ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ស្លាប់​ ៤​នាក់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ខេត្តកណ្តាល​៖ សេ​ក្តី​រាយការណ៍​ពី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨ ខាងមុខ​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-7411 បើកបរ​ដោយ​ឈ្មោះ ឆេង ចាន់​សាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ខ្វែវ ស្រុក​សំរោង​ទង ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​អ្នករួមដំណើរ​៣​នាក់​ទៀត​ទី​១-​ឈ្មោះ កង ផល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​នាង​ពួន ឃុំ​ព្រះ​និ​ពាន ស្រុក​សំរោង ខេត្តតាកែវ ទី​២-​ឈ្មោះ សៅ សុឃឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​អូរជ្រៅ ឃុំ​បឹង​ជ្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ទី​៣-​ឈ្មោះ ហ៊ី ឈៀង​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​នាង​ពួន ឃុំ​ព្រះ​និ​ពាន ស្រុក​សំរោង ខេត្តតាកែវ បាន​បើក​ជ្រុល​ទៅបុក​គូថ​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ដែល​បាន​ឈប់​ចត​ស្ងៀម​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ដដែល​បាន​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បាន​បណ្តាល​ឲ្យ​ជនរងគ្រោះ​៤​នាក់ ដែល​ជិះ​នៅក្នុង​កាប៊ីន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2F-7411​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារតែ​កាប៊ីន​រថយន្ត​កៀប​ជាប់​។ ចំណែកឯ​រថយន្ត​ធន់​ធំ​ដែល​ចត​ស្ងៀម​ត្រូវ​រថយន្ត​ជនរងគ្រោះ​បុក​គូថ​ពីក្រោយ​នោះ ក្រោយពី​កើតហេតុ​បាន​បើក​គេច​បាត់ស្រមោល​តែម្តង​។​មន្ត្រីនគរបាល​ខាងលើ​បានបញ្ជាក់ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​សព​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕

CH-0507
DSCF2069

ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ

មតិយោបល់