ភ្នំពេញៈ ប្រជាពលរដ្ឋដែលនិយមចូលចិត្តដើរកម្សាន្តក្នុងពេលរាត្រី ពេលនេះបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលក្លឹបកម្សាន្តខ្លះមានការវាយតប់ និងមានករណីបាញ់បោះ ដោយក្រុមមនុស្សមួយចំនួន។
ប្រជាពលរដ្ឋបានប្រាប់ទៀតថា ស្ទើរតែរៀងរាល់យប់ទៅហើយ ដែលក្លឹបដាប់ប៊ែលយូ អតីតក្លឹបកម្សាន្ត ឡឺវែស ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បង្កបញ្ហាអសន្តិសុខ ប៉ុន្តែចំណាត់ការពីសំណាក់អាជ្ញាធរនៅតែមិនទាន់មានលទ្ធផលនៅឡើយ។
មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដើមគរបានប្រាប់ថា កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខក្លឹបដាប់ប៊ែលយូ បន្ទាប់ពីបុរសម្នាក់ ត្រូវមនុស្សមួយក្រុមព្រួតវាយហើមមុខហើមមាត់។
ក្រោយកើតហេតុបុរសរងគ្រោះក៏បានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវឈានទៅដល់ចាត់ការមនុស្សមួយក្រុមដែលវាយខ្លួន ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ វង់ ចាន់វឌ្ឍនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ។
បើតាមជនរងគ្រោះឈ្មោះ វង់ ចាន់វឌ្ឍនៈ បានរៀបរាប់ប្រាប់សមត្ថកិច្ចក្នុងពាក្យបណ្ដឹងថា បន្ទាប់ពីខ្លួនចូលទៅផឹកស៊ី និងសប្បាយក្នុងខារ៉ាអូខេ ដាប់ប៊ែលយូ ពីម៉ោង១១យប់រហូតទល់នឹងម៉ោង២រំលងអធ្រាត្រ ស្រាប់តែត្រូវមនុស្សមួយក្រុមមានគ្នា៤នាក់ មិនស្គាល់អត្តសញ្ញាណព្រួតវាយខ្លួនស្ទើរស្លាប់ស្ទើររស់នៅមុខក្លឹបកម្សាន្ត បន្ទាប់ពីខ្លួនបានចាកចេញពីក្លឹបទៅផ្ទះ។ ជនសង្ស័យទាំង៤នាក់ ដែលព្រួតវាយជនរងគ្រោះនោះ ត្រូវបានគេប្រាប់ថា ទើបចេញពីក្នុងក្លឹបដូចគ្នា ប៉ុន្តែគេមិនដឹងពីមូលហេតុថា ផ្ដើមឡើងចេញពីរឿងអ្វី។
ទោះជាយ៉ាងណា បញ្ហានេះអ្នកគ្រប់គ្រងក្លឹបមិនអាចសុំការពន្យល់បានទេ ដោយសារតែសមត្ថកិច្ចសុំបំភ្លឺរឿងបង្កជម្លោះយប់មិញ អ្នកគ្រប់គ្រងខាងក្លឹបមិនសហការ៕
មតិយោបល់