នាយកប្រតិបត្តិផ្នែកលក់ប្រចាំតំបន់អាមេរិករបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor លោក John Krafcik បានមានប្រសាសន៍ថា ការបិទ រដ្ឋាភិបាលអាមេរិក ដែលបាននឹងកំពុងតែអូសបន្លាយពេលនេះ កំពុងប៉ះពាល់ដល់ទំនុកចិត្តអតិថិជន និងអាចកាត់បន្ថយការលក់រថយន្តថ្មីនៅខែតុលា រហូតដល់ចំនួន ១០ភាគរយផងដែរ។
លោក Krafcik ប្រាប់ Bloomberg ថា ការប្រឈមមុខដាក់គ្នារបស់អ្នកនយោបាយនៅទីក្រុង វ៉ាស៊ីនតោន បានចាប់ផ្តើមកាលពីថ្ងៃ ទី០១ខែ តុលា ដែលបានធ្វើឲ្យទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយចំនួនបិទទ្វារ និងមន្ត្រីរាជការរបស់រដ្ឋាភិបាលសហព័ន្ធឈប់សម្រាកវិស្សមកាលនោះ កំពុងជំរុញឲ្យមនុស្សជាច្រើនមិនពេញចិត្ត។
“ការខឹងសម្បានោះហើយ ដែលបានធ្វើឲ្យអតិថិជនមានសក្តានុពល និងក្រុមអតិថិជនដែលមិនពាក់ព័ន្ធនឹងបញ្ហានេះ មានការស្ទាក់ស្ទើរនៅពេលទិញទំនិញធំៗ ដូចជា រថយន្តជាដើម។ យើងនឹងឃើញការលក់រថយន្តធ្លាក់ចុះពី ៥ ទៅ១០ ភាគរយក្នុងខែនេះ ធៀបនឹងការលក់នៅខែ កញ្ញា។ ខ្ញុំយល់ថា មានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើទាក់ទងនឹងការពិភាក្សាពីបញ្ហាបិទសេវាកម្មរបស់រដ្ឋាភិបាលនេះ”។ នេះជាសម្ដីរបស់លោក Krafcik បានថ្លែងបន្ត។
គួរបញ្ជាក់ផងដែរថា ការលក់រថយន្តគឺជាកត្តាជំរុញដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះគិតត្រឹមខែ កញ្ញា ជាពេលដែលរយៈពេលលក់រថយន្តមានតិចតួចជាងថ្ងៃធម្មតា ដែលបានជំរុញឲ្យការចែកចាយរថយន្តធ្លាក់ចុះជាលើកដំបូងក្នុង ឆ្នាំ ២០១៣នេះ។ នៅត្រីមាសចុងក្រោយក្នុងឆ្នាំនេះ ជាពេលដែលក្រុមហ៊ុនផលិតរថយន្តលក់រថយន្តម៉ូដែលប្រចាំឆ្នាំចាស់ និងងាកមកលក់ផលិតផលថ្មីៗនោះ ហាក់ដូចជារយៈពេលលក់ដាច់បំផុតសម្រាប់ឧស្សាហកម្មរថយន្ត៕
មតិយោបល់