បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យគម្រោងសាងសង់ផ្លូវលំថ្មី១ខ្សែ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវលំថ្មីដែលបាន និងកំពុងស្ថាបនា នាពេលនេះ មានប្រវែង១៨០០ម៉ែត្រតភ្ជាប់ពីភូមិពីរទៅភូមិពង្រ ក្នុងសង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានថវិកាស្ថាបនាផ្លូវទាំងនេះ គឺទទួលបានជំនួយពីសប្បុរសជនក្នុងខេត្ត តែស្ថិតក្រោមការសម្របសម្រួលពីអាជ្ញាធរ។
បច្ចុប្បន្នផ្លូវ១ខ្សែនេះ បានលើកពូនដីបានប្រវែង៣០០ម៉ែត្រ និងកំពុងស្ថាបនាបន្តបានចម្ងាយ៥០០ម៉ែត្របន្ថែមទៀត ដោយឡែកនៅសល់១០០០ម៉ែត្រ អាជ្ញាធរកំពុងធ្វើការសម្របសម្រួល និងរកដោះស្រាយ ជាមួយប្រជាពលរដ្ឋជាម្ចាស់ដី ដែលរងផលប៉ះពាល់នៅតាមបណ្តោយផ្លូវដែលត្រូវស្ថាបនាខាងលើនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្លូវជាច្រើនខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតនាពេលកន្លងមក កំពុងត្រូវបានជួសជុល និងស្ថាបនាឡើងវិញជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕
មតិយោបល់