វេនេស៊ូអេឡា ជាប្រទេសមួយនៅតំបន់ត្រូពិកនៃអាមេរិកខាងត្បូង សាធារណរដ្ឋវេនេស៊ូអេឡា សម្បូររមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាប្រទេសនេះ។ គ្រប់តំបន់ទេសចរណ៍ទាំងនេះ ងាយស្រួលចេញចូលទៅមក តាមមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ។ ហេតុនេះ អ្នកទេសចរមិនពិបាកស្វែងរករមណីយដ្ឋាន ដ៏ល្អឯកទាំងនេះទេ។ ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍កំពូលៗទាំង១០នៅ វេនេស៊ូអេឡា ៖
១. ជ្រោះអ៊ែនជែល :
ជ្រោះនេះ ក៏ត្រូវគេស្គាល់ផងដែរថាជា Salto Angel គឺជាជ្រោះអ៊ែនជែលនៅឯឧទ្យានជាតិ Canaima នៅតំបន់ Guayana មានកម្ពស់៩៧៩ម៉ែត្រ។ ដើម្បីគយគន់ទេសភាពដ៏ត្រកាលនៃជ្រោះនេះ ភ្ញៀវទេសចរអាចទៅកម្សាន្ដអំឡុងរដូវវស្សា។ ទស្សនាចរណ៍កម្សាន្ដនៅទីនោះ មានដូចជាជិះទូកមើលទេសភាព និងអុំទូកលេងជាដើម។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/1_zpsf4887dc9.jpg
២. រមណីយដ្ឋាន Isla de Margarita :
តំបន់ដ៏ទាក់ទាញមួយនៃប្រទេសនេះ គឺ Isla de Margarita។ នៅទីនេះជាតំបន់ធម្មជាតិ មានព្រៃ ភ្នំនិងឆ្នេរសមុទ្រ។ អ្នកទេសចរ ដែលមកលេងកម្សាន្ដទីនេះអាចរីករាយនឹងការហែលទឹក ឡើងភ្នំ ដើរលេងផ្លូវឆ្ងាយ និងមុជទឹកមើលទេសភាពក្រោមបាតសមុទ្រ។ អ្នកដែលចូលចិត្ដវត្ថុ អនុស្សាវរីយ៍ អាចរកជាវបាននៅហាងទំនើបៗមាននៅទីក្រុង Porlamar។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/2_zps1dbec1e8.jpg
៣. ល្អាង Cueva del Guacharo :
រមណីយដ្ឋាននេះ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុង Caripe។ ទីនេះ ជាតំបន់ទេសចរណ៍ដ៏ មានប្រជាប្រិយភាពមួយ ពីព្រោះត្រូវគេចាត់ទុកថាជាល្អាងដ៏ធំបំផុតរបស់ប្រទេសនេះ។ នៅ ក្នុងល្អាងគេអាចឃើញទន្លេ ហើយពពួកសត្វដែលរស់នៅទីនោះមាន ក្ដាម ពីងពាង ទីទុយ និងកណ្ដុរ។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/3_zps9ef06a37.jpg
៤. ឧទ្យានជាតិ Mochima :
ឧទ្យាននេះ មានទីតាំងស្ថិតនៅក្បែរទីក្រុងCumana និងទីក្រុងកំពុងផែ Puerto La Cruz។ អ្វីដែលទាក់ទាញបំផុតនៅឧទ្យាននេះ ក្រៅពីឆ្នេរសមុទ្រ គឺនៅមានភូមិតូចៗជាច្រើនទៀត។ ដើម្បីធ្វើដំណើរកម្សាន្ដប្រកបដោយភាពរីករាយទៅកាន់រមណីយដ្ឋាននេះ អ្នកអាចធ្វើដំណើរតាមយានយន្ដ និងធ្វើដំណើរដោយថ្មើរជើងផ្ទាល់តែម្ដង។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/4_zps6b3a1bfd.jpg
៥. រមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រ Museo Bolivariano :
រមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រនេះ មានជនបរទេសជាច្រើន តែងតែនាំគ្នាមកទស្សនាមិនដែលដាច់។ ទីនេះបន្សល់ទុកសំណុំរបស់របរ និងសម្ភារជាច្រើនមានសារសំខាន់ចំពោះប្រវត្ដិសាស្ដ្រប្រទេសជាតិ។ របស់របរខ្លះមាននៅខាងក្នុងសារមន្ទីរ គឺជាវត្ថុបុរាណជាប់ទាក់ទងទៅនឹងឯករាជ្យភាពរបស់ វេនេស៊ូអេឡា។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/5_zps6f4698fd.jpg
៦. ឧទ្យានជាតិ Morrocoy :
ឧទ្យានជាតិ Morrocoy ស្ថិតនៅក្បែរទីក្រុង Tucacas និងChichiriviche។ នាឧទ្យាននេះអ្នកទេសចរអាចទស្សនាកម្សាន្ដនៅឆ្នេរខ្សាច់សក្បុរ ដែលនៅទីនោះពួកគេក៏អាចរីករាយជាមួយនឹងការមុជទឹកលេង ពីព្រោះគេអាចមើលឃើញច្រាំងថ្មប៉ប្រះមាត់ទឹកមានផ្កាថ្មដុះនៅក្រោមទឹកនៃឆ្នេរនោះទៀតផង។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/6_zps0a4d3f15.jpg
៧. ឧទ្យាន Parque El Zanion :
ឧទ្យាន Parque El Zanion ស្ថិតនៅទីក្រុង Ciudad Bolivar នៅតំបន់ Guayana គឺជាឧទ្យានមាន ផ្ទាំងថ្មដំ៏មហិមានៅទីនោះ។ វិចិត្រសាល ព្រមទាំងផ្ទះនានានៅទីនោះ សុទ្ធតែធ្វើពីផ្ទាំងថ្មនោះ ទាំងអស់។ ទីនេះពេញនិយមខ្លាំងណាស់ ពីព្រោះមានធនធានរ៉ែជាច្រើន ដែលគេអាចរក ឃើញនៅក្នុងឧទ្យាននេះ។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/7_zpsb72b69a3.jpg
៨. រមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រ Gran Roque :
Gran Roque គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់ប្រទេសនេះ។ ទីស្ថានទេសចរណ៍នេះ មានទីតាំងស្ថិតនៅប្រជុំកោះ Los Roques ដ៏មានប្រជាប្រិយភាពអាចទទួលភ្ញៀវ ទេសចរសរុបចំនួន១,០០០នាក់។ តំបន់គួរជាទីទាក់ទាញនានានៅភូមិនេះ មានដងគោមនាទសវត្សរ៍ឆ្នាំ១៨៧០ ព្រមទាំងលំនៅស្ថានលាបថ្នាំដ៏ចិញ្ចាចចិញ្ចែងទៀតផង។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/8_zpsa20c100f.jpg
៩. តំបន់ទេសចរណ៍ Merida :
ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅជួរភ្នំ Andes រមណីយដ្ឋានទេសចរណ៍ទីក្រុង Merida មានអាកាសធាតុត្រជាក់។ យានខ្សែកាបដ៏ខ្ពស់និងវែងជាងគេនៅលើពិភពលោក teleferico ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងនៅទីក្រុងនេះ។
https://i1272.photobucket.com/albums/y389/domneng/Tour%20123/9_zpsb04f87b0.jpg
១០. រមណីយដ្ឋានពិសិដ្ឋ Iglesia de San Francisco :
បរិស័ទដែលចាប់អារម្មណ៍ចង់ទស្សនារមណីយដ្ឋានពិសិដ្ឋនៅ វេនេស៊ូអេឡា គួរតែទៅកាន់ Iglesia de San Francisco នៅទីក្រុងCaracas។ ផ្នែកខាងក្នុងនៃអគារ មានបង្ហាញស្ថាបត្យកម្ម អាណានិគម។ របស់របរដ៏ទាក់ទាញនៅទីនោះ មានរានព្រះភូមិដ៏ចម្លែក។
វែនេស៊ូអេឡា គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដែលមានអច្ឆរិយវត្ថុធម្មជាតិដ៏សម្បូរបែប។ តាមរយៈការទស្សនារមណីយដ្ឋានទាំងនេះ គេអាចបង្កើនចំណេះដឹងផ្នែកប្រវត្ដិសាស្ដ្រ វប្បធម៌ និងបេតិកភណ្ឌនៃប្រទេសនេះ៕
https://i1272.photobucket.com/albums/y389/domneng/Tour%20123/10_zpsb6a82a83.jpg
មតិយោបល់