ភ្នំពេញៈ បុរសម្នាក់ ដែលបន្ទាប់ពីផឹកស៊ីរហូតដល់ស្រវឹងខ្លាំងពេក ហើយប្រហែលដឹងថាទប់ស្មារតីខ្លួនឯងមិនបានក៏ឈប់រថយន្តនៅកណ្តាលផ្លូវរួច ដេកក្នុងរថយន្តធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងជើងស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមរី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-1193 បានបើកធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ក្បែរស្ពានអាកាស៥មករា រថយន្តនេះក៏ឈប់នៅចិញ្ចើមផ្លូវ។ នៅប្រមាណជាងមួយម៉ោងក្រោយមក អ្នកធ្វើដំណើរប៉ុន្មាននាក់ បានជិះមកប្រាប់សមត្ថកិច្ចប្រចាំការស្ពានអាកាស៥មករា ឲ្យមកជួយមើលរថយន្តនេះផង ព្រោះមានមនុស្សមួយក្រុមចូលលួចរបស់របរអស់ហើយ។
ភ្លាមៗ សមត្ថកិច្ចក៏មកដល់ចំណុចនោះ បានត្រឹមតែឃើញរថយន្តបើកចំហរទ្វារចោល និងអីវ៉ាន់រញ៉េរញៃអស់ ហើយអ្នកបើករថយន្តស្រវឹងខ្លាំងដេកបែកពពុះមាត់លែងដឹងខ្លួនតែម្ដង។
សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុ ដោយរកឃើញក្នុងរថយន្តនោះ មានអាវសមត្ថកិច្ចពាក់ស័ក្ដិ៤ ឈ្មោះ ហយ ហ៊ុយ និងមានស្រោមកាំភ្លើងមួយ ហើយក្រៅវពីនោះសូម្បីតែទូរស្ទព័មួយក៏គ្មានផង។
ទោះជាយ៉ាងណា សមត្ថកិច្ចបានព្យាយាមស្រែកដាស់ដែរ ប៉ុន្តែបុរសនេះមិនបានភ្ញាក់ដឹងខ្លួនឡើយ ដូច្នេះសមត្ថកិច្ចក៏សម្រេចចិត្តហៅរថយន្តសាមុយ ដឹកយកទៅមន្ទីរពេទ្យសិន។ ចំណែករថយន្តវិញ សមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនក្រុមគ្រួសារមកទទួលទៅវិញ៕
មតិយោបល់