បារាំង៖តុលាការស៊ីវិលទីក្រុងប៉ារីសបានបង្គាប់បញ្ជាឲ្យក្រុមហ៊ុន Search Engines និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណែតធ្វើការ Block នូវគេហទំព័រចំនួន ១៦ដែលធ្វើការ Streaming វីដេអូ ល្មើសលើកម្មសិទ្ធិបញ្ញា ដែលបានធ្វើឡើងអស់រយៈពេល ២ឆ្នាំមកហើយ។
កាលពីឆ្នាំ ២០១១ ក្រុមហ៊ុនផលិតភាពយន្ត និងទូរទស្សន៍បានស្នើទៅកាន់តុលាការឲ្យធ្វើការហាមឃាត់នូវគេហទំព័រមួយចំនួនដូចជា allostreaming.com, allomovies.com និងគេហទំព័រផ្សេងមួយចំនួនទៀតដែលបានល្មើសលើកម្មសិទ្ធិបញ្ញា ដោយការហាមឃាត់នេះគឺចង់ឲ្យតុលាការបញ្ជាទៅលើក្រុមហ៊ុន Google និង Yahoo ដែលជាក្រុមហ៊ុន Search Engines បិទការស្វែងរកគេហទំព័រខាងលើ ហើយក៏ស្នើឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណែតដូចជា Orange និង Vivendi’s SFR ឲ្យ Block ការបើកគេហទំព័រទាំងនោះ។
ច្បាប់កម្មសិទ្ធិបញ្ញាគឺជាច្បាប់មួយដែលបណ្ដាប្រទេសនៅលើពិភពលោកកំពុងតែមានការព្រួយបារម្ភ ព្រោះថានៅពេលនេះ រដ្ឋាភិបាលនៃប្រទេសនីមួយកំពុងតែយកចិត្តទុកដាក់ ហើយរឹតបន្ដឹង ដោយអ្នកដែលល្មើសនឹងត្រូវទទួលទោសទៅតាមការកំណត់ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងវិញ ហាក់ដូចជានៅមិនទាន់លេចចេញជារូបរាងធំដុំនោះទេ ព្រោះថាគេសង្កេតឃើញគេហទំព័រមួយចំនួនបានលួចចម្លងបទចម្រៀង ភាពយន្ត និងវីដេអូផ្សេងៗយកទៅបង្ហោះនៅលើគេហទំព័ររបស់ខ្លួនដោយគ្មានខ្លាចក្រែងម្ចាស់ដើម៕
មតិយោបល់