ប្រាសាទគុកយាយហមត្រូវបាន រកឃើញថា កសាងឡើងដោយ បុព្វបុរសខ្មែរនាសម័យអង្គរនៅក្រោម រជ្ជកាលព្រះបាទជ័យវរ័្មនទី៧ ប៉ុន្តែបើតាមរយៈសំណល់នៃ ស្ថាបត្យកម្មដូចជា ផ្តែរទ្វារ សិលាចារឹក នៅទីនោះ ប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈបួសមួយតាំងពីមុន សម័យអង្គរទៅទៀត ។ ប្រាសាទគុកយាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខេត្តកំពង់ចាមមានចម្ងាយប្រហែលជាង៩០គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ ។
យើងអាចចូលទៅប្រាសាទនេះបានតាមខ្លោងទ្វារ វត្តសង្កែ បន្ទាប់មកជិះហួសទៅខាងជើងវត្តប្រមាណ ១ គ.ម៉ នឹងឃើញកំពូលប្រាសាទពីថ្មភក់លេចឡើងនៅខាងស្ដាំដៃ នៅលើទួលមួយមិនលិចទឹក ។ ប្រាសាទនេះមាន ៖
១. ប៉មមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់ សង់លើខឿនថ្មបាយក្រៀម មានទ្វារចូលតាមទិសសំខាន់ទាំង ៤ តាមយ៉មួយៗ ។
២. ប៉ម ២ ទៀតធ្វើពីឥដ្ឋ ស្ថិតនៅខាងលិចដោយសង់លើខឿនជាមួយប៉មទី ១ (បាក់បែកតាំងពីដើម ស.វ. ទី ២០) ។
៣. កំពែងទី ១ ធ្វើពីថ្មបាយក្រៀម និងមានកសិណទី ១ ព័ទ្ធពីខាងក្រៅ ។
៤. កំពែងទី ២ ធ្វើពីដី និងមានកសិណទី ២ ព័ទ្ធពីខាងក្រៅ ។
៥. ស្រះទឹកបុរាណ ២ អមសងខាងផ្លូវចូល និងស្រះទឹកបុរាណមួយទៀត ស្ថិតនៅខាងត្បូង ។
៦. នៅលើផ្លូវចូលមានខ្លោងទ្វារបាក់បែកមួយ ។
៧. ទន្លេអុំ ស្ថិតនៅខាងកើតឆៀងខាងជើងបន្តិច ។
ទីនេះមាន រូបចម្លាក់ជាច្រើនធ្វើពីថ្មភក់, សសរស្ដម្ភ ៨ ជ្រុង, ផ្ដែរជាផ្ទាំង, បល្ល័ង្កជាច្រើន, និងសិលាចារឹក K. ៨៦ ត្រូវបានគេយកទៅទុកនៅ វត្តសង្កែ ដែលស្ថិតនៅក្បែរនោះ ។ នៅឆ្នាំ ២០០៤ ទីនេះ គេរកឃើញសិលាចារឹកមួយចំនួនទៀត ដែលភាគច្រើនចារជារូបសញ្ញា (CISARK: 21-Nov-2006) ។

ប្រវត្តិនៃប្រាសាទ គុកយាយហមមានរឿងរ៉ាវជារឿងព្រេងផង និងមានប្រវត្តិ ពិតទាក់ទងទៅនិងការកសាងប្រាសាទនេះផង ។ រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា«យាយហម» បាស្ម័គ្រចិត្តបូជាជីវិត ដើម្បីនៅចាំថែរក្សាប្រាសាទ និងសម្បត្តិទ្រព្យប្រាសាទនៅក្នុងកាលៈទេសៈ មួយដែលស្រុកទេសកើតមានសង្គ្រាម ។ ដូច្នេះហើយក្រោយពីយាយហម ស្លាប់ទៅគេក៏បានហៅ ប្រាសាទនេះថា ប្រាសាទយាយហមជាប់រហូតមកដល់ សព្វថ្ងៃហើយបច្ចុប្បន្ននេះ យើងឃើញមាន រោងមទួយដែលបងប្អូនប្រជាជនយើងបានសាងសង់ដោយមានការធ្វើ ជារូបតំណាងឲរូបយាយហម តម្កល់នៅក្នុងរោងនោះដែលស្ថិតនៅពីខាងមុខប្រាសាទ ។ ចំណែកតាមការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយ បុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាលព្រះបាទជយវរ័្មនទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏ប៉ុន្តែតាមរយៈសំណង់នៃសំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពីសម័យអង្គរ គឺប្រហែល នៅសតវត្សរ៍ទី៧,៨នៃគ.ស ហើយប្រហែលជា ក្រោយមកសំណងនោះត្រូវបានខូចខាតទៅ ទើបនៅសម័យអង្គរ ព្រះមហាក្សត្រខ្មែរបានស្ថាបនា ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់តែសង់នៅលើបរិវេណនៃប្រាសាទពីមុន ។

សព្វថ្ងៃនេះ អ្វីដែលនៅសល់គឺតួប្រាង្គប្រាសាទមួយធ្វើពីថ្មភក់សុទ្ធសាធ ។ ប្រាសាទនេះមាន ទ្វារចូលទាំងបួនទិស តែទ្វារខាងកើតជាច្រកសំខាន់ពោលគឺជាទិសសំខាន់របស់ខ្មែរ ។ នៅជាប់ពី ខាងលិចនៃតួប្រាង្គនេះ យើង ឃើញនៅមានសល់ទួលបុរាណពីរជាតួប្រាសាទឥដ្ឋ ដែលទទួលរង នូវការជីកកកាយយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ នៅមានសំណង់ផ្ទាំងថ្មជាមេទ្វារប្រាសាទ ផ្តែរទ្វារមាន ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង ដងខ្លួនព្រះពុទ្ធថ្មកំពូលប្រាសាទដែលធ្លាក់ មកដី ទម្លាក់បិដមា ក្បាច់ស្លឹករកា និងអំបែងកុលាលភាជន៍ជាដើម ។ល។ នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំងប្រាសាទ យាយហមប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ៕
















បញ្ជាក់៖ រូបនេះមិនមែនជារូបប្រាសាទ ដែលទាក់ទងនិងយាយហមនោះទេ
មតិយោបល់