ព័ត៌មានជាតិ

៩ វិច្ឆិកា​ជា​ថ្ងៃអ្វី?​

ប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលបានឯករាជ្យបរិបូរណ៍នាថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមស្នាព្រះហស្ថសម្តេចនរោត្តមសីហនុដែលជាអតីតព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។តែអ្វីដែលនឹកស្មានមិនដល់ព្រះអង្គត្រូវបាន របបលោក លន់ នល់ ទំលាក់ពីរាជ្យ នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ។ក្នុងឆ្នាំ ១៩៧៥ របបខ្មៅងងឹតក៏ឈានចូលមកដល់ ដោយអូសបន្លាយខ្សែរជីវិតប្រទេសកម្ពុជា ក៏ដូចជា ព្រះជានុរាស្ត្រកម្ពុជាឲ្យធ្លាក់ក្នុងភក់ជ្រាំ ស្ទើរតែងើបមុខមិនរួច ។រហូតដល់ឆ្នាំ ក្នុងឆ្នាំ១៩៧៧ ដោយមិនពេញចិត្តទៅនឹងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត សម្តេច ហ៊ុន សែន បានចាកចោលគ្រួសារជាទីស្រលាញ់ ដើម្បីដឹកនាំចលនារំដោះប្រទេស និងប្រជាជនពីរបបដ៏សាហាវយង់ឃ្នងនេះ។ នៅឆ្នាំ១៩៧៨ សម្តេចបានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានកិច្ចសហប្រតិបត្តការជាមួយចលនាស្នេហាមាតុភូមិជាច្រើនទៀត និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប្រជាធិប តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ខាងក្រោមនេះគឺជាជីវៈប្រវត្តិខ្លះរបស់សម្តេចតា ដែលបានរំដោះជាតិឲ្យរួចផុតពីនឹមអាណានិគមន៍បារាំង៖

ពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហត្តដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ”។

ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

  • លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល
  • លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
  • លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ។

ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖

  • ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុំមុយនីស
  • ទី២ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “… បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា “ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ … “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា។

រដ្ឋប្រហារ

នៅថ្ងៃទី ១៨ មីនា ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារតំលាក់ព្រះអង្គចេញពីតំណែង ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក ។

ការសោយទីវង្គត

ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទីង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅជាង ១ ២០០ ០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែរដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងដំកល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ៕

មតិយោបល់