ក្រុមហ៊ុនធានារ៉ាប់រង Lao-Viet Insurance Company (LVI) នៅថ្ងៃសុក្រសប្ដាហ៍មុន បានផ្ដល់ប្រាក់ចំនួន ៤លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Lao Airlines ដើម្បីជាសំណង បន្ទាប់ពីយន្តហោះ ATR 72-600 បានធ្លាក់នៅក្នុងទន្លេមេគង្គ កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ ២០១៣ កន្លងទៅ ក្បែរព្រលានយន្តហោះអន្តរជាតិ Pakse ប្រទេសឡាវ។
នេះជាការទូទាត់លើកដំបូងសម្រាប់ការធ្លាក់ចុះយន្តហោះនេះ ហើយសម្រាប់ការទូទាត់ផ្សេងៗនឹងត្រូវធ្វើឡើងនៅថ្ងៃក្រោយ ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំទឹកប្រាក់សរុបនោះទេ។
ប្រធានគ្រប់គ្រងក្រុមហ៊ុន LVI លោក Pham Duc Hau បានផ្ដល់នូវទឹកប្រាក់ ៤លានដុល្លារអាមេរិកទៅឲ្យលោក Somphone Duangdara ប្រធានក្រុមហ៊ុន Lao Airlines ហើយលោកបានសន្យាថា ក្រុមហ៊ុន LVI ដែលមានមូលដ្ឋានធំនៅក្នុងទីក្រុងឡុងដ៍ នឹងធ្វើការសងទៅតាមការខូតខាត និងស្ដង់ដាអន្តរជាតិ។
ប៉ុន្តែលោក Hau មិនបានផ្ដល់ព័ត៌មានលម្អិតនៃការផ្ដល់ជួនសំណងបន្ថែមដល់មនុស្ស ៤៩នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះទេ តែដំបូងឡើយ ក្រុមគ្រួសារនៃសពគឺទទួលបាន ៥.០០០ដុល្លារអាមេរិក សម្រាប់រៀបចំពិធីបុណ្យសព។
គួរបញ្ជាក់ផងដែរថា យន្តហោះ Lao Airlines ATR 72-600 ត្រូវចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Pakse ក្នុងខេត្ត Champassak នៅថ្ងៃទី១៦ខែតុលា ឆ្នាំ ២០១៣ ប៉ុន្តែហៀបនឹងចុះចត ក៏បានធ្លាក់ចុះទៅក្នុងទឹកទន្លេមេគង្គ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីគោលដៅ៕
មតិយោបល់