ថៃ៖ ក្រុមពួកអាវក្រហម ជាអ្នកគាំទ្ររដ្ឋាភិបាលថៃបានសម្រេចចិត្តបោះបង់ការធ្វើបាតុកម្មធំមួយដែលគ្រោងទុកនឹងធ្វើឡើងនៅខេត្តនានាជិតទីក្រុងបាងកក ក្នុងដែនដីអយុធ្យា នាថ្ងៃទី១០ខែធ្នូ ឆ្នាំ ២០១៣។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពេលដែលអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃប្រកាសរំលាយសភា កាលពីព្រឹកថ្ងៃទី០៩ខែធ្នូ។
គណបក្សភឿថៃ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកស្រីយីងឡាក់បានសម្រេចចិត្តបែបក្នុងការរំលាយសភានេះគឺជារឿងត្រឹមត្រូវ ព្រោះដើម្បីជៀសវាងការបង្ករបួស និងការបាត់បង់ជីវិត ម្យ៉ាងទៀតដើម្បីសន្ដិសុខជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះក៏បានជំរុញផងដែរដល់គណបក្សប្រជាធិបតេយ្យ និងគណបក្សដទៃទៀតឲ្យរៀបចំខ្លួនក្នុងការបោះឆ្នោត ហើយបើតាមការរំពឹងទុកអាចនឹងត្រូវធ្វើឡើងនៅក្នុងដើមខែកុម្ភៈឆ្នាំ ២០១៤ ព្រោះអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានស្នើឲ្យមានការបោះឆ្នោតនៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំក្រោយ។
ការស្នើសុំនេះ នៅមិនទាន់មានការអនុម័តពីខាងគណៈកម្មាធិការបោះឆ្នោតនោះទេ ព្រោះគណៈកម្មាធិការមួយនេះកំពុងតែរង់ចាំការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុងការរំលាយសភា៕
មតិយោបល់