ព័ត៌មានជាតិ

ស្គា​ល់​​​ ​ចា​ម​ ​ច្បា​ស់​នៅ​ហ្នឹ​ង​​?​​

ចាម ជា​ជនជាតិ​ភាគតិច​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា វៀតណាម និង ថៃ​។ ពួកគេ​និយាយ​ភាសា​ផ្ទាល់ខ្លួន​របស់​គេ​គឺ ភាសា​ចាម​។ ពួកគេ​ជា​កូនចៅ​ជំនាន់​ក្រោយ​នៃ ព្រះរាជាណាចក្រ​ចំប៉ា​។ ជនជាតិ​ចាម​មាន​ច្រើន​ជាង​គេ​នៅ​កម្ពុជា ដែល​គេ​ប្រមាណ​ថា​ប្រហែលជា​មាន​ដល់​ទៅ​កន្លះ​លាន ទៅ​មួយ​លាន​នាក់​។ នៅ​វៀតណាម​មាន​ជនជាតិ​ចាម​ប្រមាណ មួយ​សែន​នាក់ និង​ប្រហែល​បួន​ពាន់​នាក់​នៅ​ប្រទេស​ថៃ​។ ជនជាតិ​ចាម​បង្កើត​ជា​សហគមន៍​ឥស្លាម (​មូស្លីម​) នៅក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​។ ជនជាតិ​ចាម​ស្ថិត​ក្នុង​អំបូរ​ជនជាតិ​ម៉ាឡេ​។ ភាសា​ចាម​ស្ថិតក្នុង​ក្រុម​ភាសា​ម៉ាឡាយូ​ប៉ូ​លីនេ​ស៊ី ក្នុង​អំបូរ​ភាសា​អូស្ត្រូនេស៊ី​។​

ស្គា​ល់​​​ ​ចា​ម​ ​ច្បា​ស់​នៅ​ហ្នឹ​ង​​?​​
ស្គា​ល់​​​ ​ចា​ម​ ​ច្បា​ស់​នៅ​ហ្នឹ​ង​​?​​

​ប្រទេស​ចំប៉ា​កើតឡើង​នៅ​ទសវត្សរ៍​ទី​២​នៃ​គ​.​ស និង​រីកចម្រើន​ដល់​កំពូល​នៅ​សតវត្សរ៍​ទី​៩ ដែល​នៅ​ពេល​នោះ ចំប៉ា​គ្រប់គ្រង​ដែនដី​ពី​តំបន់​វ៉េ (​ភាគ​កណ្តាល​ខ្ពង់រាប​អណ្ណាម​) ដល់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ នៅ​កូសាំងស៊ីន​។ វិបុលភាព​របស់​ចំប៉ា​បានមក​ពី ពាណិជ្ជកម្ម​ឈើ​ក្រអូប និង​ទាសករ តាម​សមុទ្រ និង​ប្រហែល​ជា​ការ​ប្លន់​តាម​សមុទ្រ​ផងដែរ​។​

​នៅ​សតវត្សរ៍​ទី​១២ ចាម​ចាប់​ធ្វើ​សង្គ្រាម​ជា​បន្តបន្ទាប់​ជា​មួយ​អាណាចក្រ​ខ្មែរ​ដែល​នៅ​ខាង​លិចខ្លួន​។ នៅ​ឆ្នាំ​១១៧៧ កងទ័ព​ចាម​និង​សំព័ន្ឋមិត្ត​បាន​វាយលុក​ពី​បឹង​ទន្លេសាប​ហើយ​កាន់កាប់​ទីក្រុង​អង្គរ​។ នៅ​ឆ្នាំ​១១៨១ ពួកគេ​ត្រូវបាន​វាយ​ឲ្យ​ដកថយ​វិញ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

​សាសនា​ដំបូង​របស់​ចំប៉ា​គឺ​សាសនា​ហិណ្ឌូ​ដែល​ទទួល​ឥទ្ឋិពល​ពី​ឥណ្ឌា​។ តែ​ក្រោយមក​ដោយសារ ពាណិជ្ជករ​អារ៉ាប់​តែងតែ​មក​ឈប់​សំចត​តាម​ឆ្នេរសមុទ្រ​ចំប៉ា​មុននឹង​ទៅ​ប្រទេស​ចិន ជាហេតុ​ធ្វើឲ្យ​ឥទ្ឋិពល​សាសនា​ឥស្លាម​សាយភាយ​ចូលទៅ​ក្នុង​ស្រទាប់​ប្រជា​ជន​ចំប៉ា​។ គេ​មិនដឹង​ច្បាស់​ទេ​ពី​ការ​បរិច្ឆេទ​នៃ​ការមកដល់​នៃ​សាសនា​ឥស្លាម​។​

​នៅ​រវាង​ឆ្នាំ​៨០០​ពេល​ដែល​អាណាចក្រ​ខ្មែរ​ឆាប់​ផ្ដើម​រីកចម្រើន និង ពេល​ដែល​វៀតណាម​ចាប់​ពង្វាត ទឹកដី​មក​ទិស​ខាងត្បូង រាជាណាចក្រ​ចំប៉ា​ចាប់ផ្តើម​ចុះ​ទន់ខ្សោយ​។ នៅ​ឆ្នាំ ១៤៧១ ចំប៉ា​បាន​ចាញ់​សង្គ្រាម​នឹង​វៀតណាម​យ៉ាងធ្ងន់ធ្ងរ ដែល​នៅ​ពេល​នោះ​មនុស្ស​ជាង ១​សែន​២​ម៉ឺន​នាក់​ត្រូវបាន​វៀតណាម​សំលាប់ ហើយ​រាជាណាចក្រ​នេះ​បាន​រួម​តូច​មក​ត្រឹម​កញ្ចិ​បដី​នៅ​ក្បែ​រញ៉ា​ត្រា​ង សព្វថ្ងៃ​។ នៅ​រវាង​ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេច​ចាម​បាន​ប្តូរ​មក​កាន់​សាសនា​ឥស្លាម ដែល​នៅ​ពេល​នោះ​ប្រជាជន​ភាគច្រើន​លើសលប់​បាន​ប្តូរ​មក​កាន់​សាសនា​ឥស្លាម​រួចទៅហើយ​។ ក្រោយ​ការ​លុកលុយ​នៅ​ឆ្នាំ ១៧២០ ស្តេច​វៀតណាម មិញ ម៉ា​ង បាន​វាយ​បាន​ប្រទេស​ចំប៉ា​ទាំងស្រុង​។ នៅពេល​នោះ​ស្តេច​ចំប៉ា​ចុងក្រោយ​ឈ្មោះ ភូ ចៀន បាន​សម្រេចចិត្ត​ប្រមូល​ប្រជាជន​មួយចំនួន​និរទេស​ទៅ​ភាគខាងត្បូង​កម្ពុជា ហើយ​អ្នកខ្លះ​ទៀត​បាន​និរទេស​ទៅ ត្រេង​ហ្គា​នូ ប្រទេស​ម៉ាឡេស៊ី​។ មាន​ប្រជាជន​ចាម​មួយចំនួន​តូច​បាន​គេច​ទៅ​កោះ​ហៃ​ណាន​ប្រទេស​ចិន ដែល​សព្វថ្ងៃ​ពួកគេ​ត្រូវបាន​គេ​ស្គាល់​ថា​ជា អ៊ុ​តស៊ុល​។ កន្លែង​ដែល​ស្តេច​ចាម​និង​មនុស្ស​របស់​ខ្លួន​បាន​និរទេស​ទៅ​គឺ​នៅ​ត្រង់​ខេត្ត​កំពង់ចាម ដែល​នៅ​ទីនោះ ពួកគេ​បាន​ពង្រាយ​គ្នា​ជា​សហគមន៍​រស់នៅ​តាម​ដង​ទន្លេមេគង្គ​។ នៅ​មាន​អ្នកខ្លះ​នៅ​ក្រាញ​ននៀល​រស់នៅ​ភាគ​កណ្តាល​វៀតណាម​រហូត​ដល់​សព្វថ្ងៃ ដូចជា​នៅ​ខេត្ត​ញ៉ា​ត្រា​ង ខេត្ត​ផាន់​រ៉ា​ង ខេត្ត​ផាន់​រី ខេត្ត​ផាន់​ថៀត ជាដើម​។​

​ជនជាតិ​ចាម​វៀតណាម​ភាគច្រើន​រស់នៅ​តាម​ខេត្ត​ជាប់​សមុទ្រ​និង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។ ពួកគេ​មាន​សហគមន៍​សាសនា​២​ដាច់ដោយឡែក​ពីគ្នា​។ មួយ​ឈ្មោះថា ចាម​បា​នី (​មាន​ពី ៨០% ទៅ ៨៥%)​ដែល​កាន់សាសនា​ឥស្លាម និង បា​ឡា​មន (​មាន​ពី ១៥% ទៅ ២០%)​ដែល​កាន់សាសនា​ហិណ្ឌូ​។ ទោះ​ជា​ពួកគេ​មាន​ភាសា​និង​ប្រវត្តិសាស្ត្រ​រួម​គ្នា​ក៏​ដោយ ក៏​ពួកគេ​មិន​អាច​រៀបការ​នឹង​គ្នា​ដែរ​។ មាន​ជនជាតិ​ចាម​មួយចំនួន​តូច​ប្តូរ​មក​កាន់​ពុទ្ឋសាសនា​មហា​យាន​ដែរ​ដោយសារ​ពួក​នេះ​ត្រូវបាន​ផ្តាច់ចេញ​ពី​សហគមន៍​ឥស្លាម​ដទៃទៀត​៕​

មតិយោបល់