ព័ត៌មានជាតិ

១០០​នាក់​ស្លាប់ រាល់​ឆ្នាំ ដោយសារ​ជំងឺ​ឆ្កែ​ឆ្គួត​ នៅវៀតណាម

នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា ម្សិលមិញ​នេះ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ក្នុង​ប្រទេស​វៀតណាម បានឲ្យដឹងថា ប្រទេស​វៀតណាម មាន​មនុស្ស​ប្រហែល ១០០​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​ឆ្កែ​ឆ្គួត ច្រើនជាង ៩០​ភាគរយ នៃ​ករណី​ស្លាប់​ដោយសារតែ​ជំងឺ​នេះ បណ្តាល​មក​ពី​ការ​គ្មាន​ថ្នាំ​ចាក់ វ៉ាក់សាំង​ការពារ ។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ការិយាល័យ​អង្គការ​កសិកម្ម និង​ស្បៀងអាហារ នៃ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ក្នុង​ប្រទេស​វៀតណាម បាន​និយាយថា ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅនេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្គួត ចេះតែ​កើន​ឡើង​ក្នុង​ប្រទេស​វៀតណាម ពី ៣៤​នាក់ នៅក្នុង​ឆ្នាំ​២០០៣ ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន ១៣១​នាក់ កាល​ពី​ក្នុង​ឆ្នាំ​២០០៧ ។​

​ជំងឺ​ឆ្កែ​ឆ្គួត គឺ​ត្រូវបាន​ចាត់ទុក​ថា​ជា ជំងឺ​មាន​ការធ្វេសប្រហែស​មួយ ដែល​ជា​ផល​ប៉ះពាល់ ភាគ​ច្រើន​ចំពោះ​ប្រជាជន​ដែល​ងាយ​រងគ្រោះ ក្នុងនោះ​រួមមាន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ តំបន់​ជនបទ ដែល​មិន​បាន​ទទួល​ព័ត៌មាន ហើយ​និង​សេវា​សុខភាព​ត្រឹមត្រូវ​។ គ្រប់​ករណី​មនុស្ស​ដែល​កើត​ជំងឺ​នេះ ត្រូវបាន​គេ​រាយការណ៍ រហូតមកដល់​ពេលនេះ ក្នុង​ប្រទេស​វៀតណាម​ក្នុង ឆ្នាំ​២០១៣ ជា​ទូទៅ​បាន​បណ្តាល​ឲ្យ មនុស្ស​ស្លាប់ ដោយសារតែ ការបរាជ័យ​ក្នុង​ការស្វែងរក ការ​ធ្វើ​ការពន្យល់​ជា​សាធារណៈ មុន​នៃ​វិធី​ការពារ​ជំងឺ​ប្រភេទ​នេះ​។​

​ក្នុង​ប្រទេស​វៀតណាម ភាគច្រើន​នៃ​ករណី​កើត​ជំងឺ​ឆ្កែឆ្គួត​នេះ កើតមានឡើង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស ហើយ​និង​ខេត្ត​នៅ​តាម​តំបន់ភ្នំ​។ មូលហេតុ​សំខាន់​នៃ​ការកើនឡើង​ចំនួន ករណី​មនុស្ស​កើត​ជំងឺ​នេះ ជាង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ រួម​មាន​ការ​យល់​ដឹង​ជា​សាធារណៈ នៅ​មាន​កម្រិត​ទាប​អំពី​ជំងឺ​នេះ និង​វិធានការ​ក្នុងការ ការពារ​ខ្លួន ការគ្រប់គ្រង​មិន​ល្អ​នៃ​សត្វ​ឆ្កែ ចំនួន​ដ៏​ច្រើន​នៃ​សត្វ​ឆ្កែ​ដែល​គ្មាន​ម្ចាស់ ព្រមទាំង​គ្មាន​ថ្នាំ​ចាក់​វ៉ាក់សាំង ការពារ​៕

vn

មតិយោបល់