ភ្នំពេញ៖ ភាពរកាំរកូសរវាងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ និងក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ត្រូវបានបញ្ចប់ ក្រោយពេលដែលរដ្ឋាភិបាលបានសម្រេចតាមសំណើរបស់ ក្រសួងប្រៃសនីយ និងទូរសគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទគោរពតាមគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់។

ក្រោយពេលរដ្ឋាភិបាលបានចេញសេចក្ដីយល់ព្រមតាមការស្នើសុំខាងលើ នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១៣ ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ Sotelco, LTD ដែលត្រូវបានគេស្គាល់ឈ្មោះថា Beeline បានផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនថា “សេវាកម្មប្ដូរប្រាក់ត្រឡប់មកវិញ! អាចប្ដូរបានសម្រាប់ហៅចេញ ផ្ញើសារក្នុងប្រព័ន្ធ និងប្រើប្រាស់អ៊ីនធើណែត”។ នេះសបញ្ជាក់ឲ្យឃើញថា សេវាកម្មផ្សេងដែលធ្លាប់មានពីមុនអាចនឹងត្រឡប់មកដូចដើមវិញ។

ចំណែកអតិថិជនរបស់ Smart Axiata Co.,Ltd ហៅកាត់ថា Smart កុំទាន់អន់ចិត្ត ព្រោះថាប្រភពផ្ទៃក្នុងបានបង្ហើបប្រាប់ ដំណឹង ឲ្យដឹងថា សេវាកម្មប្ដូរប្រាក់របស់ Smart អាចនឹងវិលត្រឡប់មកវិញនៅសប្ដាហ៍ក្រោយ(អាចនៅថ្ងៃចន្ទដើមសប្ដាហ៍)។ នេះជាដំណឹងល្អមួយ សម្រាប់អ្នកដែលនិយមប្រើប្រាស់ Smart។
សម្រាប់បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទដទៃទៀតនោះ នៅមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ ដូច្នេះសូមរង់ចាំអានបន្ត យើងខ្ញុំនឹងផ្ដល់ជួនព័ត៌មានបន្ថែមទៀត នៅពេលទទួលបានព័ត៌មានថ្មី៕
មតិយោបល់