ប្រព័ន្ធមីស៊ីលការពារជាតិរបស់អង្គការណាតូ ត្រូវបានគេដាក់ពង្រាយនៅ តាមព្រំដែនតួកគីគៀក នឹងប្រទេសស៊ីរី ស្ថិតនៅខេត្ត ការ៉ាម៉ានម៉ារ៉ាស ហើយកងកម្លាំង យោធារបស់តួកគី នឹងចូលរួមសហការជាមួយគ្នា ដើម្បីទប់ទល់នឹងឥទ្ធិពលសង្គ្រាមដែលកើត ចេញ ពីការវាយប្រហាររបស់បណ្តា ប្រទេសលោកខាងលិច នៅប្រទេសស៊ីរី នោះ។នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០១៣។
ការធ្វើ បែបនេះ គឺដើម្បីទប់ស្កាត់ ការគម្រាមកំហែងណាមួយ ចេញពីប្រទេសស៊ីរី បន្ទាប់ពីបណ្តា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានសម្រេចថានឹងធ្វើការវាយប្រហារ របបដឹកនាំរបស់លោកប្រធានាធិបតី ស៊ីរី បាហ្សា អាល់ អាស្សាដ ដែលត្រូវបានអន្តរជាតិ និង ក្រុមប្រឆាំងនៅប្រទេសស៊ីរី បានចោទប្រកាន់ថាប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលទាំង ប្រុស ស្រី ចាស់ ក្មេង រហូតដល់ជាង ១.៣០០នាក់នៅជាយទីក្រុងដាម៉ាស កាលពីថ្ងៃ២១ ខែ សីហា កន្លងទៅនេះ។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសតួកគីលោក អាហ៍ម៉េដ ដាវូតូគ្លូ។
ទោះបីជាអន្តរជាតិភាគច្រើន បានជំទាស់ទៅនឹងការធ្វើអន្តរាគមន៍ដោយយោធា នៅស៊ីរីក៏ដោយ ក៏ប៉ុន្តែអាមេរិក និង សម្ព័ន្ធមិត្តស្និតរបស់ខ្លួនអាចនឹងបើកការវាយប្រហារជា ឯកតោភាគី ប្រសិនបើមានការព្រមព្រៀងគ្នាកើតឡើយ ដូចដែលពួកគេបានធ្វើនៅ ប្រទេសលីប៊ី និង អ៊ីរ៉ាក់ ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមរវាងគ្នាឯងនៅប្រទេសស៊ីរីនេះ បានបង្កផលប៉ះពាល់ជា រឿយៗដល់ប្រទេសតួកគីរួចទៅហើយ ដូចជាការបាញ់គ្រាប់ផ្លោងខុសធ្លាក់ចូលទឹកដីតួកគី កាលពីឆ្នាំមុន ព្រមទាំងបញ្ហានានាជាច្រើនទៀត។ ចំពោះទំនាក់ទំនងប្រទេសជិតខាង ដែលធ្លាប់តែល្អូកល្អឺនទាំងពីរ នេះក៏បានធ្លាក់មកដល់ចំណុចសូន្យផងដែរ នៅពេលដែលរបប ដឹកនាំស៊ីរី បានប្រើប្រាស់ យោធាបង្ក្រាបក្រុមប្រឆាំង កាលពីពេលដែលជម្លោះចាប់ផ្តើម នៅជិតពាក់កណ្តាលឆ្នាំ ២០១១ មកនោះ៕
មតិយោបល់