ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ហុងកុង​កើនឡើង ១៩%​ក្នុង​រយៈពេល​៩​ខែ​ដំបូង​

​កម្ពុជា​(២៧/១១/២០១៣)៖​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​តំបន់​ពាណិជ្ជកម្ម​ពិសេស​ហុងកុង ត្រូវបាន​គេ​មើលឃើញថា កើនឡើង ១៩​ភាគរយ​នៅក្នុង​រយៈពេល ៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៣ នេះ​ត្រូវ​អរគុណ​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ភាគី​ដ៏​រឹងមាំ​រវាង​ចិន និង​កម្ពុជា​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Benjamin Chau នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​នៅក្នុង​ចន្លោះ​ខែ​មករា​ដល់​ខែ​កញ្ញា ឆ្នាំនេះ តម្លៃ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​ហុងកុង​មាន​ចំនួន ៧៦២​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើនឡើង ១៩​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​
​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា កម្ពុជា​បាន​នាំចេញ​ទៅ​កាន់​ទី​ហុងកុង​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៧៧​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ៥៦​ភាគរយ ខណៈ​ដែល​ហុងកុង​នាំ​ចេញ​មក​កម្ពុជា​មាន​ទឹក​ប្រាក់​ទំហំ ៦៨៥​លាន​ដុល្លារ​អាមេរិក កើនឡើង ១៦​ភាគរយ ហើយ​នៅ​ក្នុង​នោះ​ទំនិញ​ដែល​នាំចេញ​ភាគច្រើន​មាន​វត្ថុធាតុដើម សម្លៀក​បំពាក់​។​

“​ការពង្រីក ការអភិវឌ្ឍន៍ និង​ទីផ្សារ​របស់​កម្ពុជា​គឺ​ពិត​ជា​សំខាន់​ក្នុង​ការនាំ​ចេញ​ទៅ​កាន់​ហុងកុង​។ យើង​សូម​អរគុណ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​”​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Chau ថ្លែង​ឲ្យដឹង​។​

​លោក​បាន​បន្តទៀតថា ដើម្បី​ទាញ​យក​សក្ដានុពល​រវាង​ប្រទេស​ទាំង​ពីរ យើង​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ពង្រី​កការផ្សព្វផ្សា​យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​។​
​លោក​លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ប្រទេស​កម្ពុជា និង​ហុងកុង​នៅតែ​ជា​ចំណុច​ក្ដៅ ក្នុង​ការបង្កើន​ការទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឲ្យ​ហុងកុង​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​ហុងកុង​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​លំដាប់​ទី​៦​របស់​កម្ពុជា និង​ជា​ប្រភព​នៃ​ការ​នាំចូល​ធំ​លំដាប់​ទី​៥​។ បច្ចុប្បន្ន​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ចំនួន ៥៦ របស់​ហុងកុង​កំពុងតែ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ​ចំនួន ៣៥.០០០​នាក់​៕​
BenjaminChau_342366
លោក Benjamin Chau

មតិយោបល់