ភ្នំពេញៈ កាលពីយប់ថ្ងៃទី៣០ សីហា មុននេះ ផលិតកម្មមហាហង្សបានប្រារព្ធពិធីសម្ពោធដាក់បញ្ចាំងរឿង«៣០ថ្ងៃ»ដែលជាប្រភេទរឿងខ្មោច និងជារឿងកំប្លែងរបស់ខ្លួនយ៉ាងអធឹកអធមនៅរោងភាពយន្តទំនើបនៅផ្សារទំនើបទួលគោក។ ការដាក់បញ្ចាំងរឿងនេះត្រូវបានមហាជន និងតួសម្ដែងមានការលើកឡើងជាច្រើនដោយសារតែចំណងជើងរឿង និងថ្ងៃបើកសម្ពោធគឺត្រូវថ្ងៃគ្នា។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា លោកបានសម្រេចចិត្តជ្រើសយកថ្ងៃទី៣០ សីហា ធ្វើជាកាលបរិច្ឆេទក្នុងការកាត់ខ្សែបូដាក់បញ្ចាំងរឿង«៣០ថ្ងៃ» គឺដោយសារតែចង់ឲ្យថ្ងៃធ្វើពិធី និងចំណងជើងមានភាពស៊ីសង្វាក់គ្នា។ លោកថាមិនមែនជារឿងងាយទេដែលក្រុមការងារ និងតួសម្ដែងអាចទំនេរត្រូវគ្នាឲ្យត្រូវនឹងថ្ងៃទី៣០ សីហា ដោយសារតែផលិតកម្មមហាហង្ស និងតួសម្ដែងសំខាន់ៗនៅក្នុងរឿងនេះអាចចូលរួមបាន។ លោកថាអ្វីៗបានរៀបគម្រោងទុកអស់រយៈពេលយ៉ាងយូរទម្រាំងតែអាចលើកគ្នាមកធ្វើពិធីបើកសម្ពោធរឿង«៣០ថ្ងៃ» កាលពីថ្ងៃទី៣០ សីហា។
លោកថាបើកុំតែឆ្លៀតមិនបាន កុំអីតារាល្បីៗច្រើនជាងនេះទៅទៀត នឹងបានចូលរួមដើម្បីញាំងឲ្យពិធីសម្ពោធរឿងកាន់តែតែកងរំពង។ លោកថារឿង«៣០ថ្ងៃ» នឹងដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី៣១ សីហាតទៅ ដោយលោករំពឹងថានឹងទទួលបានការគាំទ្រមិនខុសពីរឿងខ្លាំងៗរបស់ផលិតដទៃទៀតទេ ដោយសារតែរឿងមួយនេះគឺពោរពេញដោយឈុតឆាកកំប្លែង ភ័យរន្ធត់ និងមានឈុតឆាកច្រើនដែលទាក់ទាញមហាជន។
នៅក្នុងពិធីសម្ពោធនេះ គេកត់សម្គាល់ថាមានវត្តមានតារាល្បីយ៉ាងច្រើនកុះករ ដូចជាអ្នកនាង សុខ សោម៉ាវត្តី អ្នកនាងចាន់ តារាទី លោកជា សុវណ្ណនរាហ៍ លោកBIG លោកជា សំណាង លោកអូន ឧស្សាហ៍ កញ្ញា ផាភួង លោកហេង ស៊ីមន លោកលឹម រដ្ឋា លោកដែន សក្កដា កញ្ញា រ៉េត បូរ៉ា ឬសុខ ពិសីកូពី កញ្ញាសៀវឡុងនី លោកលឹម ជាឡាយ លោកហម ឈរ៉ា និងតារាប្រុសស្រីយ៉ាងច្រើនកុះករ៕
https://youtu.be/zMOl7tYYq-g
មតិយោបល់