ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់ បើកបុ.កកិ.នម៉ូតូ១គ្រឿងបណ្ដាលអោយយុវជនម្នាក់បានបាត់បង់ជីវិត

ភ្នំពេញ : យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកបុ.កកិ.នពីក្រោយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខកណ្តាល1AA-0031 ចេញពីស្រុកកណើតនៅឯស្រុកស្អាង ខេត្តកណ្តាល គោលបំណងមកជួយលក់បន្លែម្តាយនៅផ្សារដើមគរ ខណ:មកដល់ចំណុចកើតហេតុយុវជខាងលើ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្តុបក៏បន្ថយល្បឿន ដើម្បីរងចាំភ្លើងស្តុប ស្របពេលនោះ ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3E-2788 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា នៅខាងក្រោយជនរងគ្រោះបើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.កយុវជនរងគ្រោះ ដែលកំពុងជិះម៉ូតូបង្អង់រងចាំភ្លើងស្តុប ទាំងកម្រោលបណ្តាលឲ្យដួលម៉ូតូ ត្រូវរថយន្តកិនចំពីលើបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុង ដែលកំពុងតែឈរជើងនៅក្បែរកន្លែងកើតហេតុ បានឃាត់ខ្លួនអ្នកបើករថយន្តបង្ក និងបានសហការជាមួយកម្លាំងជំនាញ នគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចារចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់