ព័ត៌មានជាតិ

តើ​អ្នក​ត្រូវ​យល់​ដឹង​អ្វី​ខ្លះ ពី​ការប្រើប្រាស់​ផលិតផល ដែល​ធ្វើឲ្យ​ស្បែកស​?

​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ការប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង ដែល​ធ្វើឲ្យ​ស្បែកស កំពុង​ទទួល​បាន​ការ​ពេញនិយម ក្នុង​ស្រទាប់​យុវវ័យ ជាពិសេស​យុវនារី តែម្តង​។​

​វា​ប្រាកដ​ហើយ​ថា ការប្រើប្រាស់​ផលិតផល ឬ​គ្រឿងសម្អាង អាច​ជួយ​ឲ្យ​ស្បែកយើងស ប៉ុន្តែ​ទទឹម​នឹង​គ្នា នេះ​វា​ក៏​អាច​ផ្តល់​ផល​អាក្រក់​ដល់​យើង​វិញ ផងដែរ​។ គេ​សង្កេតឃើញថា មាន​មនុស្ស​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​មាន​ការយល់ដឹង​ពី​ផលប៉ះពាល់ ក្នុង​ការប្រើប្រាស់​ផលិតផល ឬ​គ្រឿងសម្អាង គ្មាន​គុណភាព ដែល​ធ្វើឲ្យ​ស្បែកស​។ ដូច្នេះ civilai នឹង​លើកយក​ផលប៉ះពាល់ និង​ដំបូន្មាន​ខ្លះៗ ជូន​ដល់​ប្រិយមិត្ត ទុក​គ្រាន់​ជា​ចំណេះដឹង​។​

​ជាទូទៅ​ផលិតផល ឬ​គ្រឿងសម្អាង គ្មាន​គុណភាព ដែល​ធ្វើឲ្យ​ស្បែកស អាច​បណ្តាលឲ្យ​មាន​ផលប៉ះពាល់​ដូចជា ៖

– ការ​រោល ឬ ក្រហាយ​ស្បែក : ធ្វើឲ្យ​មាន​អារម្មណ៍​ឈឺចាប់​លើ​ស្បែក ដែល​ភាគច្រើន បណ្តាលមកពី​សារធាតុ អ៊ី​ដ្រូ​ខ្វូ​យណាន់ (Hydroquinone)​។ សារធាតុ អ៊ី​ដ្រូ​ខ្វូ​យណាន់ ជា​សារធាតុ ដែល​ជួយ​ដល់​ការ​កំចាត់ ឬ ការកាត់បន្ថយ​ស្នាម​អុច​តូចៗ និង​ធ្វើឲ្យ​ស្បែកស ប៉ុន្តែ​បើ​មាន​សារធាតុ​នេះ​លើស​ចំណុះ ក្នុង​ផលិតផល ឬ គ្រឿងសម្អាង វា​អាច​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​

– ប្រតិកម្ម​ស្បែក​ជាមួយ​ពន្លឺ : សារធាតុ អ៊ី​ដ្រូ​ខ្វូ​យណាន់ ធើ្វ​ឲ្យ​ស្បែក​ស្តើង ដែល​នាំ​ឲ្យ​ស្បែក​ងាយ​មាន​ប្រតិកម្ម ជាមួយនឹង​ពន្លឺ ដូចជា ពន្លឺ​អំពូល ពន្លឺព្រះអាទិត្យ និង កាំរស្មី អ៊ុល​ត្រាវី​យូ​ឡេ ជាដើម​។​ល​។​

– ប៉ះពាល់​សុខភាព : ការប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង ដែល​ធ្វើឲ្យ​ស្បែកស ដោយ​មាន​សារធាតុ អ៊ី​ដ្រូ​ខ្វូ​យណាន់ បា​រ៉​ត អុកស៊ីត​ដែលមាន​ជាតិ​អ៊ីដ្រូសែន​ច្រើន (Peroxide) និង អាសេនិច ជាដើម អាច​បណ្តាលឲ្យ​មាន​ជំងឺមហារីក ប្រព័ន្ធ​ដង្ហើម ខូច​សួត ខ្សោយ​ក្រលៀន និង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ទារក ទៀតផង (​វិជ្ជបណ្ឌិត បាន​ហាម​ដាច់ខាត ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​ការប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង ដែល​ធ្វើឲ្យ​ស្បែកស​)​។​

​ចូរ​ចងចាំ​ថា បើ​អ្នក​ប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង​ដែល​ធ្វើឲ្យ​ស្បែកស​តែមួយ​មុខ​នោះ ក៏ នៅ​មិនទាន់​គ្រប់គ្រាន់ ក្នុងការ​ធ្វើឲ្យ​ស្បែកស និង ស្បែក​មាន​សុខភាព​បានដែរ គឺ​វា​ទាមទារ​កត្តា​ផ្សេងទៀត ដើម្បី​ធ្វើឲ្យ​ស្បែកស ដូចជា ៖

– ផឹកទឹក​ឲ្យបាន​ច្រើន : ការផឹក​ទឹក​ឲ្យបាន​ច្រើន វា​អាច​ជួយ​ដល់​ការកាត់បន្ថយ ឬ កំចាត់​ជាតិពុល​ចេញពី​ស្បែក​របស់​អ្នក ។ អ្នក​គូរ​បរិភោគ​ទឹក​ឲ្យបាន​ពី ២ ទៅ ៣​លីត្រ​ក្នុង​មួយថ្ងៃ​។​

– បរិភោគ​អាហារ ឲ្យបាន​ត្រឹមត្រូវ : ការ​តម​អាហារ​ខ្លាំងពេក ឬ ការ​មិន​ទទួល​ទាន​បន្លែ និង​ផ្លែឈើ ធ្វើឲ្យ​រាងកាយ​ខ្វះ​វីតាមីន និង សារធាតុ​បំប៉ន​ដល់​ស្បែក ។ ដូច្នេះ នៅ​ពេល​អ្នក​ប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង ដែល​ធ្វើឲ្យ​ស្បែកស នោះ​វា​នឹង​ពុំ​សូវ​ទទួល​បាន​ប្រសិទ្ធភាព​ឡើយ​។​

– ការ​ហាត់ប្រាណ : វា​ជួយ​ដល់​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ស្បែក បើ​មើលទៅ​វា ហាក់បីដូចជា មិនមាន​អ្វី​ទាក់ទង​នឹង​ការធ្វើ​ឲ្យ​ស្បែក​សទេ ប៉ុន្តែ​តាម​ការពិត គឺ​វា​អាច​ជួយ​បាន​មួយកំរិត ក្នុងការ​ធ្វើឲ្យ​ស្បែកស​។​

​បើ​អ្នក​ចង់​ប្រើប្រាស់​ផលិតផល ឬ គ្រឿងសម្អាង ដែល​ធ្វើឲ្យ​ស្បែកស អ្នក​គួរ​ចៀសវាង ក្នុង​ការប្រើប្រាស់​ផលិតផល​ណា ដែល​មាន​ផ្ទុក​សារធាតុ​ដូចជា ៖

– អ៊ី​ដ្រូ​ខ្វូ​យណាន់ (Hydroquinone)

– អា​សេ​និក (Arsenic)

– បា​រ៉​ត (Mercury)

– អុក​ស៊ីត ដែល​មាន​អ៊ីដ្រូសែន​ច្រើន (Peroxide)

– ស្ទេរូ​អ៊ីត (Steroid)

​ជាពិសេស​ទៅទៀត គួរ​អាន​ការណែនាំ​របស់​ផលិតផល ឲ្យបាន​ច្បាស់លាស់ មុន​ពេល​ប្រើប្រាស់ និង​មិន​ត្រូវ​ប្រើប្រាស់​លើស​ការណែនាំ ហើយ​ចៀសវាង​ដាច់ខាត ក្នុង​ការប្រើប្រាស់​ផលិតផល​តាម​គ្នា និង ផលិតផល​ណា ដែល​មិន​មាន​ស្លាក​សញ្ញា​ច្បាស់លាស់​៕
https://i1272.photobucket.com/albums/y389/domneng/photoshop_white_skin_action_by_skullkill88-d39n0tm_zps29939aa0.jpg​

មតិយោបល់