចម្រើន ពិសេសអង្គការ PCL ប្រចាំសហរដ្ឋអាមេរិក ដែលបាន ផ្តល់ការឧបត្ថម្ភក្នុងការអនុវត្ត គម្រោងកសាងទីក្រុងនៅសហគមន៍ភូមិអណ្តូង ៣ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ។
លោកបណ្ឌិត Fred Garmon នាយកប្រតិបត្តិអង្គការ PCL បាន មានប្រសាសន៍ថា លោកស្រឡាញ់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយ លោកក៏គ្មានការរារែកក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញនោះឡើយ។ លោកបានបន្តទៀតថា លោកមានក្តីសុបិនថានឹងបានជួយដល់ប្រជាជនកម្ពុជា ហើយក្តីសុបិននេះបានក្លាយទៅជា ការចាប់ផ្តើមក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ផ្សារ នៅសហគមន៍ ភូមិអណ្តូង៣ ហើយលោកនឹងសង្ឃឹមថា ក្នុងរយះពេល២ឆ្នាំខាងមុខទៀត សហគមន៍នឹងទទួលបាន សមិទ្ធិផល ជាច្រើនទៀត ហើយអ្វីដែលបានកើតឡើងនេះ ក៏អាស្រ័យដោយ ការខិតខំប្រឹងប្រែងពីមិត្តសំឡាញ់របស់លោកក្នុង នោះក៍មាន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាធានីភ្នំពេញ បានសម្តែងនូវការរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ អង្គការ People for Care and Learning ដែលបានអញ្ជើញមកចូលរួម នាឱកាសនេះ។ ឯកឧត្តម បានបន្តថា អង្គការនេះបានធ្វើការអភិវឌ្ឍន៍ភូមិអណ្តូង ដោយចាប់ផ្តើមពី ការសុបិន ហើយបានប្រែក្លាយឲ្យទៅជាការពិត ពិសេសការស្ថាបនាផ្សារ ដែលមាន កម្ពស់ពីរជាន់នេះគឺជាផ្សារទីមួយហើយ ដែល People for Care and Learning បាន សាងសង់ជូននៅសហគមន៍ក្នុងរាជធានីភ្នំពេញ គឺជាកាយវិកាដ៏វិសេសបំផុត ដែលដៃគូរ ដ៏ល្អមួយនេះ បានជួយធ្វើការអភិវឌ្ឍន៏សហគមន៍ ឲ្យមានការរីកចម្រើន សំដៅឲ្យប្រជា ពលរដ្ឋក្នុង សហគមន៍មាន មុខរបរចិញ្ចឹមជីវិតបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានអំពាវដល់បងប្អូន ប្រជាពលរដ្ឋឲ្យចេះជួយខ្លួន ឯងផងដែរ ព្រោះគេក៏មិនអាចជួយយើងបានមួយជិវិតទេ ហើយត្រូវចាត់ ទុកថាសមិទ្ធិផល ទាំងអស់ដែលគេជួយគឺជារបស់យើង និងត្រូវចេះទាំដើម្បីប្រើប្រាស់បានយូរអង្វែង៕
ប្រភព៖ phnompenh.gov.kh
មតិយោបល់