នៅថ្ងៃទី៧ ខែមករា ២០១៣ នេះ មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋទូទៅ នៅគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស គណបក្សប្រជាជនកម្ពុជា ដោយមាន សម្តេចទាំង៣ ជាប្រមុខ នឹងប្រារព្ធទិវារំលឹកខួបលើក ទី ៣៤ ឆ្នាំ នៃថ្ងៃជ័យជំនះ លើរបបប្រល័យពូជសាសន៍ប៉ុលពត។
ប្រជាជនកម្ពុជា ទាំងអស់បានចាត់ទុកថា ថ្ងៃ៧ មករាជាថ្ងៃកំណើតទី២ របស់ខ្លួន និងរបស់ប្រទេសកម្ពុជាទាំងមូល ដូចមានពាក្យស្លោកមួយថា “បើគ្មានថ្ងៃ ៧ មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃ បើគ្មានថ្ងៃ ៧ មករា ក៏គ្មានការកាត់ទោសខ្មែរក្រហម”។
សូមរំលឹកឡើងវិញ ៖ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបកម្ពុជា
ប្រជាធិបតេយ្យ ពួកមេដឹកនាំនៃរបប ដ៏យង់ឃ្នងនេះ បាននាំប្រទេសជាតិ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយសង្គ្រាមប្រាំឆ្នាំរួចមកហើយនោះ ឱ្យឈានទៅដល់មាត់រណ្តៅនៃការរលាយសាបសូន្យទាំងស្រុង នៅក្រោមរបបប្រល័យពូជសាសន៍ ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ប្រជាជនជាង ៣ លាននាក់ ត្រូវស្លាប់យ៉ាងអាណោចអាធម្មបំផុត រចនាសម្ព័ន្ធ សង្គមជាតិទាំងមូលត្រូវបំផ្លិចបំផ្លាញខ្ទិចខ្ទីដល់ឫសគល់។ មាតុភូមិកម្ពុជានៅសល់តែគំនរផេះផង់ ដែលក្រាលដិតដាម ដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ ឯអ្នកដែលនៅរស់ ត្រូវរស់ក្នុងភាពជាទាសករ ភ័យរន្ធត់ ព្រាត់ប្រាសគ្រួសារ អត់ឃ្លាន ឈឺរ៉ាំរ៉ៃ រងចាំតែថ្ងៃត្រូវគេសម្លាប់ប៉ុណ្ណោះ។ នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បំផុតនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិជាច្រើន ដែលបានភៀសខ្លួនរួចផុតពីការត្រួតត្រារបស់ពួកប៉ុល ពត បានប្រមូលផ្តុំគ្នាបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី០២ ធ្នូ ១៩៧៨ ដែលបច្ចុប្បន្ននេះ គឺជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា ដើម្បីដឹកនាំប្រជាជន ធ្វើការតស៊ូ រំដោះប្រទេសជាតិ។
ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដោយមានកិច្ចសហការ ជួយឧបត្ថម្ភ ដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយ រំដោះទីក្រុងភ្នំពេញ និងតំបន់ផ្សេងៗទៀតក្នុងផ្ទៃប្រទេស ហើយបញ្ចប់ទាំងស្រុង នូវការត្រួតត្រានៃរបបកម្ពុជាប្រជាធិបតេយ្យ។ ជ័យជំនះ៧មករា ប្រៀបដូចពន្លឺដ៏ភ្លឺចាំងចែង ដែលបានមកបំភ្លឺមាតុភូមិកម្ពុជាឱ្យចេញផុតពីសម័យកាល ដ៏ខ្មៅងងឹតបំផុតនោះ។ ប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ” ៧មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យ ជំនះ ៧ មករា ក៏គ្មានអ្វីៗ នាសព្វថ្ងៃនេះដែរ ” ៕
ប្រភព ៖Phnompenh
មតិយោបល់