កីឡាករ Radamel Falcao ខ្សែប្រយុទ្ធរបស់ក្លិប Monaco បានធ្វើការអះអាងថាខ្លួនពិតជាសប្បាយរីករាយខ្លាំងណាស់ ក្នុងការស្នាក់នៅក្នុងក្លិបនាប្រទេសបារាំង ខណៈចចាមអារាមថា ខ្លួននឹងកំពុងមានទំនាក់ទំនងជាមួយនឹង Real Madrid នោះ។
ខ្សែប្រយុទ្ធសញ្ជាតិកូឡ៊ុំប៊ីរូបនេះ បានធ្វើការសម្រេចចិត្តទៅ កាន់ ក្របខណ្ឌ Ligue 1 កាលពីរដូវក្តៅកន្លងទៅនេះ ក្នុងតម្លៃ ៥១ លានផោន ប្រហលែជា ៨២ លានដុល្លារ ដែលជាគម្រោងដ៏មហិច្ចតារបស់ក្លិប Monaco ដែលចង់បានគាត់។
អតីតកីឡាករ ក្លិប Atletico Madrid មុនចេញពីក្លិបមួយនេះ ក៏ស្ទាក់ស្ទើរថា នឹងទៅណាឲ្យប្រាកដ គួរតែទៅ កាន់ក្លិប Real Madrid ឬ Monaco ? ក្នុងនោះអ្នកគាំទ្រខ្លួនជាច្រើនបានជម្រុញឲ្យខ្លួនទៅកាន់ក្លិប Real Madrid ។ ក្រោយពីនេះខ្លួនបានសម្រេចចិត្តថា នឹងទៅកាន់ ក្លិប ដែលកីឡាករសំណព្វចិត្តរបស់ខ្លួនធ្លាប់លេងនោះ គឺ កីឡាករ Henry ដែលធ្លាប់លេងឲ្យក្លិប Monaco ដំបូងនោះ។
ហេតុដូច្នេះហើយ ក្លិប Real បានបរាជ័យក្នុងការដេញថ្លៃកីឡាកររូបនេះ ហើយលោក Florentino Perez បាននិយាយថា “Falcao គឺជាអ្នកលេងដ៏អស្ចារ្យ ហើយខ្ញុំក៏ចង់បានគាត់ឲ្យមកលេងជាមួយនឹងក្លិប Real ផងដែរ”។ថ្មីៗនេះដែរ ជាមួយនឹងកុងត្រាជាមួយនឹង Monaco រហូតដល់ឆ្នាំ ២០១៨ ស្រាប់តែលេចឭពាក្យចចាមអារាមថា កីឡាករ Radamel Falcao មានទំនាក់ទំនងនឹងចង់ចាកចេញពី Monaco ទៅកាន់ក្លិប Real Madrid វិញ។ ទន្ទឹមជាមួយនឹងគ្នានេះ កីឡាករ Radamel Falcao បានចេញមុខបដិសេធថា “គ្មានហេតុផលដែលខ្ញុំចាកចេញពី Monaco នោះទេ ព្រោះថានៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។ម្យ៉ាងវិញពេលនេះ វាមិនមែនជាពេលដែលនិយាយជាប់ទាក់ទងនឹងក្លិប Real Madrid នោះទេ”។
បញ្ជាក់ផងដែរថា សម្រាប់ការប្រកួត ៩ ដងឲ្យក្លិប Monaco កីឡាករ Radamel Falcao បានបំប៉ោងសំណាញ់គូប្រកួត ៧ គ្រាប់សម្រាប់រដូវកាល ២០១៣ និង ២០១៤ នេះ ៕
មតិយោបល់