ព័ត៌មានជាតិ

របាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជា IMF, WB, ADB, EU និង UN ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ បានមានប្រសាសន៍ថា នេះគឺជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយនូវរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនជាផ្លូវការ។ របាយការណ៍នេះ គឺជារបាយការណ៍តាមដាន និងវាយតម្លៃសេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ នៅក្នុងរយ:ពេល ០៦ខែ ដើមឆ្នាំ២០១៦នេះ។ ការផ្សព្វផ្សាយនេះ មានគោលបំណងជូនព័ត៌មានដល់សាធារណ:ជូនទូទៅ ពិសេសអ្នកសិក្សាស្រាវជ្រាវ សិស្សនិស្សិត ដែលមានបំណងចង់ស្វែងយល់ និងតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជាយើង។ របាយការណ៍នេះ គឺត្រូវបានរៀបចំដោយក្រុមសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយគ្មានការជួយពីជំនាញការបរទេសនោះទេ ហើយរបាយការណ៍នេះនឹងត្រូវបង្ហោះនៅក្នុងគេហទំព័ររបស់ក្រសួង ដែលអាចឱ្យសាធារណ:ជនទូទៅអាចចូលទៅមើល និងអាចទាញយកសម្រាប់សិក្សាស្រាវជ្រាវបាន។ លោកបានលើកឡើងថា កន្លងមក យើងធ្លាប់តែឃើញដៃគូរបស់យើង ដូចជា IMF WB និង ADB តែងតែបានរៀបចំនិងផ្សព្វផ្សាយនូវរបាយការណ៍ស្រដៀងគ្នានេះ តែចាប់ពីពេលនេះតទៅ កម្ពុជានឹងមានរបាយការណ៍សេដ្ឋកិច្ចផ្លូវការរបស់ខ្លួនដែរ ដែលដូចគ្នានឹងការរៀបចំរបស់ដៃគូខាងលើ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចម្ការផ្សព្វផ្សាយរបាយការណ៍នេះចំនួន ០២ដង ក្នុងមួយឆ្នាំ។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម តាមការតាមដាននិងវាយតម្លៃស្ថានភាពសេដ្ឋកិច្ច នៅក្នុងរយ:ពេល ០៦ ខែនេះ គឺសេដ្ឋកិច្ចកម្ពុជានៅតែអាចសម្រេចបាននូវកំណើន ៧% ក្នុងឆ្នាំ២០១៦នេះ ដូចការព្យាការណ៍ពីដើមឆ្នាំ។ កំណើនេះនឹងនៅតែបន្តមានភាពរឹងមាំរហូតដល់ចុងឆ្នាំ ទោះបីហានិភ័យពីខាងក្រៅកំពុងតែវិវឌ្ឍយ៉ាងស្មុគស្មាញ ពិសេសសេដ្ឋកិច្ចពិភពលោកកំពុងមានការថមថយក្តី។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ផងដែរថា វិស័យកាត់ដេរដែលជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្តែង នៅក្នុងរយ:ពេល ០៦ ខែដើមឆ្នាំ២០១៦ នេះ តម្លៃនៃការនាំចេញរបស់វិស័យកាត់ដេរមានការកើនឡើង បើធៀបនឹងរយ:ពេល ០៦ខែដូចគ្នានៅក្នុងឆ្នាំ២០១៥ កន្លងទៅ ទោះបីបរិមាណនៃការនាំចេញមានការធ្លាក់ចុះបន្តិចក្តី។ ម្យ៉ាងវិញទៀត នៅក្នុងរយ:ពេល ០៦ ខែដើមឆ្នាំនេះដែរ ការនាំចូលវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរមានការកើនឡើងខ្លាំង ដែលជាការឆ្លុះបញ្ជាំងថា វិស័យកាត់ដេរនឹងនៅតែមានកំណើនល្អ នៅក្នុងរយ:ពេល ០៦ ខែចុងឆ្នាំ២០១៦នេះ និងនៅឆ្នាំ២០១៧។ នេះជាការប្រែប្រួលជារចនាសម្ព័ន្ធនៅក្នុងវិស័យកាត់ដែរ ដែលការផ្ទេរពីការផលិតនូវផលិតផលដែលមានតម្លៃទាបទៅការផលិតនូវផលិតផលដែលមានតម្លៃខ្ពស់ជាបណ្តើរៗ ដូចការគិតគូរពីដើមឆ្នាំដែរ។

ដោយឡែក វិស័យសំណង់ដែលជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរនោះ ក៏នៅមានកំណើនល្អ ទោះបីកំណើននេះមានការថមថយខ្លះនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភ្ជាប់ជាមួយនេះ ការលក់ខុនដូរ និងផ្ទះលំនៅដ្ឋានមានការធ្លាក់ចុះខ្លះ តែនេះជាការកែតម្រូវទីផ្សារ រវាងការផ្គត់ផ្គង់និងតម្រូវការ ដែលជាលទ្ធផលនឹងធ្វើឱ្យមានការចុះតម្លៃខនដូរនិងផ្ទះលំនៅដ្ឋាន។ ប្រការនះនឹងបង្កើតជាឱកាសសម្រាប់អ្នកដែលនៅមានលទ្ធភាពទិញ អាចធ្វើការទិញខនដូរនិងផ្ទះលំនៅដ្ឋានបាន ក្នុងតម្លៃថោកជាងមុន។ ទន្ទឹមនឹងនេះ យើងក៏ឃើញពីសក្តានុពលដ៏ធំធេងចំពោះតម្រូវការផ្ទះលំនៅដ្ឋានដែលមានតម្លៃទាប សម្រាប់អ្នកមានប្រាក់បៀវត្សចន្លោះពី ២៥០ ទៅ ៥០០ ដុល្លារអាមេរិក ជាពិសេសក្នុងចំណោមមន្រ្តីរាជការ និងនិយោជិតក្នុងវិស័យឯកជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាបាយអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃទាបនេះ ដើម្បជំរុញការអភិវឌ្ឍនិងបង្កើនការវិនិយោគក្នុងវិស័យនេះ ពិសេសដើម្បីជួយធ្វើឱ្យអ្នកដែលមានប្រាក់បៀវត្សចន្លោះពី ២៥០ ទៅ ៥០០ ដុល្លារអាមេរិក អាចទិញនិងធ្វើជាម្ចាស់លើលំនៅដ្ឋានដែលមានថ្ងៃទាបនេះ។ លំនៅដ្ឋានដែលមានថ្ងៃទាបនេះ ពិតជានឹងមានតម្រូវធំធេង នៅពេលរាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការយ៉ាងតិច ១ លានរៀល នៅឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ វិស័យកសិកម្មដែលធ្លាប់តែមានកំណើនថមថយរហូតនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចនឹងមានការងើបឡើងបន្តិច នៅក្នុងរយ:ពេលមធ្យមខាងមុខ ដោយកត្តាអាកាសធាតុអាចមានភាពល្អប្រសើរជាងមុន និងការអន្តរាគមន៍របស់រដ្ឋនៅក្នុងការរៀបចំកម្មវិធីដើម្បីធ្វើទំនើបកម្មក្នុងវិស័យនេះ ព្រមទាំងការបើកទីផ្សាររបស់ចិនក្នុងការទទួលយកនូវផលិតផលកសិកម្មរបស់កម្ពុជា។ កំណើនរបស់វិស័យកសិកម្មនេះ អាចនឹងជួយធ្វើការប៉ះប៉ូវដល់ការថមថយកំណើនក្នុងវិស័យទេសចរណ៍។ ក្នុងន័យ យើងមានចាំបាច់ក្នុងការធ្វើការកែតម្រូវគោលនយោយនិងយុទ្ធសាស្រ្តមួយចំនួនក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនការទាក់ទាញ និងលើកកម្ពស់គុណភាព និងតម្លៃបន្ថែមរបស់វិស័យនេះ ដើមបីឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចកម្ពុជា ទាំងនៅក្នុងរយ:ពេលធម្យម និងវែងខាងមុខ។

លោករដ្ឋលេខាធិការបានបន្តលើកឡើងថា បញ្ហាអចលនទ្រព្យ និងបញ្ហាកំណើនឥណទាននៅក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ នៅតែអាចបង្កឱ្យមានហានិភ័យមកលើសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែហានិភ័យក្នុងវិស័យអចលនទ្រព្យបានធ្លាក់ចុះ ដោយសារកំណើន និងតម្លៃនៃការលក់ខនដូរ និងផ្ទះសម្បែងមានការធ្លាក់ចុះ។ ដូច្នេះ ជារួមហានិភ័យក្នុងវិស័យអចលនទ្រព្យមិនមានបញ្ហាធំដុំនោះទេ ប្រសិនយើងមានការគ្រប់គ្រងត្រឹមត្រូវ។ ដោយឡែក ហានិភ័យនៃកំណើនឥណទានក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារការឱ្យខ្ចីមានការថមថយ តាមរយ:ការដាក់ចេញនូវវិធានការមួយចំនួនរបស់ធនាគារជាតិនៃកម្ពុជា។ ដូច្នេះ ជារួម សេដ្ឋកិច្ចកម្ពុជានៅមានកំណើនរឹងមាំ ក៏ប៉ុន្តែទាមទារឱ្យមានភាពម៉ត់ចត់ នៅក្នុងគ្រប់គ្រង និងត្រូវត្រៀមខ្លួនជាយថាហេតុក្នុងការទប់ទល់ជាមួយនឹងវិបត្តិនិងហានិភ័យពីខាងក្រៅឱ្យបានល្អ។ ទន្ទឹមនេះ កម្ពុជាក៏ត្រូវខិតខំឱ្យកាន់តែសកម្មជាងមុន ក្នុងការទាក់ទាញវិនិយោគ តាមរយ:ការកែលម្អបរិស្ថានវិនិយោគ ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស ក្នុងគោលដៅធានាចិរភាពនៃកំណើផង និងឱ្យមានការប្រែប្រួលជារចនាសម្ព័ន្ធសេដ្ឋកិច្ចផង តាមរយ:ការបង្កើនក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី ពីព្រោះកម្ពុជាមិនអាចនៅពឹងផ្អែកតែទៅលើកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចដែលស្រាប់ចំណាស់ជាង ២០ឆ្នាំ ទាំងស្រុងទៀតបានទេ។

ចំពោះវិស័យសារពើពន្ធវិញ រដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា ជារួម វិស័យសារពើពន្ធរបស់កម្ពុជាក៏មានភាពរឹងមាំផងដែរ ទាំងខាងផ្នែកចំណូល ទាំងខាងផ្នែកចំណាយ។ ចំពោះខាងផ្នែកចំណូលវិញ គឺយើងសម្រេចបាននូវកំណើនដ៏ខ្ពស់មិនធ្លាប់មាន ពិសេសនៅក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ ដោយសារសេដ្ឋកិច្ចមានកំណើនខ្ពស់ និងជាពិសេស គឺដោយសារការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលក្នុងប្រមូលចំណូល។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ កន្លងទៅ យើងសម្រេចបាននូវកំណើននៃចំណូលចរន្តសរុបរហូតទៅដល់ប្រមាណ ១៨% នៃ ផសស ធៀបទៅនឹងគោលដៅដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូលរយ:ពេលមធ្យម ២០១៤-២០១៨ ត្រឹមតែ ១៧,៣៥% នៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែយើងទាន់មិនស្កប់ស្កលជាមួយនឹងកំណើនចំណូលនេះទេ ពីព្រោះចំណូលនេះចាំបាច់ត្រូវមានការគិតគូរទៅដល់ទិដ្ឋភាពផ្សេងទៀត ដូចជាថា តើចំណូលនេះមានចិរភាពឬអត់? តើប្រព័ន្ធពន្ធបច្ចុប្បន្ននេះអាចទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់នូវយុត្តិធម៌សង្គមបានក្នុងកម្រិតណា?។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កន្លងមក ការខិតខំប្រឹងប្រែងនៅក្នុងការប្រមូលចំណូលពន្ធត្រូវជួបប្រទះនូវការលំបាកមួយចំនួនដោយជៀសពុំរួចផងដែរ ដោយសារក្របខ័ណ្ឌនីតិវិធីក្នុងការយកពន្ធនៅកន្លែងខ្លះនៅស្មុគស្មាញនៅឡើយ ហើយវប្បធម៌បង់ពន្ធ និងកម្រិតអនុលោមភាពក៏នៅមានកម្រិត។ លោកថា រាជរដ្ឋាភិបាលនឹងធ្វើការសិក្សារៀបចំប្រព័ន្ធពន្ធដារថ្មីនៅឆ្នាំ២០១៩ ដើម្បីឆ្លើយបតទៅនឹងបរិការណ៍ថ្មីនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងដើម្បីទ្រទ្រង់បរិការណ៍នៃការអភិវឌ្ឍថ្មីពីប្រទេសចំណូលទាបទៅប្រទេសចំណូលធម្យម ព្រមទាំងដើម្បីទ្រទ្រង់ដល់ការប្រកួតប្រជែង និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ចំពោះខាងផ្នែកចំណាយវិញ គ្រប់គ្រងបានល្អដែរ ដោយក្នុងនោះ យើងបានខិតខំបង្កើនការចំណាយ ដើម្បីឆ្លើយបតទៅនឹងតម្រូវរបស់ប្រទេសជាតិ ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាជន ក៏ដូចជា ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់រដ្ឋ។ ជាមួយគ្នានេះ នៅក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ យើងក៏បានខិតខំលើកកម្ពស់គុណភាពនៃការចំណាយផងដែរ ទាំងតាមរយ:ការលើកប្រសិទ្ធភាពនៃការវិភាជន៍ថវិកា នៅក្នុងពេលរៀបចំថវិកា ពិសេសពេលចរចាថវិកា និងទាំងតាមរយ:នៃការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការចំណាយ នៅក្នុងពេលអនុវត្តថវិកា។ ជាក់ស្តែង ថ្វីត្បិតយើងមានសម្ពាធខាងផ្នែកចំណាយបៀវត្សដោយសារការដំឡើងប្រាក់បៀវត្ស ដែលខ្ទប់ចំណាយមិនមែនបៀវត្សមិនឱ្យមានការកើនឡើង ឬកើនឡើងតិចតួចក្តី តែក្រសួងស្ថាប័នមួយចំនួននៅតែអាចសម្រេចនូវលទ្ធផល និងគោលដៅរបស់ខ្លួនដដែល ហើយការចាយវាយកាន់តែចំគោលដៅជាងមុន និងបានទៅដល់ដៃអ្នកអនុវត្តការងារផ្ទាល់ច្រើនជាងមុន។ ជាមួយគ្នានេះ ចំណាវិនិយោគសាធារណ:ក៏កាន់តែត្រូវបានធ្វើវិចារណកម្មនិងកាន់តែមានប្រសិទ្ធភាពជាងមុន ហើយក៏មានការកើនឡើងក្នុងមួយកម្រិតមួយដែលអាចជួយទ្រទ្រង់កំំណើនសេដ្ឋកិច្ចឱ្យសម្រេចបានក្នុងរង្វង់ ៧% ផងដែរ។ យើងក៏បានប្រកាន់ខ្ជាប់នូវវិន័យថវិកា ពិសេសការសម្រេចបាននូវអតិរេកសាច់ប្រាក់ ដើម្បីត្រៀមទប់ទល់វិបត្តិកលិយុគនិងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ដូច្នេះ ជាការសរុបរួម លោកបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំ ហើយមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អ មានអតិផរណាទាប អត្រាប្តូរប្រាក់មានស្ថេរភាព ទុនបម្រុងអន្តរជាតិក៏មានកំណើនល្អ ហើយសមតុល្យគណនីចរន្តក៏កាន់ភាពល្អប្រសើរឡើង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ និងត្រូវមានការរឹតខ្សែក្រវ៉ាត់ ដើម្បីទប់ទល់និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុ ទាំងពីខាងក្នុង និងទាំងពីខាងក្រៅប្រទេស៕

photo_2016-08-30_19-14-09

photo_2016-08-30_19-14-20

photo_2016-08-30_19-14-28

មតិយោបល់