កណ្ដាលៈ រឿងរ៉ាវរបស់មន្ត្រីមានសមត្ថកិច្ចនៅច្រកជ្រៃធំក្នុងស្រុកកោះធំខេត្តកណ្តាលជាប់ព្រំដែនវៀតណាម ពិសេសក្រុមមន្ត្រីគយតែម្តងដែលចាប់បង្ក្រាបបានសត្វអណ្តើក និងពស់បានជិត១ពាន់តោននោះ ត្រូវបានប្រភពពីសមត្ថកិច្ចនគរបាលការពារព្រំដែនឈរជើងនៅតំបន់នោះបានទម្លាយឲ្យដឹងថា ក្រុមឈ្មួញដែលដឹកសត្វអណ្តើក និងពស់ជិត១តោនប្រុងលោតឆ័ត្រទៅវៀតណាមនោះចរចារជាមួយសមត្ថកិច្ចផ្សេងៗត្រូវថ្លៃ និងបង់លុយឲ្យអស់ហើយនៅឡើយតែក្រុមឈ្មួញនិយាយថ្លៃចរចារគ្នាមិនត្រូវជាមួយមន្ត្រីគយច្រកជ្រៃធំដែលមានលោក មួង ដារ៉ា ជាប្រធានការិយាល័យច្រក ។
ប្រភពបានទម្លាយឲ្យដឹងទៀតថា មន្ត្រីគយច្រកជ្រៃធំនោះទារលុយពីឈ្មួញជួញសត្វព្រៃនោះយកថ្លៃកប់ពពកពេក ពោល គឺចង់ស្មើរ និងតម្លៃសត្វព្រៃជិត១តោននោះទៅហើយ ទើបឈ្មួញខិតខំចរចារយ៉ាងយូរ រហូតធ្វើឲ្យក្រុមមន្ត្រីគយនោះខឹងក៏ចាប់យកមកស្នាក់ការតែម្តង។ ប្រភពពីក្រុមមន្ត្រីដដែលនោះបានប្រាប់ទៀតថា មន្ត្រីគយចាប់យកតែសត្វអណ្តើកនិងសត្វពស់តែប៉ុណ្ណោះ ឯម្ចាស់សត្វមិនបានឃាត់ខ្លួននោះទេ។
ប្រភពបានខ្សឹបបញ្ជាក់ថា ការដែលមន្ត្រីគយចាប់យកតែសត្វនេះ គឺគេគ្រាន់តែជាការព្រមានដល់ម្ចាស់សត្វ កុំឲ្យលើកក្រោយៗចរចារគ្នាមិនត្រូវទៀតនោះ។ ប្រភពបានប្រាប់ទៀតថា ពួកឈ្មួញជួញដូរសត្វព្រៃនោះ គឺជាម៉ូយរបស់មន្ត្រីប្រចាំនៅច្រកជ្រៃធំនោះតែម្តង។ សត្វព្រៃពួកឈ្មួញដឹកចេញរាល់ៗយប់ ហើយរាល់នាំចេញទៅវៀតណាមបានរាល់ៗលើកនោះ គឺឈ្មួញបានបង់លុយឲ្យទៅមន្ត្រីច្រកជ្រៃធំនោះគ្រប់ទាំងអស់។ តែលើកចុងក្រោយនេះ សត្វអណ្តើក និងពស់មានជិត១តោន ទើបក្រុមមន្ត្រីគយទាមទារឲ្យបង់លុយច្រើននោះ។
ប្រភពមន្ត្រីទាំងនោះបានបញ្ជាក់ថា សត្វអណ្តើក និងពស់ជិត១តោន នោះត្រូវមន្ត្រីគយចាប់យកមកស្នាក់ការ នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ដោយចាប់នៅចំណុចក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយការចាប់ហើយទើបគេហៅមន្ត្រីប្រឆាំងបទល្មើសសត្វព្រៃមកទទួលយក។
លោក សុខ មី ប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សត្វព្រៃដែលបង្ក្រាបបានសរុបជិត១តោន ក្នុងនោះមាន សត្វអណ្តើក៣៦៤គីឡូក្រាម ជាប្រភេទអណ្តើកភ្នំ ពស់ថ្លាន់១៦គីឡូក្រាម និងពស់សង់សឿ៤៣៣គីឡូក្រាម។
លោក សុខ មី បន្ដថា សត្វពស់ទាំងអស់យកទៅព្រលែងនៅកន្លែងអភិរក្សសត្វព្រៃភ្នំតាម៉ៅ ចំណែកអណ្តើកត្រូវទៅលែងនៅក្រុងកំពង់សោម ប៉ុន្តែត្រូវថែរក្សាសត្វទាំងនេះមានកម្លាំងសិន៕
មតិយោបល់