ទីក្រុង Rio De Janeiro ( 17/09/13 ) : លោកស្រីប្រធានាធិបតីប្រេស៊ីល Dilman Rousseff បានមានប្រកាសកាលពីថ្ងៃអង្គារថាលោកស្រីនឹងលុបចោលនូវដំណើរទស្សនកិច្ចផ្លូវការដែលបានគ្រោងទុកសម្រាប់ថ្ងៃទី 23 តុលានៅអាមេរិកដោយសារតែបញ្ហាជម្លោះលើរឿងរ៉ាវដែលអាមេរិកបានធ្វើចារកម្មសម្ងាត់មកលើប្រទេសប្រេស៊ីលហើយពុំមានការបកស្រាយណាមួយច្បាស់លាស់ក្នុងការទទួលយក។
ប្រេស៊ីលធ្លាប់បានទាមទារយកការពន្យល់ពីអាមេរិកលើបញ្ហាចារកម្មមកលើប្រទេសខ្លួនពីសំណាក់អាមេរិកប៉ុន្តែហាក់ដូចជាមិនមានការប្តេជ្ញាចិត្តពីខាងភាគីអាមេរិកក្នុងការដោះស្រាយបញ្ហានេះនៅឡើយ។លោកបារ៉ាក់អូបាម៉ាកាលពីថ្ងៃច័ន្ទបានទូរស័ព្ទមកកាន់លោកស្រីប្រធានាធិបតី ដោយនិយាយថាមានការសោកស្តាយនៅពេលដែលលោកស្រីមិនអាចធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកាន់អាមេរិកបាន។
គួរបញ្ជាក់ថាការលេចចេញនូវព័ត៌មានដែលបកអាក្រាតពីការលួចស៊ើបការណ៍ជាសម្ងាត់ពីសំណាក់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកលើប្រេស៊ីលត្រូវបានអតីតអ្នកធ្វើការឲ្យទីភ្នាក់ងារនោះគឺលោក Edward Snowder ដែលបច្ចុប្បន្នទទួលសិទ្ធិស្នាក់នៅបណ្តោះអាសន្ននៅប្រទេសរុស្សីនៅឡើយហើយនិងមានព័ត៌មានជាច្រើនទៀតដែលខ្លួនបានទទួលពីកម្មវិធីទូរទស្សន៍ក្នុងស្រុកស្តីពីការធ្វើចារកម្មរបស់អាមេរិកមកលើប្រទេសខ្លួន៕
មតិយោបល់