ខណៈពេលដែល កម្ពុជា ថៃ និងវៀតណាម បង្ហាញពីមហិច្ឆិតារបស់ខ្លួនចង់នាំចេញអង្កឲ្យបានច្រើនជាងនោះ មីយ៉ាន់ម៉ាដែលជាប្រទេសមួយធ្លាប់នាំចេញអង្ករបានច្រើនជាងគេ បានបង្ហាញថាខ្លួនមានគម្រោងនាំចេញអង្ករឲ្យបានទ្វេដង។
“ការនាំចេញអង្ករនឹងអាចកើនឡើងដល់ ២,៥លានតោននៅឆ្នាំ ២០១៤-២០១៥ ធៀបនឹងការព្យាករចំនួន ១,៨ លានតោននៅក្នុងរយៈពេល ១២ខែ គិតចាប់ពីថ្ងៃ ទី០១ខែមេសាក្នុងឆ្នាំ ២០១៣ នេះ”។ នេះជាសម្ដីរបស់លោក Toe Aung Myint អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មប្រចាំក្រសួង ពាណិជ្ជកម្ម មីយ៉ាន់ម៉ា។
លោកបានបន្ថែមទៀតថា មីយ៉ាន់ម៉ា ក៏បានកំណត់ទិសដៅបង្កើនការនាំចេញអង្កររហូតដល់ ៤,៨ លានតោននៅឆ្នាំ ២០១៩-២០២០។
លោក Mamadou Ciss ប្រធានក្រុមហ៊ុន Alliance Commodities (Suisse) SA ដែលនាំចេញអង្ករ ៤០ ម៉ឺនតោនក្នុងមួយឆ្នាំបានថ្លែងថា “ប្រទេស មីយ៉ាន់ម៉ា មានសមត្ថភាពផលិតអង្ករបានច្រើនជាងនេះ តែការដឹកជញ្ជូនរបស់ប្រទេសមួយនេះមិនអាចផ្តល់លទ្ធភាពឲ្យ ក្រុមហ៊ុននានានាំចេញអង្ករបានច្រើនទេ។ កំពង់ផែរបស់ប្រទេសនេះកកស្ទះខ្លាំង។ ដូច្នេះប្រទេស មីយ៉ាន់ម៉ា ចាំបាច់ត្រូវរៀបចំកំពង់ផែ និងលើកកម្ពស់គុណភាពដឹកជញ្ជូនរបស់ខ្លួនបន្ថែមទៀត”៕
មតិយោបល់