ព័ត៌មានជាតិ

iWatch អាច​នឹង​លក់បាន ១០​លាន​គ្រឿង នៅ​ឆ្នាំ​ដំបូង​

តាម​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ម្ចាស់ iPhone ប្រមាណ ២​ទៅ​៤​ភាគរយ មានបំណង់​ចង់​ប្រើ​នាឡិកា​ឆ្លាត​វៃ iWatch របស់​ក្រុមហ៊ុន Apple​។​

Piper Jaffray បាន​ធ្វើ​ការស្ទង់មតិ​ទៅលើ​អតិថិជន Apple ចំនួន ៧៩៩​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ទាក់ទង​នឹង iWatch ដោយ​នៅ​ក្នុង​នោះ​មាន ២​ទៅ​៤​ភាគរយ ចង់​ប្រើ iWatch​។​

​យោង​តាម​ទិន្នន័យ​ដែល​បានមកពី​ការស្ទង់មតិ​នេះ Piper Jaffray បាន​សន្និដ្ឋានថា ក្រុមហ៊ុន Apple អាច​នឹង​លក់ iWatch បាន​ពី ៥​ទៅ​១០​លាន​គ្រឿង​នៅ​ឆ្នាំ​ដំបូង​។​

​បើទោះបីជា iWatch បាន​ក្លាយ​ជា​ព័ត៌មាន​ចចាមអារ៉ាម​ដែល​មាន​អាយុកាល​យូរ​ជាង​គេ​ក្ដី ក៏​អតិថិជន Apple នៅតែ​រំពឹងថា Apple ពិតជា​នឹង​ចេញ​នាឡិកា​ឆ្លាត​វៃ​នេះ​នៅ​ថ្ងៃ​ណា​មួយ ហើយ​បើ​តាម​ការ​ព័ត៌មាន​ថ្មី​ចុងក្រោយ​គឺ iWatch នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០១៤​។​

​ចំណែក​ក្រុម​ស្រាវជ្រាវ Munster បានឲ្យដឹងថា នៅក្នុង​ទិន្នន័យ​ដែល​ស្ទង់​មតិ​បាន​គឺ​មាន​អតិថិជន Apple ប្រមាណ ១២​ភាគរយ មាន​ការចាប់អារម្មណ៍​ទៅលើ iWatch ដោយ​នៅ​ក្នុង​នោះ Munster ថែមទាំង​បាន​បញ្ជាក់ថា iWatch នឹង​មាន​តម្លៃ ៣៥០​ដុល្លារ​អាមេរិក​។​
​ប្រសិនបើ Apple លក់ iWatch បាន​ជា​មធ្យម ៧,៥​លាន​គ្រឿង​នោះ ក្រុមហ៊ុន Apple នឹង​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​ចំណេញ​៧៩០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៤៕

iWatch

មតិយោបល់