ព័ត៌មានជាតិ

ប្រាក់ចំណូល Facebook កើនឡើង​ខ្ពស់​នៅ​ត្រីមាស​ទី​២

​នៅ​មុន​នេះ​ក្រុមហ៊ុន​វិភាគ​ទៅលើ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន​និយាយថា ប្រាក់ចំណូល​របស់ Facebook ដែល​បានមកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាច​នឹង​ធ្លាក់​ចុះ​នៅក្នុង​ត្រីមាស​ទី​២ ដោយឡែក​កាលពី​ម្សិលមិញ​នេះ Facebook បានប្រកាស​បង្ហាញ​ប្រាក់ចំណូល​ត្រីមាស​ទី​២ ឃើញថា​ប្រាក់​ចំណូល​ដែល​បានមកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​ចល័ត​មាន​ការកើនឡើង​ខ្ពស់​។

ក្រុមហ៊ុន Facebook បាន​ប្រកាស​ឲ្យដឹង​ថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ទី​២ មាន​ចំនួន ១,៨១​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៥៣​ភាគរយ ដែល​ក្រុម​អ្នកវិភាគ​បាន​រំពឹង​ថា មាន​ត្រឹមតែ​១,៦២​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ អ្វី​ដែល​ធ្វើឲ្យ Facebook សប្បាយចិត្ត​នោះ​គឺ​ដោយសារតែ​ប្រាក់​ចំណូល​ដែល​បានមក​ពី​ការផ្សព្វផ្សាយ ពាណិជ្ជកម្ម​នៅ​លើ​ទូរស័ព្ទ​ចល័ត​បាន​កើនឡើង​រហូត​ដល់ ៤១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១២​។ ព្រម​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន Facebook ក៏​បាន​បង្ហើប​ឲ្យដឹងថា​ផងដែរ​ថា ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ប្រើ Facebook កើនឡើង​ដល់ ៦៩៩​លាន​នាក់ ដែល​កើនឡើង ២៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ចំណែក​ចំនួន​អ្នក​ប្រើ​ជា​រៀងរាល់​ខែ​វិញ​បាន​កើនឡើង​ដល់ ១,១៥​ពាន់​លាន​នាក់ កើនឡើង ២១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​៕​
Facebook_2336015b

មតិយោបល់