ព័ត៌មានជាតិ

ឧស្សា​ហកម្ម​រថយន្ត​ចិន​ កើន​ឡើង​ខ្ពស់​ក្នុង​ខែ​​តុលា​

ការលក់​ និង​ការ​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន​ បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ខែ​តុលា​ បើ​ធៀប​នឹង​ទៅ​ឆ្នាំ​មុន​។​ នេះ​​បើ​យោង​តាម​​របាយ​ការណ៍​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

mini

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយថា ការលក់រថយន្ត​បាន​កើន​ឡើង​ ២០,៣​ភាគរយ​នៅ​ក្នុង​ខែ​តុលា​ បើ​ធៀប​​ទៅ​នឹង​ឆ្នាំ​មុន​ ដោយ​មាន​ចំនួន​ ១,៩​៣​លាន​គ្រឿង​ ដោយ​កើន​ឡើង​ពី​ ១៩,៧​ភាគរយ​កាល​ពី​ខែ​កញ្ញា។​ នេះ​បើ​យោង​តាម​​សមាគម​យានយន្ត​របស់​ចិន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​។​

ចំណែកការផលិតរថយន្តវិញក៏បានកើនឡើង ២០,៧ភាគរយ​នៅ​ក្នុង​ខែ​តុលា ​ដោយ​ផលិត​បាន​រថយន្ត​ចំនួន​ ១,៩២​​លាន​​គ្រឿង​ ដោយ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​ខែ​កញ្ញា។​

នៅក្នុងរយៈពេល ១០ខែដំបូង ការលក់រថយន្តនៅក្នុងប្រទេស​ចិន​បាន​កើន​ឡើង​ ១៣,៥​ភាគរយ​ ដោយ​មាន​​ចំនួន​ ១៧,៨​​លាន​គ្រឿង​ ខណៈ​ដែល​ការ​ផលិត​បាន​កើន​ឡើង​ ១៣,៦​ភាគរយ​ ស្មើ​នឹង​ ១៧,៨​លាន​គ្រឿង​ ដោយ​កើន​​ឡើង​​ខ្ពស់​ជាង​រយៈ​ពេល ​៩ខែ​ដំបូង។​

យោងតាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា រថយន្តដែលក់​ដាច់​ជាង​គេ​នៅ​ក្នុង​ខែ​តុលា ​គឺ​ជា​ប្រភេទ​រថយន្ត​​ដឹក​អ្នក​ដំណើរ​ ហើយ​​ការ​នាំចេញ​នៅ​ក្នុង​ខែ​តុលា ​ក៏​បាន​កើន​ឡើង​ ៣,៣​ភាគរយ​ផង​ដែរ​ ចំណែក​ឯ​ការ​នាំចេញ​សរុប​ក្នុង​រយៈពេល​ ១០​ខែ​​ដំបូង​បាន​កើន​ឡើង​ ៧,៥​ភាគរយ​។​

គួរបញ្ជាក់ផងដែរថា ចិនជាប្រទេសដែលមានទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ និង​ជាប្​រទេស​ដែល​ផលិត​រថយន្ត​ធំ​ជាង​គេ​លំដាប់​ទី​បួន​ផង​ដែរ​ កាល​ពី​ឆ្នាំ​​២០១២​៕​

មតិយោបល់