ផ្សោតក្បាលត្រឡោក ឬ ផ្សោតឥរាវតី (ឈ្មោះបច្ចេកទេស Orcaella Brevirostris) គឺជាអម្បូរម្យ៉ាងនៃផ្សោតសមុទ្រដែលអាចសម្របខ្លួនបាននឹងមជ្ឈដ្ឋានជាច្រើន។ ពួកវាត្រូវបានគេប្រទះឃើញយ៉ាងតិចតួចហើយមិនទៀងទាត់នៅតាមជិតឆ្នេរសមុទ្រ នៅតំបន់ដែលទឹកសាបនិងទឹកប្រៃជួបគ្នា និងនៅតាមទន្លេ ដូចនៅឯឈូងសមុទ្របេងហ្គាល់ (Bay of Bengal) និង តំបន់អាស៊ីអាគ្នេយ៍។
ផ្សោតអ៊ីរ៉ាវ៉ាឌីត្រូវបានពិពណ៌នាជាលើកដំបួងដោយ លោក រីឆាដ អូវេន (Sir Richard Owen) នៅឆ្នាំ១៨៨៦ ដោយផ្អែកលើផ្សោតមួយក្បាលដែលត្រូវបានគេប្រទះឃើញនៅឆ្នាំ១៨៥២ នៅឯកំពង់ផែក្រុងវិសាខាប៉ាត់ណាំ (Visakhapatnam) នៅឆ្នេរខាងកើតប្រទេសឥណ្ឌា។ នេះជាផ្សោតមួយក្នុងចំនោមពីរអម្បូរក្នុង សណ្តានរបស់វា។ ពេលខ្លះវាត្រូវបានគេចាត់បញ្ចូលទៅក្នុងក្រុមគ្រួសារផ្សោតដែលមានតែខ្លូនវាផ្ទាល់ ផ្សោតម៉ូណូដុនទីដេ (Monodontidae) និង ផ្សោតដែលហ្វីនីដេ (Delphinidae)។ មកទល់ឥឡូវនេះ មានការយល់ព្រមជាច្រើនដែលចាត់បញ្ចូលវាទៅក្នុងក្រុមគ្រួសារ ផ្សោតដែលហ្វីនីដេ ដែលជាផ្សោតសមុទ្រ។
បើគិតទៅតាមលក្ខណៈតំនរពូជ ផ្សោតអ៊ីរ៉ាវ៉ាឌីជាប់ទាក់ទងជិតបំផុតជាមួយនឹង បាឡែនអូកា (Orca ឬ Killer Whale)។ ឈ្មោះអម្បូរ Brevirostris គឺបានមកពីភាសាឡាតាំងដែលមានន័យថា ចំពុះខ្លី។ នៅឆ្នាំ២០០៥ ការវិភាគលើតំនរពូជបានបង្ហាញថា ផ្សោតអូស្ត្រាលី (Australian Snubfin Dolphin) ដែលគេប្រទះឃើញនៅភាគខាងជើងប្រទេសអូស្ត្រាលីជាអម្បូរទី២នៃ ហ្សេនីសអូសែលឡា (Orcaella Genus)។
ជាទូទៅ ពណ៌សម្បុររបស់ផ្សោត គឺមានពណ៌ប្រផេះ ឬក៏ខៀវទឹកប៊ិច ឯខាងពោះវិញមានពណ៌រាងសស្លេក ហើយគ្មានស្លាកស្នាមសម្គាល់បញ្ជាក់ទេ។ វាមានព្រុយខ្នង តូចហើយមូលស្ថិតនៅកណ្តាលខ្នងតែម្តង ឯថ្ងាសមូលរលោងខ្ពស់ឡើងទៅលើ ប៉ុន្តែគ្មានចំពុះ ចំនែកព្រុយចំហៀងធំទូលាយ និងមូល។ ប្រភេទដែលត្រូវបានឃើញនៅកោះបរណេអូ (Borneo) គឺផរផសគ្មានព្រុយ (Finless Porpoise) (ឈ្មោះបច្ចេកទេស Neophocaena Phocaenoides) គឺមានរូបរាងប្រហាក់ប្រហែលគ្នា តែគ្មានព្រុយខ្នងទេ ឯផ្សោតខ្នងគម (Humpback Dolphin) (ឈ្មោះបច្ចេកទេស Sausa Chinensis) គឺមានមាឌធំជាង ចំពុះវែងជាង និងព្រុយខ្នងធំជាង។
មានឈ្មោះជាច្រើនដែលគេប្រើសម្រាប់ហៅ Oecaella Brevirostris ទៅតាមភាសានិមួយៗ ដូចជា ភាសាអង់គ្លេស Irrawaddy Dolphin បារាំង Orcelle ភាសាភូមា Labia ភាសាឥណ្ឌូនេស៊ី Pesut ភាសាម៉ាឡេ Lumbalumba ភាសាឡាវ Pha’ka ភាសាភីលីពីន Lampasut និង ភាសាខ្មែរ ផ្សោត។ ជាភាសាថៃ ឈ្មោះរបស់វាមួយគឺ Pla loma hua bat ក៏ព្រោះតែក្បាលដ៏មូលរបស់វាមើលទៅស្រដៀងនឹងរូបរាង បាត្រលោក។
គេជឿថាផ្សោតទាំងនេះអាចបន្តពូជបាននៅពេលដែលវាមានអាយុពី ៧ទៅ៩ឆ្នាំ។ នៅឯអឌ្ឍគោលខាងជើង រដូវបន្តពូជចាប់ផ្តើមពីខែធ្នូដល់ខែមិថុនា។ ជាទូទៅផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១ទេ ហើយអាចផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ទៅ៣ឆ្នាំ។ កូនដែលកើតមកភ្លាមអាចមានប្រវែង ១ម. និងមានទម្ងន់ ១០គ.ក ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។ ជាទូទៅផ្សោតអាចរស់នៅបានដល់អាយុ៣០ឆ្នាំ៕
មតិយោបល់