ព័ត៌មានជាតិ

Toyota និង Nissan ប្រមូលរថយន្តមកជួសជុលព្រមគ្នា

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានប្រកាសប្រមូលរថយន្តម៉ូដែល Toyota Sienna ចំនួន ៦១៥.០០០គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើការជួសជុលលើបញ្ហាផ្នែកហ្វ្រាំង។

Toyota បានបញ្ជាក់ថា បញ្ហាដែលកើតចំពោះម៉ូដែលខាងលើមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ។ សម្រាប់ម៉ូដែល ដែលត្រូវប្រមូលនោះគឺជាផលិតផលនៅក្នុងឆ្នាំ ២០០៤, ២០០៥, ២០០៧ និង ២០០៩។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនផលិតរថយន្ត Nissan ក៏បានប្រកាសប្រមូលរថយន្តចំនួន ៩០៨.៩០០គ្រឿងផងដែរនៅជុំវិញពិភពលោក ដោយសារបញ្ហា Sensor ប៉ុន្តែវាមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ឡើយ ហើយរថយន្តដែលត្រូវប្រមូលនោះមានម៉ូដែល Infiniti M, Serena, X-Trail, Lafesta និង Fuga ដែលផលិតឡើងនៅចន្លោះឆ្នាំ ២០០៤-២០១៣។

នេះជាលើកទីពីរហើយក្នុងខែនេះ ដែលក្រុមហ៊ុន Toyota ប្រកាសប្រមូលរថយន្តមកជួសជុលនៅក្នុងសហរដ្ឋអាមេរិក ដែលនៅមុននេះ បានប្រមូលរថយន្តជាង ៧៨០.០០០គ្រឿង៕

រថយន្ត Toyota ម៉ូដែល Sienna
រថយន្ត Toyota ម៉ូដែល Sienna

មតិយោបល់