នៅព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១២ ព្រឹកមិញនេះ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងបណ្តាក្រុមហ៊ុនឯកជន បានសហការរួមគ្នា បង្កើតកម្មវិធីទូរទស្សន៍ «បើក បរសុវត្ថិភាព» ដើម្បីផ្សព្វផ្សាយឲ្យបានយល់ច្បាស់ អំពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍នានា ដែលដាក់បង្ហាញនៅតាមផ្លូវ ដែលធ្វើឡើងនៅសណ្ឋាគារអ៊ីនធឺខន។
កម្មវិធីនេះ បង្កើតឡើងក្នុង គោលបំណងសំខាន់ៗ ចំនួនបី៖ ទី១-ដើម្បីរួមចំណែក ក្នុងការអប់រំបន្ថែម និងចែករំលែក ជូននូវចំណេះដឹង ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងចរាចរណ៍ ដោយបង្កើននូវ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលនៃការបើកបរ តាមរយៈការសិក្សា អំពីចរាចរណ៍ និងការអនុវត្តដោយផ្ទាល់នៅ លើដងផ្លូវ។ ទី២-ដើម្បីការកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ទៅដល់ចំណុចអប្បបរមា និងទី៣-ដើម្បីបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យទាំងលក្ខណៈ បច្ចេកទេសរបស់យានយន្ត និងស្ថានភាពរបស់អ្នកបើកបរមុន ពេលបើកបរដើម្បីធានាបាន នូវការបើកបរប្រកបដោយសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីបើកបរសុវត្ថិភាព នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ នាសណ្ឋាគារអ៊ីនធើកុង ទីណង់តាល់ រាជធានីភ្នំពេញ ថា កម្មវិធីនេះ បង្កើតឡើងមានគោល បំណង ដើម្បីបង្ហាញពីគន្លឹះសំខាន់ៗ ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ស្វែងយល់ថា តើគ្រោះថ្នាក់ចរាចរណ៍ កើតឡើងពីកត្តាអ្វីខ្លះ?
លោកបានបន្តថា កម្មវិធីនេះ គឺជាវិធានការណ៍មួយ ក្នុងការបង្កើននូវការយល់ដឹង ឲ្យកាន់តែស៊ីជំរៅ អំពីគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ «ជាវិធានការណ៍មួយ ដែលនឹងជួយជំរុញ ឲ្យមានការលើក កម្ពស់ការយល់ដឹងថែមទៀត ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបហើយ និងទប់ស្កាត់គ្រោះមហន្តរាយ ដែលកំពុងកកើតឡើងជា ប្រចាំថ្ងៃនេះ គឺគ្រោះថ្នាក់ចរាចរណ៍នេះឯង»។
កម្មវិធី «បើកបរសុវត្ថិភាព» មានផ្សាយជូនទស្សនាចុងសប្តាហ៍ តាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ០១:០០-០១:៣៣ រសៀល និងCNC រៀងរាល់ ថ្ងៃអាទិត្យ វេលាម៉ោង ០៨:០០-០៨:៣៣ យប់ និងផ្សាយឡើងវិញ តាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ១០:០០-១១:៣៣ ព្រឹក និង CNC រៀង រាល់ថ្ងៃអង្គារ៍ វេលាម៉ោង ០៤:០០-០៤:៣៣ រសៀល។ កម្មវិធីនេះដំណើរការទៅបាន ក្រោមការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនធំៗ បួន ដូចជា ក្រុមហ៊ុនទឹកដោះគោម្សៅ ឌូមិច(Dumex), ក្រុមហ៊ុនស្ករកៅស៊ូ ឃូលអ៊ែរ (Cool Air), ក្រុមហ៊ុនទឹកផ្លែឈើ យូស (Yeo’s) និងក្រុមហ៊ុនប្រេងរំអិល កូស្មិច (Cosmic)៕
មតិយោបល់