ព័ត៌មានជាតិ

វិ​ធី​ ​1​1​ ​យ៉ា​ង​​​នៃ​​​ដំ​ណើ​រ​​ជី​វិ​ត​​ក្នុ​ង​​វ័​យ​​សិ​ក្សា​​នៅ​​ម​ហា​វិទ្យា​ល័​យ​

បើ​និយាយ​ពី​ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ​មនុស្ស​ភាគច្រើន​គិត​ថា​វា​ជា​រឿង​ងាយ​ៗ ប្រសិនបើ​មិន​មក​ប្រលូក​ខ្លួន​ផ្ទាល់​នោះ អ្នក​មិន​ដឹង​ទេ​ថា​តើ​វា​មាន​ការ​ពិបាក​យ៉ាងណា​នោះ​ ទម្រាំ​រៀន​ចប់ បួន​ឆ្នាំ ត្រូវ​ប្រឈម​ជាមួយ​ហេតុការណ៍​ជា​ច្រើន​ដែល​កើតឡើង​នៅ​ក្នុង​របង​មហាវិទ្យាល័យ។ វិធី​នៃ​ការ​ប្រើ​ជីវិត​រស់នៅ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ ជា​រៀង​រហូត​ក្នុង​កំឡុង​ពេល​សិក្សា​នោះ វា​ក៏​មាន​ច្រើនបែប​ច្រើនយ៉ាង​ផ្សេងៗ​គ្នា តែ​ក៏​មិន​ជា​មាន​អ្នក​ចងក្រង​ទុក​ជា​ឯកសារ​ណាមួយ​នោះ​ដែរ មាន​តែ​ពួក​យើង​ទាំងអស់​គ្នា​ដែល​ទទួល​បាន​លទ្ធផល​សម្រេច​​រួច​ហើយ​​ ក្នុង​ការ​ប្រើ​ជីវិត​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​នឹង​ចូល​រួម​ចែករំលែក​ដល់​អ្នក​ទាំងអស់​គ្នា​មាន​ដូចជា ៖

  1. សម្រប​ខ្លួន​ឲ្យ​ត្រូវ​នឹង​សង្គម គឺ​ត្រូវ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​នូវ​រឿងរ៉ាវ​ថ្មីៗ ​ដែល​កំពុង​តែ​ឈានជើង​ចូល​មក​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ​របស់​ខ្លួន។

  2. ចូលរួម​ការងារ​រួម​របស់​មហាវិទ្យាល័យ គឺ​បើសិនជា​មហាវិទ្យាល័យ​រៀបចំ​កម្មវិធី​អ្វីមួយ អ្នក​ត្រូវ​ចូលរួម​មាន​ដូចជា​ការ​ធ្វើដំណើរ​ទៅ​បោះ​ជំរំ​នៅ​តាម​បណ្ដា​ខេត្ត​នានា ការ​ជួយ​ការងារ​បរិស្ថាន​ដូចជា សម្អាត​ទីប្រជុំជន ដាំ​ដើមឈើ…ជាដើម ដើម្បី​ទទួល​បាន​បទពិសោធន៍។

  3. ត្រូវ​ចេះ​រាប់អាន​មិត្តភ័ក្ដិ ការ​រាប់អាន​ត្រឹមត្រូវ​គឺ អ្នក​ត្រូវ​រាប់អាន​មិត្ត​ដែល​នាំ​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​​ល្អ អ្នក​ដែល​សង្គម​ភាគច្រើន​រាប់រក ចេះ​យល់​ពី​អ​អធ្យាស្រ័យ​គ្នា​ទៅវិញ​​ទៅ​មក ​ណែនាំ​ក្នុង​ផ្លូវ​ល្អ​ក្នុង​ការរៀនសូត្រ​ ទាំងនេះ​គឺ​ជា​ការ​រាប់អាន​មិត្ត​នៅ​ក្នុង​ផ្លូវ​ល្អ។ ត្រូវ​ជៀសវាង​រាប់អាន​មិត្ត​ដែល​នាំ​ឲ្យ​យើង​វិនាស​ដូចជា នាំ​អ្នក​ប្រើប្រាស់​ថ្នាំញៀន ផឹកស៊ី​អាវាសែ ដើរ​លេង​ប៉ោឡែ ចូរ​កុំ​ទៅ​រាប់អាន​អ្នក​ទាំងអស់​នេះ​ជា​ដាច់ខាត។​ ខ្ញុំ​ធ្លាប់​ឃើញ​មិត្ត​រួម​ថ្នាក់​ជាមួយ​កាល​ខ្ញុំ​នៅ​រៀន​មហាវិទ្យាល័យ ប្រើ​ថ្នាំញៀន ដើរលេង​ផឹកស៊ី​ ដែល​ពួកគេ​គិត​ថា​ជា​រឿង​ឡូយ​សង្ហា អស្ចារ្យ សម្រាប់​ពួកគេ​នៅ​ពេលនោះ តែ​មក​ដល់​ពេល​នេះ​ពួក​គេ ខ្លះ​ក៏​ស្លាប់ ខ្លះ​ក៏​មិន​ត្រូវ​បាន​សង្គម​រាប់រក នេះ​គឺ​ជា​ការពិត។

  4. ការ​ចេះ​លើកលែងទោស ចំពោះ​ចំណុច​នេះ​អ្នក​មិន​គួរ​អនុវត្ត​វា​នៅ​លើ​ដែន​កំណត់​ណាមួយ​នោះ​ទេ ដូចជា​អ្នក​អនុវត្ត​ចំពោះ​តែ​មិត្ត​រួម​ថ្នាក់​ឬ មហាវិទ្យាល័យ​ប៉ុណ្ណោះ​នោះ​ទេ អ្នក​ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​ទូទៅ​ដែល​ធ្វើ​ខុស ដូច​ពាក្យស្លោក​ខ្មែរ​យើង​ពោលថា (ពៀរ​រម្ងាប់​ដោយ​​ការ​មិន​ចងពៀរ)។

  5. កុំ​ដើរលេង​យប់ជ្រៅ ជាពិសេស​បើ​អ្នក​ជា​និស្សិត​ស្រីក្រមុំ ហើយ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ជានិច្ច ព្រោះ​ពេល​ដែល​ព្រះអាទិត្យ​លិច​ហើយ​នោះ ពួក​ជន​ខិល​ខូច​ចាប់ផ្ដើម​ចេញ​មក​ព្រោងព្រាត ប្រសិន​ជា​ចាំបាច់​នោះ​ពេល​អ្នក​ចេញក្រៅ​នៅ​ពេលយប់ អ្នក​ត្រូវ​នាំ​មិត្តភ័ក្ដិ​យ៉ាង​តិច​ម្នាក់​ទៅ​ជាមួយ​ផង​ទើប​ជា​ការ​ល្អ។

  6. ជ្រើសរើស​បន្ទប់​ជួល​ឲ្យ​បាន​ល្អ​​ប្រសិនបើ​អ្នក​ជា​និស្សិត​ស្រីក្រមុំ បើសិនជា​មាន​គួរ​ជ្រើសរើស​​បន្ទប់​ជួល​ដែល​មាន​សុទ្ធ​តែ​ស្រីៗ​​ជា​ការ​ល្អ នេះ​ចំពោះ​និស្សិត​ស្រី​មកពី​តាម​បណ្ដា​ខេត្ត​ដែល​ជួល​ផ្ទះ​ស្នាក់នៅ ព្រោះ​ការ​នៅ​លាយឡំ​គ្នា​មាន​ប្រុស​មាន​ស្រី វា​អាច​កើត​ហេតុ​ដែល​អ្នក​មិន​អាច​គិត​នឹកស្មាន​ដល់​កើតឡើង​មក​ក៏​អាច​ថា​បាន​ដែរ។

  7. ទំនាក់ទំនង​ល្អ​ជាមួយ​សាស្ត្រាចារ្យ ចូរ​កុំ​គិត​ថា​នៅ​មហាវិទ្យាល័យ​រាប់អាន​តែ​មិត្តភ័ក្ដិ​ជា​ការ​គ្រប់គ្រាន់​នោះ អ្នក​ត្រូវ​ទំនាក់ទំនង​ល្អ​ជាមួយ​សាស្ត្រាចារ្យ ដើម្បី​ជួយ​ផ្ដល់​ប្រឹក្សា​ជា​ច្រើន​ដែល​ទាក់ទង​និង​ការ​រៀន និង​ ការ​ស្វែងរក​ការងារ​នៅ​ថ្ងៃខាងមុខ។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ចំពោះ​សាស្ត្រាចារ្យ​មួយ​ចំនួន​តូច​ណា​នោះ​ក៏​មាន​បំណង​អ្វី​មួយ​ផ្សេង​ទៅ​វិញ​ដែរ​( ជាពិសេស​ចូរ​ប្រយ័ត្ន​បើ​អ្នក​ជា​​និស្សិត​ស្រី។

  8. មក​រៀន​ឲ្យ​ទៀងទាត់​ជានិច្ច ការ​ដែល​អ្នក​មក​រៀន​មិន​ទៀងទាត់​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ព័ត៌មាន​មួយ​ចំនួន ឧទាហរណ៍​ដូចជា មិន​បាន​ពិនិត្យ​ឈ្មោះ ក្នុង​បញ្ជី ឬ រំលឹក​មេរៀន​មុន​ប្រលង​ជាដើម។ល។

  9. គិត​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​អ្នក​ចាប់ផ្ដើម​ធ្វើ​អ្វី​មួយ មិន​ថា​រឿង​រៀន ឬ​ការ​ចូលរួម​ការងារ​សង្គម អ្នក​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត មុន​នឹង​ចាប់ផ្ដើម​ប្រតិបត្តិ។

  10. រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ​ពេល​ដែល​អ្នក​ទំនេរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បាន​​ទាំង​ចំណូល​​បន្ថែម​ បាន​ទាំង​បទ​ពិសោធន៍។​ ចូរ​ចាំ​ទុក​ថា​បទពិសោធន៍​គឺ​មិន​មាន​លក់​នៅ​តាម​ផ្សារ​​នោះ​​ទេ ប្រសិន​ជា​អ្នក​ចង់​បាន​ត្រូវ​ប្រលូក​ជាមួយ​វា​ដោយខ្លួនឯង​ផ្ទាល់​។

  11. ខ្ញុំ​ទើប​នឹកឃើញ​វិធី​ចុងក្រោយ​នេះ ហើយ​ក៏​គិត​ថា​ល្អ​សម្រាប់​អ្នករាល់គ្នា​បាន​យក​​​ទៅ​​អនុវត្ត​ដែរ។ អ្នក​មាន​ដែល​ធ្លាប់​គិត​ថា​ចាប់ផ្ដើម​ពី​ថ្ងៃ​ដំបូង​ដែល​អ្នក​ឈានជើង​ចូល​ក្នុង​របង​មហាវិទ្យាល័យ ហើយ​បើ​អ្នក​សាកល្បង​សន្សំ​លុយ​មួយ​ថ្ងៃ ២,០០០រៀល រហូត​ដល់​ថ្ងៃ​រៀន​ចប់​មហាវិទ្យាល័យ​បួន​ឆ្នាំ ថ្ងៃ​ចុងក្រោយ​ដែល​អ្នក​ដើរ​ចេញ​ពី​មហាវិទ្យាល័យ អ្នក​មាន​លុយ​សន្សំ​រួច​ហើយ​គឺ​ 2.920.000រៀល នៅ​ក្នុង​ដៃ​របស់​អ្នក ដែល​វា​អាច​ឲ្យ​អ្នក​ចាប់ផ្ដើម​គំនិត​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ខ្នាត​តូច​មួយ​បាន។ ហើយ​បើ​​ឧបមាកថា​​អ្នក​មាន​លុយ​សន្សំ​មួយ​ថ្ងៃ 10.000រៀល​វិញ ក្នុង​កំឡុង​ពេល​បួន​ឆ្នាំ អ្នក​នឹង​មាន 14.600.000រៀល នៅ​ក្នុង​ដៃ​រួចជាស្រេច។

តើ​អ្នក​យល់​យ៉ាងណា​ដែរ​ចំពោះ​គំនិត​ទាំងអស់​នេះ?
ទោះជា​យ៉ាងណាក៏ដោយ ជីវិត​រស់នៅ​ក្នុង​ពេល​រៀន​មហាវិទ្យាល័យ វា​អាស្រ័យ​លើ​ការ​សម្រប​ខ្លួន​របស់​អ្នក​ដោយ​ខ្លួនឯង ដើម្បី​អនាគត​អ្នក​ខ្លួនឯង។ អ្នក​ត្រូវ​ប្រើ​ពេល​វេលា​ក្នុង​មួយ​ថ្ងៃៗ​របស់​អ្នក​ឲ្យ​អស់​តម្លៃ​របស់​វា សម្រាប់​ខ្លួន​អ្នក ក្រុម​គ្រួសារ​អ្នក អ្នក​នៅ​ជុំវិញ​ខ្លួន អ្នក និង​សង្គម​របស់​យើង៕
678006209_1366831395
ចម្លង​និង​កែសម្រួល​ពី : មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​កម្ពុជា

មតិយោបល់