ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងទទួលជួបពិភាក្សាការងារជាមួយ លោក Tran Dai Quang ប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព បន្ទាប់ពីបានជួបពីភាក្សាការងារជាមួយលោក Gerd Moller រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ កាលពីព្រឹកមិញរួចមក នៅរសៀលថ្ងៃពុធនេះរួចមក។
លោក Tran Dai Quang បន្ទាប់ពីបានឡើងធ្វើជាប្រធានរដ្ឋ កាលពីពេលថ្មីៗនេះមកគឺ លោក បានមកធ្វើទស្សនកិច្ចនៅប្រទេសឡា និងប្រទេស កម្ពុជា ដែលជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងដើម្បីបញ្ជាក់អំពីជំហរ និងគោលការណ៌មិនងាករេនៃទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោក បានឃើញកម្ពុជារីកចម្រើនទៅមុខជានិច្ចក្រោមការដឹកនាំរបស់ សម្តេចតេជោ។ លោក Tran Dai Quang ក៏បានអបអរសាទរ និងជូនពរកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗជាបន្តទៀត។
លោកTran Dai Quang ក៏បានជំរាប សម្តេចតេជោ ផងដែរអំពីមហាសន្និបាតលើកទី ១២ របស់គណបក្សកុម្មុយនីស្តវៀតណាម និងបានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកTran Dai Quang ក៏បានគោរពអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានទទួលយកនូវការអញ្ជើញរបស់ប្រធានរដ្ឋ។ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១២ របស់គណបក្សកុម្មុយនីសវៀតណាម ហើយសម្តេចបានស្នើឲ្យប្រធានរដ្ឋរូបនេះ បន្តជុំរុញកិច្ចពិភាក្សាលើបញ្ហាតភ្ជាប់ខាងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអោបានកាន់តែល្អ ព្រមទាំងរៀបចំនូវកម្មវិធីមួយចំនួនដើម្បីពង្រឹងមិត្តភាពនៃប្រទេសទាំងពីរដូចជាសកម្មភាពប្រតិ បត្តិការសង្គ្រោះបន្ទាន់នៅតាមព្រំដែន ការប្រកួតប្រជែងកីឡា និងការសម្តែងសិល្បៈមិត្តភាពនៃប្រទេសទាំងពីរជាដើម ដើម្បីឲ្យយុវជនមានឱកាសបានចូលរួម។ ក្នុងនោះសម្តេចតេជោ ក៏បានលើកអំពីការចែករំលែកនៃការប្រើប្រាស់ទឹកនៅតាមព្រំដែន និងកិច្ចសម្របសម្រួលនានា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានចេញចូលទៅព្យាបាលជំងឺនៅប្រទេសវៀតណាម តាមតម្លៃដូចប្រជាជន វៀតណាមដែរ។
លោកប្រធានរដ្ឋបានឯកភាពចំពោះការលើកឡើងរបស់សម្តេចតេជោ ហើយលោកនឹងខិតខំជុំរុញកិច្ចសហប្រតិបត្តិការនេះឲ្យបានទទួលជោគជ័យដែលនាំមកនូវផលប្រយោជន៌សម្រាប់ប្រជាជាតិទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋក៏បានធ្វើអំណោយថវិកាចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់អគារហ្វឹកហ្វឺនវិជ្ជាជីវៈនៅខេត្តព្រៃវែង។ នៅល្ងាចនេះ សម្តេច តេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ទទួល ប្រធានរដ្ឋវៀតណាម ដែលមានវត្តមានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជអធិបដ៏ខ្ពង់ខ្ពស់បំផុតផងដែរ៕
មតិយោបល់