នៅថ្ងៃព្រហស្បតិ៍ទី ០៣ខែមករា ឆ្នាំ ២០១៣ នេះ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ឲ្យដឹងថា កាលពីល្ងាយថ្ងៃទី ០២ខែមករា កន្លងទៅនេះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីចូលសម្រាក់ព្យាបាលជំងឺ។
អ្នកនាំពាក្យរបស់អ្នកស្រី បានថ្លែងថា លោកស្រី គ្លីនតុន បានចេញពីមន្ទីរពេទ្យ ហើយគ្រួពេទ្យបានលើកឡើងថា សុខភាពរបស់អ្នកស្រី នឹងល្អប្រសើរឡើងវិញ ព្រមទាំងជាសះស្បើយក្នុងពេលឆាប់ៗ។
CNN បានរាយការណ៍ថា អ្នកស្រី អាចដើរបានដោយខ្លួនឯង ខណៈពេលចេញពីមន្ទីរពេទ្យ ដែលអមដំណើរជាមួយដោយលោក ប៊ីលគ្លីនតុន និងកូនស្រី ព្រមទាំងជំនួយការ។
គួរបញ្ជាក់ផងដែរថា លោកស្រី គ្លីនតុន បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យកាលពីសប្ដាហ៍មុន បន្ទាប់ពីកើតមានជំងឺឈាមកកនៅក្នុងក្បាល ដោយសារការដួល។ ម្យ៉ាងវិញទៀតជំងឺ ឈាមកកនៅក្នុងក្បាលនេះត្រូវបានវះកាត់ម្តងរួចមកហើយ កាលពីឆ្នាំ ១៩៩៨ ៕

មតិយោបល់