កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន និងមន្ត្រីក្រោមឱវាទ បាននាំថវិកា របស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម កែប ជុតិមា ជូនដល់បុណ្យសពគំរប់ខួប ៧ថ្ងៃ និង១០០ថ្ងៃ កូនប្រុសលោក ជួង ជី ហៅ នាយ កុយ ជាតារាកំប្លែង ដែលប្រារព្ធនៅវត្តក្រពើហារ ឃុំព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ កូនប្រុសរបស់គាត់ រងគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តកុងតឺន័រ នៅលើកំណាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្ត ព្រះសីហនុ កាលពីយប់ថ្ងៃ០៧ ខែមីនា ឆ្នាំ២០១៣។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានថ្លែងឲ្យដឹងថា អំណោយនេះជាអំណោយរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលយកមកចូលរួមបុណ្យសព កូនប្រុសលោក ជួង ជី ហៅនាយកុយ ឈ្មោះ ជី វីរ: ហៅ យ័ន្ត នូវថវិកាចំនួន ២លានរៀល។
លោក គួច ចំរើន បានបន្តទៀតថា ជារឿយៗអភិបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបង ប្អូនទាំងអស់គ្នា ហើយ ឯកឧត្តម និងលោកជំទាវ ក៏តែងតែឧបត្ថម្ភ ក៏ដូចជាពាំនាំនូវថវិកាផ្ទាល់ខ្លួនជួយដល់គ្រួសារ ណាដែលជួបនិងបញ្ហាលំបាកផ្សេងៗ។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តា គោរពច្បាប់ចរាចរ ត្រូវមានការយោគយល់គ្នាក្នុងការបើកបរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដូច ដែរបានឃើញហើយ នៅពេលដែលជួបគ្រោះថ្នាក់ចរាចរ គឺត្រូវខាតបង់ទាំងអស់គ្នា ជនរងគ្រោះអាចរបួសធ្ងន់ ស្រាល ឬបាត់បង់ជីវិតក៏មាន ដែលនេះវាបានធ្វើឲ្យខាតពេលវេលា ខាតលុយកាក់ជាដើម ឯជនបង្កវិញនិងត្រូវទទួលទោសទណ្ឌ តាមនិតិវិធីច្បាប់ ទាំងអស់នេះសុទ្ធតែជារឿង ខាតបង់ប្រយោជន៍៕


ប្រភព៖Phnompenh
មតិយោបល់