ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាវុធហត្ថ ៖ បទល្មើសទូទាំងប្រទេសក្នុងខែសីហា មានចំនួន៣៦៧លើក កើនឡើង១៨លើក

ភ្នំពេញៈ វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោកនាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងមេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានី ខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ដែលអានដោយ ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឲ្យដឹងថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ស្ថេរភាព នយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំ បានល្អប្រសើរ។ ហើយក្នុងខែសីហានេះ អំពីបទល្មើសបានកើនឡើងចំនួន ១៨ករណី ស្មើនឹង៣៦៧លើក ក្នុងនោះរួមមាន ៖ បទឧក្រិដ្ឋកើតមានចំនួន៧ករណី ស្មើនឹង១៤៩លើក និងបទមជ្ឈិមកើតមានចំនួន១១ករណី ស្មើនឹង២១៨លើក។ ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាបបានចំនួន១៩៤លើក (បទឧក្រិដ្ឋបង្ក្រាបបានចំនួន៩០លើក និងបទមជ្ឈិមបង្ក្រាបបានចំនួន ១០៤លើក ) ជាក់ស្តែងស្រាវជ្រាវបង្ក្រាបបទល្មើសអំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ)បានចំនួន៦លើក អំពើឃាតកម្មចំនួន៥លើក, រំលោភសេពសន្ថវៈចំនួន២លើក ការជួញដូរមនុស្សចំនួន១លើក បទបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន១លើក អំពើលួចចំនួន៣៣លើក, ការកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំនួន៤លើក អំពើហិង្សាដោយចេតនាចំនួន១៨លើក ធ្វើឲ្យខូចដោយចេតនាចំនួន២លើក ប្រទូស្តកេរ្តិ៍ខ្មាសចំនួន១លើក ការជួញដូរចែកចាយគ្រឿងញៀន៧៥លើក, ការប្រើប្រាស់គ្រឿងញៀនចំនួន២០លើក បទរំលោភលើសេចក្តីទុកចិត្ត៧លើក ល្បែងស៊ីលងចំនួន៤លើក…។

ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថបានចូលរួមធ្វើប្រតិបត្តិការ ការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា ការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។ល។ ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថទូទាំងប្រទេសបានខិតខំប្រឹងប្រែងការកសាងអង្គភាព ជំរុំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារធានាជីវភាព ធានាមធ្យោបាយសម្ភារៈ ព្រមទាំងការងាររដ្ឋបាលអធិការកិច្ចផងដែរ៕

ប៉េអឹមប្រជុំ (8)ប៉េអឹមប្រជុំ (1)ប៉េអឹមប្រជុំ (2)ប៉េអឹមប្រជុំ (3)ប៉េអឹមប្រជុំ (4)ប៉េអឹមប្រជុំ (5)ប៉េអឹមប្រជុំ (6)ប៉េអឹមប្រជុំ (7)

មតិយោបល់